មេដឹកនាំយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍គាំទ្រការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលធ្វើឲ្យមីយ៉ាន់ម៉ាខុសពីប្រទេសភាគច្រើនក្នុងសហគមន៍ពិភពលោក ដែលថ្កោលទោសសកម្មភាពយោធារបស់រុស្ស៊ី ហើយងាកទៅដាក់ទណ្ឌកម្មលើប្រទេសនេះ។
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង VOA ភាសាភូមា លោកឧត្តមសេនីយ៍ Zaw Min Tun អ្នកនាំពាក្យក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា បានលើកឡើងពីហេតុផលដែលរដ្ឋាភិបាលយោធាគាំទ្រចំណាត់ការរបស់ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin។
លោកបានថ្លែងថា៖«ទីមួយគឺថារុស្ស៊ីបានធ្វើការដើម្បីបង្រួបបង្រួមអធិបតេយ្យភាពរបស់ខ្លួន។ ខ្ញុំគិតថានេះគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ ទី២គឺត្រូវបង្ហាញពិភពលោកថា រុស្ស៊ីគឺជាមហាអំណាចពិភពលោក»។
ដោយប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា រដ្ឋាភិបាលនិរទេសមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍មួយគាំទ្រអ៊ុយក្រែនកាលពីថ្ងៃសុក្រ ដោយបានបង្ហោះសារនៅលើបណ្តាញសង្គម Twitterថា៖«រដ្ឋាភិបាលរួបរួមជាតិនៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ាថ្កោលទោសចំពោះសកម្មភាពសង្គ្រាមដោយគ្មានហេតុផលរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននិងពលរដ្ឋប្រទេសនេះ»។
រដ្ឋាភិបាលស្រមោលនេះបានហៅការវាយប្រហារនេះថា «គួរឲ្យភ័យខ្លាច» ហើយថា«ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែនគឺជាការបំពានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ហើយថាជាគំរូមិនល្អនៅក្នុងសតវត្សរ៍ទី២១នេះ។ ជាងនេះទៅទៀត ទង្វើនេះនឹងជាឧបសគ្គធំមួយក្នុងការរក្សាសន្តិភាពអន្តរជាតិ សន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិ។ មីយ៉ាន់ម៉ាឈរសាមគ្គីភាពជាមួយនឹងពលរដ្ឋអ៊ុយក្រែន»។
មេដឹកនាំរដ្ឋប្រហារលោក Min Aung Hlaing បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមិថុនា ឆ្នាំមុន ហើយមានទំនាក់ទំនងរឹងមាំរវាងយោធាភូមានិងរុស្ស៊ី។ រុស្ស៊ីស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចដែលគាំទ្រក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាដែលបានដណ្តើមអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និងចាប់ខ្លួនមេដឹកនាំដែលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យអ្នកស្រី Aung San Suu Kyi និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។
ចាប់តាំងពីពេលនោះមក អង្គការសហប្រជាជាតិនិងអ្នកជំនាញភូមាបានអំពាវនាវម្តងហើយម្តងទៀតឲ្យហាមឃាត់ការលក់អាវុធទៅឲ្យក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា ប៉ុន្តែរុស្ស៊ីមិនខ្វល់ពីការអំពាវនាវនេះទេ។
ហេតុផលនៃការចូលកាន់កាប់អំណាចកាលពីខែកុម្ភៈឆ្នាំមុន ក្រុមមន្ត្រីយោធាបានអះអាងពីការលួចបន្លំសន្លឹកឆ្នោតច្រើនសន្ធឹកសន្ធាប់នៅក្នុងការបោះឆ្នោតជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី Suu Kyi បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។ អ្នកសង្កេតការណ៍បោះឆ្នោតទាំងជាតិនិងអន្តរជាតិបានបញ្ជាក់ថាការបោះឆ្នោតឆ្នាំ២០២០គឺសឹងតែប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ លើកលែងតែចំណុចខ្វះខាតតិចតួចតែប៉ុណ្ណោះ។
អ្នកស្រី Suu Kyi ប្រឈមនឹងបទចោទប្រកាន់ជាច្រើន ចាប់តាំងពីអ្នកស្រីត្រូវបានឃុំខ្លួន នៅពេលយោធាច្បាមយកអំណាច។ អ្នកស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ទៅ៦ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពីបទនាំចូលវិទ្យុទាក់ទងwalkie talkies ខុសច្បាប់ និងការបំពានបម្រាមការពារវីរុសកូរ៉ូណា។
អ្នកស្រីក៏ត្រូវបានកាត់ទោសពីបទចោទប្រកាន់រឿងបំពានច្បាប់សម្ងាត់ផ្លូវការ ដែលអាចមានទោសជាប់ពន្ធនាគារអតិបរមា១៤ឆ្នាំផងដែរ។ លោក Sean Turnell សេដ្ឋវិទូអូស្ត្រាលីដែលជាទីប្រឹក្សារបស់អ្នកស្រីក៏ត្រូវបានចោទប្រកាន់ជាមួយអ្នកស្រីផងដែរ។
ក្នុងគម្រប់ខួបមួយឆ្នាំនៃការធ្វើរដ្ឋប្រហារដោយយោធាមីយ៉ាន់ម៉ា សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថែមទៀតទៅលើបុគ្គលឬអង្គភាពណាដែលជាប់ពាក់ព័ន្ធនឹងរបបនេះ។ ក្នុងចំណោមអ្នកទាំងនោះមានអ្នកស្រី Thida Oo ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកTun Tun Oo ប្រធានតុលាការកំពូល និងលោក Tin Ooដែលជាប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ។ អង្គភាពចំនួន២ដែលត្រូវបានដាក់ទណ្ឌកម្មរួមមានក្រុមហ៊ុន KT Services & Logistics Company Limited និងនាយកដ្ឋានលទ្ធកម្មនៃអគ្គមេបញ្ជាការនៃសេវាកម្មការពារជាតិ ដែលអាមេរិកថាគាំទ្រដល់របបយោធាមីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ាទទួលបានឯករាជ្យពីប្រទេសអង់គ្លេសកាលពីឆ្នាំ១៩៤៨។ ប្រទេសនេះត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធពីឆ្នាំ១៩៦២ ដល់ឆ្នាំ២០១១ នៅពេលដែលរដ្ឋាភិបាលថ្មីចាប់ផ្តើមងាកទៅគ្រប់គ្រងតាមបែបស៊ីវិល៕