ប្រទេសមីយ៉ាន់ម៉ានឹងមិនចូលរួមនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន នៅសប្តាហ៍នេះនៅក្នុងប្រទេសកម្ពុជាឡើយ ដោយបានច្រានចោលការអញ្ជើញតំណាងមិនមែននយោបាយជំនួសឲ្យរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទម្សិលមិញ ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AP។
កម្ពុជាដែលបច្ចុប្បន្ននេះជាប្រធានប្តូរវេននៃសមាគមអាស៊ាន បានបញ្ជាក់នៅដើមខែនេះថា សមាជិករបស់ក្រុមប្រទេសអាស៊ានមិនបានឈោងដល់ការមូលមតិគ្នាស្តីពីការអញ្ជើញរដ្ឋ មន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក Wunna Maung Lwinឲ្យចូលរួមនៅក្នុងកិច្ចជំនួបរបស់ខ្លួន ដែលនឹងធ្វើចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រនៅក្នុងរាជធានីភ្នំពេញនោះឡើយ។
លោក Wunna Maung Lwin ត្រូវ បានតែងតាំងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បន្ទាប់ពីពួកយោធាបានដណ្តើមអំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំទៅដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi។
ការសម្រេចចិត្តដើម្បីរឹតត្បិតដល់ការចូលរួមរបស់មីយ៉ាន់ម៉ា បានឆ្លុះបញ្ចាំងពីការខ្វែងគំនិតគ្នាអំពីការខ្វះកិច្ចសហប្រតិបត្តិការរបស់មីយ៉ាន់ម៉ានៅក្នុងការអនុវត្តវិធានការនានាដែលបានព្រមព្រៀងគ្នាដោយក្រុមប្រទេសដែលមានប្រទេស១០ជាសមាជិកកាលពីឆ្នាំទៅដើម្បីជួយបន្ធូរបន្ថយវិបត្តិនយោបាយហិង្សានៅក្នុងប្រទេសនេះ បន្ទាប់ពីការរឹបអូសយកអំណាចដោយពួកយោធាមក។
ឧត្តមសេនីយ៍ជាន់ខ្ពស់ លោក Min Aung Hlaing មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនត្រូវបានគេអញ្ជើញឲ្យចូលរួមជំនួបតាមអនឡាញរបស់មេដឹកនាំអាស៊ានទេកាលពីខែតុលាឆ្នាំទៅ ពីព្រោះតែមានការខ្វែងគំនិតគ្នា។ ការស្តីបន្ទោសនេះ បានកើតមានឡើងភ្លាមៗបន្ទាប់ពីមីយ៉ាន់ម៉ាបានបដិសេធមិនអនុញ្ញាតឲ្យបេសកជនពិសេសរបស់អាស៊ានជួបជាមួយលោកស្រី Aung San Suu Kyi ដែលបានស្ថិតនៅក្នុងការឃុំឃាំងចាប់តាំងពីពួកយោធាដណ្តើមយកអំណាចមក។
ប្រទេសប៊្រុយណេ បានធ្វើជាប្រធានអាស៊ាននៅពេលដែលខ្លួនធ្វើព្រងើយកន្តើយដាក់លោក Min Aung Hlaing ក៏ប៉ុន្តែ នៅក្រោមប្រព័ន្ធប្តូរវេនប្រចាំឆ្នាំរបស់អាស៊ាន កម្ពុជាឥឡូវនេះជាប្រធានរបស់អាស៊ាន។ នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន បាននិយាយថា លោកជឿថា វាជាការសំខាន់ដែលមីយ៉ាន់ម៉ាចូលរួមជំនួបកំពូលលើកក្រោយ។ លោក ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីខែមករា ដែលបានក្លាយជាមេដឹកនាំបរទេសលើកដំបូងគេទៅបំពេញទស្សនកិច្ចមីយ៉ាន់ម៉ាចាប់តាំងពីពួកយោធារឹបអូសអំណាចមក។ លោក បានប្រកាសម្តងហើយម្តងទៀតពីការយកចិត្តទុកដាក់របស់លោកនៅក្នុងការដោះស្រាយភាពទាល់ច្រករវាងអាស៊ាន និងប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសជប៉ុន បានជួបជាមួយកូនប្រុសរបស់លោក ហ៊ុន សែន នៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃចន្ទ ហើយបានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំកងទ័ពកម្ពុជា ហើយនឹងអាចជាអ្នកស្នងតំណែងរបស់លោក ហ៊ុន សែន ផងដែរនោះ បានអមដំណើរឪពុករបស់លោកក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ជប៉ុនបានប្រកាន់យកខ្សែបន្ទាត់នយោបាយទន់ភ្លន់ជាងបណ្តាប្រទេសលោកខាងលិច ទៅលើពួកយោធាមីយ៉ាន់ម៉ា ដែលបានដាក់ទណ្ឌកម្មលើពួកឧត្តមសេនីយ៍យោធាមួយចំនួន។ ក៏ប៉ុន្តែជំហររបស់ជប៉ុនមានភាពច្របូកច្របល់។ ក្រុមហ៊ុនផលិតភេសជ្ជ:ជប៉ុនឈ្មោះ Kiri Holding បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានសម្រេចដកខ្លួនចេញពីការរកស៊ីរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយបានបញ្ចប់ការរកស៊ីរួមគ្នារបស់ខ្លួនជាមួយដៃគូដែលជាប់ទាក់ទិននឹងពួកយោធាមីយ៉ាន់ម៉ា។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បាននិយាយថា ការបរាជ័យមិនបានឈោងដល់ការមូលមតិគ្នាអំពីការអញ្ជើញមីយ៉ាន់ម៉ាឲ្យចូលរួមជំនួបរដ្ឋមន្ត្រីការបរទេសនៅសប្តាហ៍នេះ មកពី«មានការជឿនលឿនតិចតួចនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចដែលបានព្រមព្រៀងគ្នាដោយសមាជិកទាំងអស់របស់អាស៊ានដែលរួមទាំងមីយ៉ាន់ម៉ាខ្លួនឯងផងដែរ៕
ទីក្រុងបាងកក ប្រទេសថៃ —