មេដឹកនាំស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ាដែលត្រូវរបបយោធាទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាគឺអ្នកស្រី Aung San Suu Kyi មិនធ្វើអត្ថាធិប្បាយលើការប្រកាសឲ្យមានសង្គ្រាមមួយប្រឆាំងនឹងរបបសឹកយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលស្រមោលដែលមានអ្នកចូលរួមភាគច្រើនជាសមាជិកសភានៃគណបក្សរបស់អ្នកស្រី។ នេះបើតាមការគូសបញ្ជាក់កាលពីថ្ងៃចន្ទដោយមេធាវីរបស់អ្នកស្រីហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP នោះ។
មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី Suu Kyi កាលពីដើមខែកុម្ភៈកន្លងទៅដែលបណ្តាលឲ្យមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងនិងធ្វើឲ្យក្រុមយោធាធ្វើការបង្ក្រាបដោយបង្ហូរឈាមទៅលើក្រុមអ្នកប្រឆាំងតវ៉ាទាំងនោះ។
ក្រុមសមាជិកសភានៃគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងចំនួនភាគច្រើនបាននាំគ្នាបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយដើម្បីតស៊ូផ្តួលរំលំរបបយោធានិងបានប្រកាសសង្គ្រាមវាយប្រហាររបស់ប្រជាពលរដ្ឋកាលពីដើមខែកញ្ញានេះដោយជំរុញឲ្យពលរដ្ឋមីយ៉ាន់ម៉ាធ្វើការវាយប្រហារទៅលើទ្រព្យសម្បត្តិរបស់ក្រុមយោធា។
ក្រោយការប្រកាសមក ការប៉ះទង្គិចគ្នារវាងកងកម្លាំងការពារប្រជាពលរដ្ឋនិងកងកម្លាំងនៃរបបយោធាបានកើនឡើងជាលំដាប់ហើយប៉មទំនាក់ទំនងដែលប្រើប្រាស់ដោយកងកម្លាំងយោធាជាច្រើនកន្លែងត្រូវបានទទួលរងការវាយប្រហារ។ នេះបើតាមការលើកឡើងរបស់ក្រុមដែលប្រឆាំងនឹងរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ានោះ។
ដោយឡែកអ្នកស្រី Suu Kyi មិនបានធ្វើអត្ថាធិប្បាយណាមួយជុំវិញរឿងនេះទេនៅពេលមេធាវីការពារអ្នកស្រីសួរលោកស្រីអំពីរឿងនេះ។ នេះបើតាមការបញ្ជាក់របស់លោក Khin Maung Zaw មេធាវីការពារលោកស្រី។ មេធាវីរូបនេះបានបន្តថា អ្នកស្រី Suu Kyi អាចនិយាយរឿងនេះបាន ក្រោយការពិភាក្សាជាមួយថ្នាក់ដឹកនាំដទៃទៀតនៅក្នុងគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី។
មេធាវីរូបនេះបន្ថែមថា៖ «អ្នកស្រី Suu Kyi មិនដែលប្រឆាំងនឹងបំណងប្រាថ្នារបស់ពលរដ្ឋមីយ៉ាន់ម៉ានោះឡើយ»៕