តុលាការ​កំពូល​មីយ៉ាន់ម៉ា​បដិសេធ​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នក​កាសែត Reuters

លោក Kyaw Soe Oo និង​លោក Wa Lone ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លាំង​ទៅ​ក្នុង​សវនការ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

តុលាការ​កំពូល​ប្រទេស​មីយ៉ាន់ម៉ា​បាន​បដិសេធ​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នកកាសែត Reuters ​ពីរនាក់​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ក្រោម​បទ​ចោទ​ថា​បាន​រំលោភ​ច្បាប់​សម្ងាត់​របស់​ប្រទេស។

លោក Wa Lone និង​លោក Kyaw Soe Oo បាន​ចុះ​ទៅ​យក​ព័ត៌មាន​អំពីយុទ្ធនាការ​ឃោរឃៅ​របស់​ពួកយោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​រដ្ឋ Rakhineដែល​បាន​បណ្តាល​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជិត៧សែននាក់​រត់ភៀស​ខ្លួន​ឆ្លងព្រំដែន​ទៅ​ប្រទេស​បង់ក្លាដែស​ដែល​ជា​ប្រទេស​ជិតខាង​កាល​ពី​ខែសីហា​ឆ្នាំ២០១៧។

ពួកគេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ខែធ្នូ​ឆ្នាំ២០១៧​ បន្ទាប់​ពី​ជួប​ជាមួយ​នឹង​មន្ត្រី​ប៉ូលិស​ពីរ​នាក់​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ និង​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ឯកសារ​មួយ​ចំនួន​ក្រោម​ការ​រៀបចំ​របស់​ប៉ូលិស។

អ្នក​កាសែត​ទាំងពីរ​នាក់​នេះ​បាន​ស៊ើបអង្កេត​អំពី​ការ​សម្លាប់​រង្គាល​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​១០នាក់​ដោយ​ពួក​ប៉ូលិស​ និង​ទាហាន​នៅក្នុង​ភូមិ Inn Din។ កាល​ពី​ខែកញ្ញា ឆ្នាំមុន​ពួកគេ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៧ឆ្នាំ។

តុលាការកំពូល​មិន​បាន​ផ្តល់​មូលហេតុ​លម្អិត​នៃ​ការ​បដិសេធ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នក​កាសែត​ទាំងពីរនាក់​នេះ​ទេ។ មេធាវី​របស់​អ្នក​កាសែត​ទាំងពីរ​បាន​និយាយ​ថា​ ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការរៀបចំ​របស់​ប៉ូលិស។

លោក Wa Lone និង​លោក Kyaw Soe Oo បាន​ទទួល​ពានរង្វាន់ Pulitzer Prize​ សម្រាប់​ការ​រាយការណ៍​អន្តរជាតិ​អំពី​ការ​សម្លាប់រង្គាល​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា៕