សរសេរសម្រួលដោយ កង ស៊ីវន
រ៉ង់ហ្គូន៖ កាលពីថ្ងៃពុធអង្គការសហប្រជាជាតិបានប្រកាសផែនការដែលត្រូវបានពិនិត្យឡើងវិញសម្រាប់ដោះស្រាយវិបត្ដិមនុស្សធ៌មនៅក្នុងរដ្ឋរ៉ាក់ហ៊ីន(Rakhine) ដែលស្ថិតនៅភាគខាងលិចនៃប្រទេសភូមា ក្រោយពីប្រធានាធិបតីភូមាបានសន្យាកាលពីអាទិត្យកន្លងមកថានឹងចាត់វិធានការជំនួសជនរងគ្រោះនៃជម្លោះជាតិពន្ធសាសនានៅតំបន់នោះ។
អង្គការសហប្រជាជាតិប្រកាសបង្កើនប្រាក់ជំនួយសម្រាប់ជួយដល់រដ្ឋរ៉ាក់ហ៊ីន ក្រោយពីមានអំពើឃោរឃៅកើតឡើងជាថ្មីនៅរដ្ឋនោះកាលពីខែមុន រវាងពុទ្ធបរិស័ទរ៉ាក់ហ៊ីន និងអ៊ីស្លាមបរិស័ទរ៉ូហ៊ីងយ៉ា។ ផែនការថ្មីត្រូវការប្រាក់៦៧,៦លានដុល្លារដើម្បីផ្ដល់ជំនួយចាំបាច់សម្រាប់មួយឆ្នាំទៅឲ្យមនុស្ស១១៥.០០០នាក់ដែលគ្មានលំនៅឋានដោយសារការប្រយុទ្ធគ្នានោះ។ អង្គការសហប្រជាជាតិឲ្យដឹងថា ខ្លួនបានទទួលប្រាក់តែ២៧លានដុល្លារប៉ុណ្ណោះរហូតមកដល់ពេលនេះ។
មកទល់ពេលនេះ រដ្ឋាភិបាលដឹកនាំការឆ្លើយតបតនឹងសេចក្ដីត្រូវការផ្នែកមនុស្សធ៌ម។ លោក ថេន ហ្តាយ (Thein Htay) រដ្ឋមន្ដ្រីកិច្ចការព្រំដែនទទួលខុសត្រូវផ្នែកសន្ដិសុខនៅរដ្ឋរ៉ាក់ហ៊ីន បានប្រកាសផែនការនៅទីក្រុងរ៉ង់ហ្គូន កាលពីថ្ងៃពុធ។ លោកនិយាយថា កងកម្លាំងសន្ដិសុខបានខិតខំប្រឹងប្រែងពង្រឹងច្បាប់។
«យើងក៏មានអង្គភាពខ្លះសម្រាប់ធ្វើការស៊ើបអង្កេតពិសេសដើម្បីរកឲ្យឃើញភាគីដែលញុះញង់ ដែលបន្តធ្វើឲ្យមានអំពើឃោរឃៅ។ ក្នុងពេលជាមួយគ្នានោះ លោកអ្នកមានសកម្មភាពស្វែងរក និងរឹបអូសអាវុធ»។
អំពើឃោរឃៅរវាងពុទ្ធបរិស័ទ និងអ៊ីស្លាមបរិស័ទនៅរដ្ឋរ៉ាក់ហ៊ីន បានកើតមានលើកទី១កាលពីខែមិថុនាដែលនាំឲ្យអាជ្ញាធរប្រកាសភាពអាសន្ន។ ការរំជើបរំជួលនេះបានបណ្ដាលឲ្យមនុស្សយ៉ាងតិច១៧០នាក់ស្លាប់។
មនុស្សដែលគ្មានលំនៅឋានច្រើនជាងគេគឺជនជាតិរ៉ូហ៊ីងយ៉ា ដែលជាអ៊ីស្លាមបរិស័ទគ្មានរដ្ឋ និងត្រូវបានចាត់ទុកថាជាមនុស្សត្រូវបានគេធ្វើទុក្ខបុកម្នេញជាងគេក្នុងពិភពលោក។ ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់បានរត់ចេញពីភូមាតាមនាវា ដោយគ្មានទិសដៅពិតប្រាកដ។
អង្គការមនុស្សធម៌ដូចជាវេជ្ជបណ្ឌិតគ្មានព្រំដែនត្រូវបិទប្រតិបត្ដិការរបស់ខ្លួននៅក្នុងតំបន់ទទួលរងដោយសារតែបារម្ភអំពីសុវត្ដិភាពរបស់បុគ្គលិករបស់គេ។ លោក អាសុក នីហ្កាម (Ashok Nigam) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះបានអញ្ជើញទៅមើលរដ្ឋរ៉ាក់ហ៊ីន ដើម្បីវាយតម្លៃសេចក្ដីត្រូវការជាបន្ទាន់ ហើយបានបញ្ជាក់ថា រហូតមកទល់ពេលនេះ អង្គការសហប្រជាជាតិមិនប្រកាន់បក្ខពួកទេក្នុងការដោះស្រាយសេចក្ដីត្រូវការរបស់ជនរងគ្រោះពីការប៉ះទង្គិចនេះ៕