មីយ៉ាន់ម៉ា​ពិភាក្សា​អំពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជាមួយ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា

លោក U Myint Thu ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​អ្នក​តំណាង​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម នៅ​ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។

ប្រតិភូ​មួយ​រូប​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ជួប​ជាមួយ​នឹង​ក្រុម​អ្នក​តំណាង​ឲ្យ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​រាប់​សែន​នាក់នៅ​ក្នុង​ប្រទេស​បង់​ក្លាដែស​ដើម្បី​ពិភាក្សា​អំពី​ការ​ដាក់​លក្ខខណ្ឌ​ដើម្បី​ធ្វើ​ឲ្យ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ពួកគេ​ប្រកប​ដោយ​សុវត្ថិភាព។ នេះ​បើ​តាម​ក្រុម​មន្ត្រី​ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ។

អគ្គ​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ការបរទេស​របស់​មីយ៉ាន់ម៉ា​លោក U Myint Thu បាន​ដឹកនាំ​សមាជិក​ប្រតិភូ​ចំនួន​១០នាក់​ ទៅ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​កាល​ពី​ចុង​សប្តាហ៍​ នៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​តំបន់ Cox's Bazar ប្រទេស​បង់ក្លាដែស។ លោក​បាន​ថ្លែង​ថា លោក​បាន​ប្រាប់​ក្រុម​ជន​ភៀស​ខ្លួន​អំពី​ការ​រៀប​ចំ​ដើម្បី​ទទួល​ការ​វិលត្រឡប់​របស់​ពួក​គេ ហើយ​បាន​ព្រមព្រៀង​បន្ត​ធ្វើ​ការ​ចរចា​ជាមួយ​នឹង​ពួកគេ។

លោក U Myint Thu បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​នឹង​បន្ត​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​បង់ក្លាដេស។ លោក​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​បង់ក្លាដែសនៅ​ថ្ងៃ​ចន្ទ​នេះ​ក្នុង​ទីក្រុង​ដាកា ហើយ​បន្ទាប់​មក​លោក​និង​បន្ត​ពិភាក្សា​អំពី​ដំណើរ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍»៕