កសិករមីយ៉ាន់ម៉ាកំពុងសម្រុកងាកទៅរកការដាំដំណាំអាភៀនឡើងវិញ នៅចំពេលដែលមានការកើនឡើងនូវតម្លៃដំណាំដែលគេហាមឃាត់នេះនិងការធ្លាក់ចុះសេដ្ឋកិច្ចដែលធ្វើឱ្យបាត់បង់ការងារ ក្រោយពីការដាំដុះដំណាំនេះបានធ្លាក់ចុះអស់រយៈពេលជិតមួយទសវត្សរ៍មក។ នេះបើយោងតាមទិន្នន័យថ្មីចុងក្រោយបង្អស់របស់អង្គការសហប្រជាជាតិ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀននិងបទឧក្រិដ្ឋ (UNODC) បានបញ្ជាក់នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ទិន្នផលដំណាំអាភៀននៅមីយ៉ាន់ម៉ានេះមានទំហំច្រើនបំផុតមិនធ្លាប់មានពីមុនមក ចាប់តាំងពីពេលដែលការិយាល័យនេះបានចាប់ផ្ដើមតាមដានដំណាំអាភៀននៅមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០០២ មក។
ទិន្នផលខ្ពស់បំផុតនេះគឺបណ្ដាលមកពីការវិនិយោគថ្មីពីក្រុមប្រដាប់អាវុធដែលទិញផលដំណាំអាភៀននេះនិងជួញដូរគ្រឿនញៀនហេរ៉ូអ៊ីន ដែលជាផលិតផលសម្រេចដែលផលិតពីដំណាំនេះ ចេញទៅក្រៅប្រទេស។
ក្រៅពីការផ្គត់ផ្គង់គ្រឿនញៀនមេតំហ្វេតាមីនភាគច្រើននៅក្នុងតំបន់ ប្រទេសមីយ៉ាន់ម៉ាគឺជាប្រទេសផលិតដំណាំអាភៀនច្រើនជាងគេបំផុតទីពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថាន និងជាប្រភពចម្បងបំផុតនៃដំណាំនេះសម្រាប់ប្រទេសភាគច្រើននៅតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍។
បើយោងតាមរបាយការណ៍របស់អង្គការ UNODC នេះដែលមានចំណងជើងថា «ការពិនិត្យមើលដំណាំអាភៀននៅមីយ៉ាន់ម៉ាឆ្នាំ ២០២២ (Myanmar Opium Survey 2022)» កសិករមីយ៉ាន់ម៉ាបានដាំដំណាំអាភៀនលើផ្ទៃដីប្រមាណ ៤០.១០០ ហិចតាកាលពីឆ្នាំ ២០២២ ដែលជាការកើនឡើងចំនួន ៣៣% បើប្រៀបនឹងឆ្នាំ ២០២១។
របាយការណ៍នេះក៏បានលើកឡើងផងដែរអំពីផ្ទៃដីភាគច្រើនដែលដាំដំណាំអាភៀននៅមីយ៉ាន់ម៉ាតាំងពីឆ្នាំ ២០១៣ មក ដែលនៅពេលនោះដំណាំអាភៀនមានច្រើនបំផុតដោយដាំលើផ្ទៃដីចំនួន ៥៧.៦០០ ហិចតា។ ការដាំដំណាំនេះបានធ្លាក់ចុះរហូតដល់ក្រោម ៣០.០០០ ហិចតាកាលពីឆ្នាំ ២០២០។
អ្នកតំណាងអង្គការ UNODC សម្រាប់តំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកលោក Jeremy Douglas បានអះអាងថា ភាគច្រើននៃការកើនឡើងដំណាំអាភៀននៅមីយ៉ាន់ម៉ានេះគឺដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចតាំងពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីខែកុម្ភៈឆ្នាំ ២០២១ មក។ ការបង្ក្រាបដ៏បង្ហូរឈាមរបស់យោធាមីយ៉ាន់ម៉ាលើក្រុមប្រឆាំងបានបណ្ដាលឱ្យមានការដាក់ទណ្ឌកម្មជាច្រើនដងពីក្រុមបស្ចិមប្រទេសនិងធ្វើឱ្យវិនិយោគិនបរទេសជាច្រើនរត់ចេញពីប្រទេស។
ធនាគារពិភពលោកបានបញ្ជាក់ថា សេដ្ឋកិច្ចមីយ៉ាន់ម៉ាបានធ្លាក់ចុះ ១៨% នៅក្នុងឆ្នាំ ២០២១ ហើយភាពក្រីក្របានកើនឡើងទ្វេដងតាំងពីឆ្នាំ ២០២០ មក ដោយធ្វើឱ្យប្រជាជន ៤០% ស្ថិតក្រោមបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ។ ការស្ទង់មតិផ្ទាល់ខ្លួនរបស់ធនាគារពិភពលោកនេះបានរកឃើញថា មនុស្សជាច្រើនបានចាកចេញពីទីក្រុងទៅរករបរតាមកសិដ្ឋានដោយសារតែគ្មានការងារធ្វើ៕
ភ្នំពេញ —