មេដឹកនាំ​មីយ៉ាន់ម៉ា​ថា ការ​ដោះស្រាយ​បញ្ហារ៉ូហ៊ីងយ៉ា គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ប្រសើរ​ជាង​នេះ

រូបឯកសារ៖ មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី Aung San Suu Kyi  ចូលរួម​វេទិកាសេដ្ឋកិច្ចពិភពលោក​នៅក្រុងហាណូយ កាល​ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។ 

មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី Aung San Suu Kyi បាន​និយាយ​ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​គួរតែ​បាន​ដោះស្រាយ​ស្ថានការណ៍​នៃ​ជាតិ​សាសន៍រ៉ូហ៊ីងយ៉ាផ្ទុយ​ពី​នេះ។

ម្ចាស់​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​រូប​នេះ ត្រូវ​បាន​គេ​សួរ​អំពី​វិបត្តិ​នេះ​នៅ​ក្នុង​អំឡុង​ពេល​ពិភាក្សា​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កេរ្តិ៍​ឈ្មោះ​របស់​លោកស្រី Aung San Suu Kyi ក្នុង​នាម​ជា​និមិត្តរូប​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដែល​លោកស្រី​ទទួល​បាន​នៅ​ក្នុង​អំឡុង​ពេល​លោកស្រី​ជាប់​ឃុំ​ក្នុង​របប​យោធា​មីយ៉ាន់ម៉ា​កាល​ពី​អតីតកាល ត្រូវ​បាន​បំផ្លាញ​ចោល​ដោយសារតែ​លោកស្រី​មិន​បាន​និយាយ​ប្រឆាំង​នឹង​យុទ្ធនាការ​ឃោរឃៅ​របស់​ពួក​យោធា​នៅ​ក្នុង​រដ្ឋ Rakhine ដែល​បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍ Rohingya ជិត ៧ សែន​នាក់​គេច​ខ្លួន​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​បង់ក្លាដេស​តាំង​ពី​ខែ​សីហា ឆ្នាំ​មុន​មក។

លោកស្រី Aung San Suu Kyi បាន​ប្រាប់​ទស្សនិកជន​នៅ​ក្នុង​ទីក្រុង​ហាណូយ​ថា ក្រោយ​ពី​វិបត្តិ Rohingya បាន​កើត​ឡើង លោកស្រី​គិត​ថា ស្ថានការណ៍​នេះ​គួរតែ​ត្រូវ​បាន​ដោះស្រាយ​ប្រសើរ​ជាង​នេះ។ ប៉ុន្តែ​លោកស្រី​បាន​បញ្ជាក់​ថា អាជ្ញាធរ​មិន​អាច​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ។

លោកស្រី​ក៏​ការពារ​ប្រទេស​លោកស្រី​ផង​ដែរ​ប្រឆាំង​នឹង​ការ​រិះគន់​លើ​ការ​កាត់​ទោស​អ្នក​កាសែត Reuters ពីរ​នាក់​កាល​ពី​សប្ដាហ៍​មុន ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​ច្បាប់​រក្សា​ការ​សម្ងាត់​ផ្លូវការ​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​បង្កើត​ឡើង​តាំង​ពី​សម័យ​អាណានិគម​អង់គ្លេស។

លោកស្រី​បាន​ស្នើ​អ្នក​ណា​ដែល​បាន​រិះគន់​សាលក្រម​តុលាការ​នេះ និង​អ្នក​ណា​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ ឲ្យ​បង្ហាញ​ភស្តុតាង​ណា​ដែល​បញ្ជាក់​ថា ការ​កាត់ទោស​នេះ​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​នោះ៕