ប្រទេសមីយ៉ាន់ម៉ា ឬភូមាកាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែតុលា បានចុះកិច្ចព្រមព្រៀងផ្អាកការបាញ់គ្នាជាមួយក្រុមប្រដាប់អាវុធចំនួន៨ ប៉ុន្តែក្រុមឧទ្ទាមសំខាន់ដទៃទៀតដែលប្រយុទ្ធជាមួយរដ្ឋាភិបាល បានធ្វើការបដិសេធក្នុងការចុះកិច្ចព្រមព្រៀងនេះ។
នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនៅរដ្ឋធានី ណៃពិដោ នៃប្រទេស មីយ៉ាន់ម៉ា ឬភូមាលោកប្រធានាធិបតី Thein Sein បានប្រកាសថា កិច្ចព្រមព្រៀងជាតិក្នុងការផ្អាកការបាញ់គ្នា គឺជាអំណោយប្រវត្តិសាស្រ្តសម្រាប់អ្នកជំនាន់ក្រោយ។
លោក Thein Sein បានថ្លែងថា៖ «ទាហានរាប់ម៉ឺននាក់របស់ភាគីទាំងសងខាងបានបាត់បង់ជីវិតនៅក្នុងជម្លោះ។ មនុស្សរាប់សែននាក់ដែលរស់នៅក្នុងតំបន់ជម្លោះនោះ បានរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដោយសារតែការប្រយុទ្ធគ្នា»។
ដោយទទួលស្គាល់ថា ក្រុមទាហានជនជាតិភាគតិច Kachin និង Wa រាប់ម៉ឺននាក់នៅតែប្តេជ្ញាក្នុងការប្រយុទ្ធ លោកប្រធានាធិបតីបានសន្យាថានឹងព្យាយាមឲ្យកាន់តែខ្លាំងជាងនេះ ដើម្បីទទួលបានកិច្ចព្រមព្រៀងពីក្រុមដទៃបន្ថែមទៀត។
ប្រមាណជា ៤០ភាគរយនៃប្រជាជនមីយ៉ាន់ម៉ា ដែលត្រូវបានស្គាល់ថា ភូមានោះ គឺជាសមាជិកនៃក្រុមជនជាតិភាគតិច ដែលភាគច្រើននៃអ្នកទាំងនោះបានធ្វើការទាមទារជាយូរណាស់មកហើយ ដើម្បីឲ្យមានការគ្រប់គ្រងទៅលើធនធានធម្មជាតិនៅក្នុងទឹកដីរបស់ពួកគេ។
នៅក្នុងពិធីនោះ ប្រធានសហភាពជាតិ Karen លោក Saw Mutu Say Poe បានផ្តល់ជាដំបូន្មានខ្លះៗដល់យោធាដ៏មានអំណាចរបស់មីយ៉ាន់ម៉ា។
លោក SAW MUTU បានស្នើឲ្យក្រុមយោធាប្រើប្រាស់ កិច្ចសន្ទនាជាជាងការប្រើកម្លាំង ដើម្បីបញ្ចុះបញ្ចូលក្រុមដទៃទៀតឲ្យទម្លាក់អាវុធ។
សហភាពជាតិ Karen គឺជាហត្ថលេខីដ៏សំខាន់បំផុតហើយបានប្រយុទ្ធប្រឆាំងជាមួយក្រុមយោធាអស់រយៈពេល៦០ឆ្នាំ។
ក្រោមលក្ខខណ្ឌនៃការផ្អាកការបាញ់គ្នាដែលមិនតម្រូវឲ្យមានការដកអាវុធ គឺកិច្ចសន្ទនានយោបាយនឹងត្រូវចាប់ផ្តើមឡើងក្នុងរយៈពេល ៩០ថ្ងៃ រាប់ចាប់តាំងពីថ្ងៃទី ១៥ ខែតុលានេះតទៅ។
ការចរចាបានចំណាយពេលអស់រយៈពេល២ឆ្នាំ ដើម្បីទទួលបានកិច្ចព្រមព្រៀងពីក្រុមឧទ្ទាមទាំង៨។ អ្នកដែលបានចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងគឺភាគច្រើនបានប្រមូលផ្តុំគ្នានៅព្រំដែនប្រទេសមីយ៉ាន់ម៉ាជាមួយប្រទេសថៃ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា