ចាប់តាំងពីចុងសប្តាហ៍នៃខែកុម្ភៈមក ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងអំណាចក្រោយរដ្ឋប្រហារនៃប្រទេសមីយ៉ាន់ម៉ា បានចាប់ខ្លួនសមាជិកគ្រួសាររបស់អ្នកប្រឆាំងនៅក្នុងការខិតខំប្រឹងប្រែងដើម្បីដាក់សម្ពាធលើពួកប្រឆាំងឲ្យប្រគល់ខ្លួន។ នេះបើតាមពួកអ្នកប្រឆាំងនិងមេធាវីដែលជួយអ្នកដែលរងការចោទប្រកាន់ទាំងនោះ និងមន្ត្រីម្នាក់នៃរដ្ឋាភិបាលឯកភាពជាតិដែលជាក្រុមប្រឆាំង។
ពួកគេនិយាយថា សមាជិកក្រុមគ្រួសាររបស់ពួកសកម្មជនអ្នកនយោបាយ និងមន្ត្រីដែលទាក់ទិននៅក្នុងចលនាស៊ីវិលមិនស្តាប់បង្គាប់ បានត្រូវចាប់ខ្លួន និងដាក់ពន្ធនាគារដោយពួកយោធា។ អ្នកខ្លះ បានត្រូវវាយតប់ និងធ្វើទារុណកម្មដោយកងកម្លាំងសន្តិសុខចំពោះការមិនព្រមផ្តល់ព័ត៌មានអំពីពួកប្រឆាំងដែលបានគេចពីការចាប់ខ្លួន។
លោក Aung Myo Min ជារដ្ឋមន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលឯកភាពជាតិដែលបានចំណាយពេល៣ទសវត្សរ៍ការពារសិទិ្ធមនុស្សបានប្រាប់ VOA កាលពីថ្ងៃទី៣០ ខែមិថុនាថា «ការចាប់ខ្លួនសមាជិកក្រុមគ្រួសារស្លូតត្រង់ គឺជាសកម្មភាពបង្ខិតបង្ខំ។ យើងថ្កោលទោសយ៉ាងខ្លាំង»។
VOA បានព្យាយាមម្តងហើយម្តងទៀតដើម្បីសុំការបកស្រាយពីពួកយោធាចំពោះសេចក្តីរាយការណ៍នេះ ក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ៕