កាកបាទក្រហមមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃអង្គារថា ខ្លួនកំពុងបង្កើនការគាំទ្រដល់ប្រជាជនរាប់សែននាក់ ដោយសារវិបត្តិសេដ្ឋកិច្ចចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបន្ថែមលើការលំបាកបង្កឡើងដោយជំងឺកូវីដ១៩។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោក Htin Zaw Soe អគ្គលេខាធិការក្រុមកាកបាទក្រហមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖
«មនុស្សជាច្រើនកំពុងតស៊ូរកប្រាក់ចំណូល ហើយទទួលបានសេវាមូលដ្ឋានតិចតួចដូចជាការថែទាំសុខភាពជាដើម»។
ក្រុមកាកបាទក្រហមនេះបាននិយាយថា ខ្លួននឹងបង្កើនការគាំទ្រដល់ប្រជាជនចំនួន២៣ ៦.០០០ នាក់នៅទូទាំងប្រទេសដោយមានជំនួយពីសហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ជំនួយនេះ រួមមានស្បៀង អាហារ និងថវិកា។
ប្រទេសដែលមានប្រជាជនចំនួន ៥៣ លាននាក់នេះ បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ចាប់តាំងពីកងទ័ព បានផ្តួលរំលំមេដឹកនាំជាប់ឆ្នោត គឺលោកស្រី អ៊ុងសាន ស៊ូជី។
សេដ្ឋកិច្ចប្រទេសនេះ បានចុះខ្សោយដោយសារកូដកម្ម និងបាតុកម្មប្រឆាំងនឹងរបបយោធាជារៀងរាល់ថ្ងៃ ហើយអ្នកប្រឆាំងការកាន់កាប់របស់យោធារាប់រយនាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខ និងរាប់ពាន់នាក់ ទៀតត្រូវបានឃុំខ្លួន។ ការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅតាមព្រំដែននៃប្រទេសនេះ៕