ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​យោធា​មីយ៉ាន់ម៉ា​សម្រេច​កាត់​ទោស​មនុស្ស​ជាង​២០នាក់​ដាក់​ពន្ធនាគារ​២០ឆ្នាំ​ចំពោះ​ការ​ដុត​បំផ្លាញ​រោងចក្រ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​​ចិន


រូបឯកសារ៖ កង់ឡាន​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​តាម​ដង​ផ្លូវ ខណៈ​​ក្រុម​បាតុករតវ៉ា​ប្រឆាំង​យោធា​មីយ៉ាន់ម៉ា​​ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ កង់ឡាន​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​តាម​ដង​ផ្លូវ ខណៈ​​ក្រុម​បាតុករតវ៉ា​ប្រឆាំង​យោធា​មីយ៉ាន់ម៉ា​​ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​មីយ៉ាន់ម៉ា​បាន​រាយការណ៍​ថា តុលាការ​យោធា​មីយ៉ាន់ម៉ា​បាន​កាត់​ទោស​មនុស្ស​ ២៨ នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ ២០ ឆ្នាំ រួម​ជាមួយ​នឹង​ការ​ធ្វើ​ការ​ធ្ងន់ៗ​ចំពោះ​ការ​ដុត​បំផ្លាញ​រោងចក្រ ​២ កន្លែង បន្ទាប់​ពី​រោងចក្រ​ជាច្រើនដែល​ភាគច្រើន​ជា​ការ​វិនិយោគ​របស់​ចិន​ត្រូវ​បាន​ដុត​បំផ្លាញ​ក្នុង​ពេល​មាន​ចលាចល​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​កាលពី​ខែ​មីនា​កន្លង​ទៅ។​

គេហទំព័រ​សារព័ត៌មាន Myawady ​ដែល​គ្រប់គ្រង​ដោយ​យោធា​បាន​រាយការណ៍​នៅ​ចុង​ខែឧសភា​ថា អ្នក​ប្រព្រឹត្ត​បទល្មើស​បាន​យក​រោងចក្រ​ស្បែក​ជើង និង​រោងចក្រ​វាយនភណ្ឌ​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម Hlaing Tharyar នៅ​ជាយ​ក្រុង​រ៉ង់ហ្គូន​ដែល​ជា​ក្រុង​ធំ​ជាង​គេ​នៅ​មីយ៉ាន់ម៉ា​ជា​គោលដៅ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ក្រុម​សកម្មជន​និយាយ​ថា ច្បាប់​អាជ្ញាសឹក​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​នៅ​ជាយ​ក្រុង​នេះ​បន្ទាប់​ពី​មាន​ការ​ដុត​បំផ្លាញ​រោងចក្រ​ជាច្រើន​រួច​មក ដោយ​មាន​មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់ ឬ​រងរបួស​នៅ​ពេល​កងកម្លាំងសន្តិសុខ​បើក​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​យោធា។

ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ថ្លែង​នៅ​ពេល​មាន​ការ​ដុត​បំផ្លាញ​នោះ​ថា បុគ្គលិក​ចិន​ជាច្រើន​បាន​រង​របួស និង​ជាប់​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​ការ​ដុត​បំផ្លាញ​នោះ និង​បាន​អំពាវនាវ​ឱ្យ​មីយ៉ាន់ម៉ា​ការពារ​ទ្រព្យសម្បត្តិ និង​ប្រជាពលរដ្ឋ​ចិន។

សារព័ត៌មាន Global Times ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​បាន​រាយការណ៍​នៅ​ក្នុង​ខែមីនា​កន្លង​ទៅ​ថា រោងចក្រ​វិនិយោគ​របស់​ចិន​សរុប​ចំនួន​ ៣២ កន្លែង​ត្រូវ​បាន​វាយកម្ទេច​នៅ​ក្នុង​ការ​វាយប្រហារ​ទាំង​នោះ ដែល​មាន​ការ​ខូចខាត​ទ្រព្យសម្បត្តិ​រហូត​ដល់ ៣៦,៩ លាន​ដុល្លារ​អាមេរិក។

ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​គាំទ្រ​ដល់​របប​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី Aung San Suu Kyi កាលពី​ថ្ងៃទី១ ខែកុម្ភៈ។

មិន​មាន​ក្រុម​ណា​មួយ​អះអាង​ទទួល​ខុសត្រូវ​លើ​ការ​ដុត​បំផ្លាញ​រោងចក្រ​នោះ​ទេ។ ប្រទេស​មីយ៉ាន់ម៉ា​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​ ដោយ​មាន​ការ​តវ៉ា​រាល់​ថ្ងៃ ការ​ដើរ​ក្បួន និង​កូដកម្ម​ប្រឆាំង​នឹង​របប​យោធា​ចាប់​តាំង​ពី​ពេល​យោធា​បាន​ដណ្តើម​អំណាច និង​បាន​ចាប់​ខ្លួន​លោកស្រី Suu Kyi និង​សមាជិក​ផ្សេង​ទៀត​នៃ​គណបក្ស​របស់​លោកស្រី​មក។

បើ​យោង​តាម​ក្រុម​សកម្មជន​មួយ​ឈ្មោះ​ថា សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ​ កងកម្លាំង​សន្តិសុខ​បាន​ឆ្លើយតប​ជាមួយ​នឹង​កម្លាំង​ហួសហេតុ​ ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៨០០ នាក់។ យោធា​បាន​ច្រាន​ចោល​តួលេខ​នេះ ហើយ​លោក Min Aung Hlaing ដែល​ជា​មេដឹកនាំ​រដ្ឋប្រហារ​ថ្មីៗ​នេះ​បាន​និយាយ​ថា មនុស្ស​ប្រមាណ ៣០០ នាក់​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ភាព​ចលាចល​នេះ ដែល​រួម​មាន​ប៉ូលិស​ចំនួន​ ៤៧ នាក់​ផង​ដែរ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG