ប្រទេសភូមាបានប្រកាសថា ការបោះឆ្នោតជាតិដែលគេរង់ចាំយូរហើយនៅក្នុងប្រទេសនេះនឹងធ្វើឡើងនៅថ្ងៃទី៨ខែវិច្ចិកា។ កាលកំណត់នេះត្រូវបានបញ្ជាក់នៅថ្ងៃពុធនេះ ដោយលោក U Thaung Hlaing ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរួម (Union Election Commission) នេះបើយោងតាមសេចក្តីរាយការណ៍របស់វីអូអេផ្នែកភាសាភូមា។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ National League for Democracy ដឹកនាំដោយលោកស្រី Aung San Suu Kyi ត្រូវគេរំពឹងថា នឹងបន្តមានការគាំទ្រខ្លាំងក្លានៅក្នុងការបោះឆ្នោតនេះ។
ប៉ុន្តែលោកស្រី Aung San Suu Kyi មិនអាចឈរឈ្មោះជាបេក្ខនារីប្រធានាធិបតីបានទេ ក្រោយពីសភាដែលមានសំឡេងកងទ័ពជាច្រើនបានបដិសេធមិនធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញកាលពីខែមុននោះ។ តាមច្បាប់បច្ចុប្បន្ន កងទ័ពភូមាមានសំឡេងនៅក្នុងសភា២៥%ដែលជាសំឡេងគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការកែប្រែរដ្ឋធម្មនុញ្ញ។ លោកស្រី Aung San Suu Kyi មិនអាចឈរឈ្មោះជាបេក្ខនារីបានដោយសារលោកស្រីមានកូនជាជនជាតិអង់គ្លេស ដែលរដ្ឋធម្មនុញ្ញហាមប្រាម៕