ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​មីយ៉ាម៉ា​អនុញ្ញាត​ឲ្យ​អ្នកកាសែត​ Reuters​ ដែល​ជាប់​ពន្ធនាគារ​អាច​ប្តឹង​ឧទ្ធរណ៍​បាន


អ្នក​កាសែត​ Reuters លោក​ Kyaw Soe Oo (ឆ្វេង) និង​លោក​ Wa Lone ពេល​ត្រូវ​បាននាំ​ចេញ​ពី​​តុលាការ​កាល​ពី​ខែ​កញ្ញា ក្នុង​ទីក្រុង​យ៉ាងហ្គូន (Yangon) ប្រទេស​មីយ៉ាន់ម៉ា។
អ្នក​កាសែត​ Reuters លោក​ Kyaw Soe Oo (ឆ្វេង) និង​លោក​ Wa Lone ពេល​ត្រូវ​បាននាំ​ចេញ​ពី​​តុលាការ​កាល​ពី​ខែ​កញ្ញា ក្នុង​ទីក្រុង​យ៉ាងហ្គូន (Yangon) ប្រទេស​មីយ៉ាន់ម៉ា។

ក្រុម​មេធាវី​ការពារក្តី​បាន​និយាយ​ថា​ តុលាការ​កំពូល​មីយ៉ាន់ម៉ា​បាន​ចេញ​សេចក្តី​សម្រេច​ថា ​អ្នកសារព័ត៌មាន​ Reuters​ ពីរ​រូប​ដែល​កំពុង​ជាប់​ពន្ធនាគារ​អាច​ប្តឹង​ឧទ្ធរណ៍​ចំពោះ​បទ​ចោទ​របស់​ពួក​គេ​ដែល​ត្រូវ​បាន​ចោទ​ថា​បាន​រំលោភ​ច្បាប់​របស់​ប្រទេស​ដែល​ហាម​ឃាត់​មិន​ឲ្យ​ប្រគល់​ឯកសារ​សម្ងាត់​ជួយ​ដល់​សត្រូវ។

បណ្តឹង​ឧទ្ធរណ៍​នេះ​បាន​លើក​ឡើង​ថា ​ប៉ូលិស​បាន​បោក​បញ្ឆោត​អ្នកកាសែត​ទាំងពីរ​នាក់​នេះ​ និង​គ្មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ចោទ​ប្រកាន់​ថា​ជា​បទ​ឧក្រិដ្ឋ។

លោក ​U Min Lwin Oo​ អ្នក​ប្រឹក្សា​ច្បាប់​នៃ​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​នៅ​តំបន់​អាស៊ី​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស​បាន​និ​យាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA​ ភាសា​ភូមា​ថា ​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ​នឹង​ចូល​រួម​សវនាការ​ផ្សេង​ទៀត​ដែល​ចៅក្រម​នឹង​ត្រូវ​សម្រេច​ថា​នឹង​ដោះ​លែង​ពួក​គេ​ ឬ​បន្ធូរ​បន្ថយ​ទោស​របស់​ពួក​គេ​ ដែល​ទំនង​ជា​នឹង​បង្ក​ឲ្យ​មាន​ការប្តឹង​ឧទ្ធរណ៍​ផ្សេង​ទៀត។

លោក ​Khun Ring Pan​ មេធាវី​ការពារក្តី​បាន​ថ្លែង​ថា៖ «យើង​សង្ឃឹម​ថា​តុលាការ​កំពូលនៅ​ចុង​បញ្ចប់​នឹង​ផ្តល់​យុត្តិធម៌​ដល់​លោក ​Wa Lone​ និង​លោក​ Kyaw Soe Oo​ និង​ប្រកាស​ថា​អ្នក​ទាំង​ពីរ​គឺ​ជា​ជន​ស្លូត​ត្រង់»។

អ្នក​កាសែត​ទាំង​ពីរ​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​កាល​ពី​ខែ​កញ្ញា​ ដែល​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ចោទ​សួរ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​វិវត្ត​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ និង​ការត្អូញ​ត្អែរ​នានា​ពី​ក្រុម​ប្រឆាំង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស

អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​អំពី​ការ​សម្លាប់​បុរស​និង​ក្មេង​ប្រុសរ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​១០​នាក់​ដោយ​កង​កម្លាំង​សន្តិសុខ​ និង​ពួក​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​នៅ​ភាគ​ខាង​លិច​រដ្ឋ​ Rakhine ​ហើយ​បន្ទាប់​មកត្រូវ​បាន​ចាប់​ខ្លួន៕

XS
SM
MD
LG