ប្រធានា​ធិបតី​នៃ​ប្រទេស​ភូមា ​បាន​លើក​លែង​ទោស​ឲ្យ​អ្នក​ទោសមួយចំនួន

ប្រធានា​ធិបតី​នៃ​ប្រទេស​ភូមា ​បាន​លើក​លែង​ទោស​ឲ្យ​អ្នក​ទោស៨៣នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​បាន​ជាប់​គុក​ដោយ​សារ​ហេតុផល​នយោ​បាយ។

លោក Htin Kyaw ប្រធានា​ធិបតី​នៃ​ប្រទេស​ភូមា ​បាន​លើក​លែង​ទោស​ឲ្យ​អ្នក​ទោស​៨៣នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា ​បាន​ជាប់​គុក​ដោយ​សារ​ហេតុផល​នយោ​បាយ។

ការិយាល័យ​របស់​ប្រធានាធិបតី ​បាន​ប្រកាស​ការ​លើកលែង​ទោស​នេះ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដោយ​និយាយ​ថា ​លោក​ប្រធានា​ធិបតី Htin Kyaw បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ដោយ​មាន​គោល​បំណង​សម្រេច​ការ​ផ្សះផ្សា​ជាតិ​នៅពេល​ដែល​ការ​ចូល​ឆ្នាំ​ថ្មី​តាម​បែប​ព្រះ​ពុទ្ធ​សាសនា ​ចាប់​ផ្តើម។

​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​ថ្មី​របស់​ភូមា ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ភាពជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​លោកស្រី ​អោង ​សានស៊ូ​ជី បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​សកម្មជន​នយោបាយ​រាប់​រយ​នាក់ ដែល​អ្នក​ទាំងនោះ​ត្រូវបាន​នៅ​ក្រោម​ការ​ចោទ​ប្រកាន់​របស់​អតីត​ក្រុមប្រឹក្សា​យោ​ធា​របស់​ភូមា​ដែល​បានកាន់​កាប់​ប្រទេស​អស់​រយៈពេល​៥​ទសវត្សរ៍​រហូតដល់​ពេល​ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ពាក់​កណ្តាល​ស៊ី​វិល​នៅ​ឆ្នាំ​២០១១។

ក្នុង​សន្ទរកថា​តាម​ទូរទស្សន៍​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ប្រធានា​ធិបតី Htin Kyaw ​បាន​សន្យា​ដោះលែងអ្នក​ទោស​នយោបាយ ​សកម្ម​ជននិង​និស្សិត​ដែល​ប្រឈម​ការ​កាត់​ទោស​ជាប់​ទាក់​ទិន​នឹង​រឿង​នយោបាយ។

គណបក្ស​សម្ព័ន្ធភាពជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ​បាន​កាន់​អំណាចនៅ​ក្នុង​ប្រទេស​ភូមា​កាល​ពី​ខែ​មុន​បន្ទាប់​ពីការ​ទទួល​ជ័យ​ជម្នះ​ភ្លូកទឹក​ភ្លូកដី​នៅ​ក្នុង​ការ​បោះឆ្នោត​ទូទៅ​មួយ​កាល​ពី​ខែ​វិច្ឆិកា។​លោកស្រី ​អោងសាន​ស៊ូជី ​ដែល​បាន​ចំ​ណាយ​ពេល២ទសវត្សរ៍​នៅ​ក្នុងការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ ​មិន​អាច​ធ្វើ​ជា​ប្រធានា​ធិបតី​បណ្តាល​មក​ពី​រដ្ឋ​ធម្មនុញ្ញ​ដែល​ព្រាង​ដោយ​ពួក​មេដឹកនាំ​យោ​ធា។ ក៏ប៉ុន្តែ ​លោកស្រី ​ត្រូវ​បាន​តែងតាំង​ជារដ្ឋ​មន្រ្តី​ការបរ​ទេស​ដោយគណៈរដ្ឋ​មន្រ្តី​របស់​ប្រធានា​ធិបតី Htin Kyawហើយ​លោកស្រី ​ក៏​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ដែល​អនុញ្ញាតិ​ឲ្យ​លោកស្រី​ធ្វើ​ទៅតាម​ការ​សន្យា​របស់​លោកស្រី​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​តាម​រយៈប្រធានា​ធិបតី​ដែល​មាន​តែ​ឈ្មោះ៕