លោកស្រីអង់សាន ស៊ូជី មេដឹកនាំភូមាបានធ្វើដំណើរទៅកាន់រដ្ឋ Rakhine មានវិបត្តិនៅភាគខាងជើងប្រទេសជាលើកដំបូងចាប់តាំងពីមានការចាប់ផ្តើមយុទ្ធនាការយោធាដ៏ឃោរឃៅប្រឆាំងនឹងពួកជនភាគតិចអំម្បូរ Rohingya កាន់សាសនាឥស្លាមមកនោះ។
អ្នកនាំពាក្យម្នាក់របស់លោកស្រីអង់សាន ស៊ូជីបាននិយាយថាលោកស្រីបានធ្វើដំណើរទៅកាន់ស្រុកព្រំដែន Maungdaw ពីក្រុង Sittwe ដែលជាធានីនៃរដ្ឋ Rakhine ដែលលោកស្រីបានអញ្ជើញទៅដល់ទីនោះកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ជ័យលាភីរង្វាន់ Nobel សន្តិភាពរូបនេះបានទទួលការរិះគន់ច្រើនពីសហគមន៍អន្តរជាតិដែលបាននិយាយថាលោកស្រីយឺតយូរក្នុងការឆ្លើយតបនឹងវិបត្តិនេះ។លោកស្រីបានមានប្រសាសន៍ពីដំបូងថាមាន «ការផ្តល់ព័ត៌មានមិនពិតជាច្រើន» អំពីស្ថានភាពមិនល្អរបស់ក្រុមជនអំបូរ Rohingya។
ការវាយប្រហារមួយដោយពួកជនសកម្មប្រយុទ្ធ Rohingya លើប៉ុស្តិ៍ ជួរមុខប៉ូលិសរដ្ឋាភិបាលភូមាក្នុងរដ្ឋ Rakhine នាផ្នែកខាងជើងប្រទេសភូមាបាននាំឱ្យក្រុមទាហានរដ្ឋាភិបាលបើកធ្វើយុទ្ធនាការយោធាប្រឆាំងនឹងភូមិរបស់ពួក Rohingya។ ការវាយប្រហារទាំងនេះបានបណ្តាលឱ្យពួក Rohingya ៦សែននាក់រត់គេចខ្លួនពីរដ្ឋ Rakhine ទៅកាន់ប្រទេសបង់ក្លាដែសដោយភាគច្រើនបានប្រមូលផ្តុំគ្នានៅក្នុងស្រុក Cox's Bazar។ ចំនួនជិត៦០ភាគរយនៃក្រុមជនភៀសខ្លួនទាំងនេះជាក្រុមកុមារ។
អ.ស.ប.បានពណ៌នាយុទ្ធនាការប្រឆាំងនឹងពួក Rohingya គោរពសាសនាឥស្លាម ថាជា «ឧទាហរណ៍មួយនៃការសម្អាតខាងពូជសាសន៍»៕