ប៉ូលិស​មីយ៉ាន់ម៉ា​ដែល​ប្រាប់​រឿង​ពិត​ថា​ការ​កាត់ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​គឺ​ជា​ការ​ព្រមាន​ដល់​មន្ត្រី​ផ្សេង​ទៀត

មេបញ្ជាការ​ប៉ូលិស​លោក Moe Yan Naing ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​សវនាការ​មួយ​នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។

ប៉ូលិស​មីយ៉ាន់ម៉ា​ដែល​ជាប់​ពន្ធនាគារ​ម្នាក់​កាល​ពី​ថ្ងៃពុធ​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​នៅក្នុង​តុលាការ​អំពី​ការ​បោកបញ្ឆោត​អ្នកកាសែត​របស់​សារព័ត៌មាន Reuters ពីរ​នាក់​ដោយ​ប៉ូលិស​មីយ៉ាន់ម៉ា។ ករណី​នេះ​បាន​ក្លាយ​ជា​ការ​ធ្វើ​តេស្ត​សាកល្បង​ពី​ការ​ជំនំ​ជំរះក្តី​ពាក់ព័ន្ធ​នឹង​ករណី​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។​

មេបញ្ជាការ​ប៉ូលិស​លោក Moe Yan Naing ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​ពី​បទចោទ​រំលោភ​ច្បាប់​វិន័យ​ប៉ូលិស​ បាន​ធ្វើ​សក្ខីកម្ម​ពី​ការ​កាត់ទោស​របស់​លោក​ថា​ ជា​ការ​ប៉ុនប៉ង់​បំភិតបំភ័យ​ដល់​មន្ត្រី​ផ្សេងៗ​ទៀត​ដែល​កំពុង​គិត​ថា​នឹង​សារភាព​ពី​ការ​ពិត​នៅ​ចំពោះ​មុខ​តុលាការ។

ការិយាល័យ​នេះ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​មេបញ្ជាការ​ប៉ូលិស​រូប​នោះ​ បាន​បញ្ជា​មន្ត្រី​ថ្នាក់​ក្រោម​ឲ្យ​យក​ឯកសារ​សម្ងាត់​ទៅ​ឲ្យ​អ្នកកាសែត​ទាំង​ពីរនាក់​ ហើយ​បន្ទាប់​មក​អ្នកកាសែត​ទាំងពីរនាក់​នោះ​ត្រូវ​បាន​ជាប់ទោស​ពី​បទរំលោភ​ច្បាប់​សម្ងាត់​របស់​ប្រទេស​ជាតិ។

ការ​ធ្វើ​សក្ខីកម្ម​កាល​ពី​ថ្ងៃពុធ​ដោយ​លោក Moe Yan Naing បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ធ្វើ​សក្ខីកម្ម​ដំបូង​របស់​លោក​កាល​ពី​ថ្ងៃទី២០​ នៅ​ពេល​ដែល​លោក​បាន​និយាយ​ថា​ សហការី​របស់​លោក​បាន​ចូលរួម​បោកបញ្ឆោត​អ្នកការសែត​ទាំង​ពីរនាក់​នោះ។ លោក Than Zaw Aung មេធាវី​របស់​លោក Moe Yan Naing បាន​ប្រាប់ VOA សេវាភូមា​ថា​ ក្រុមការងារ​ច្បាប់​របស់​លោក​ពេញចិត្ត​នឹង​ការ​ធ្វើ​សក្ខីកម្ម​កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​នេះ។ ការ​ធ្វើ​សក្ខីកម្ម​របស់​លោក​បាន​បង្កើន​ក្តី​សង្ឃឹម​ថា​ អ្នកកាសែត​ទាំងពីរ​នាក់​នោះ គឺ​លោក Wa Lone និង​លោក Kyaw Soe Oo នឹង​បាន​រួចខ្លួន​ពី​ការ​ចោទប្រកាន់​ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់១៤ឆ្នាំ៕