ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ទាក់ទិន​នឹង​ការ​សម្លាប់​រង្គាល​លើ​ជាតិ​សាសន៍រ៉ូហ៊ីងយ៉ា


រូបឯកសារ៖ ជនមូស្លីមរ៉ូហ៊ីងយ៉ា ដែលឆ្លងទៅកាន់ប្រទេសបង់ក្លាដេសពីភូមា ឈរតម្រង់ជួួរដើម្បីទទួលជំនួយនៅជំរំមួួយ។
រូបឯកសារ៖ ជនមូស្លីមរ៉ូហ៊ីងយ៉ា ដែលឆ្លងទៅកាន់ប្រទេសបង់ក្លាដេសពីភូមា ឈរតម្រង់ជួួរដើម្បីទទួលជំនួយនៅជំរំមួួយ។

ការ​សម្លាប់​រង្គាល​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​បង្ក្រាប​របស់​យោធា​កាល​ពី​ឆ្នាំ ២០១៧ ដែល​បង្ខំ​ឲ្យ​ជាតិ​សាសន៍ Rohingya ប្រហែល ៧ សែន​នាក់​រត់​គេច​ទៅ​កាន់​ប្រទេស​បង់ក្លាដេស ដែល​នៅ​ជិត​ខាង។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​អគ្គ​មេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing និង​មេដឹកនាំ​យោធា​ជាន់​ខ្ពស់​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង «ការ​សម្លាប់​ក្រៅ​ផ្លូវ​តុលាការ» លើ​ជាតិ​សាសន៍ Rohingya កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​រដ្ឋ Rakhine ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា។

ទណ្ឌកម្ម​ទាំង​នេះ​គឺ​នឹង​រារាំង​លោក Min Aung Hlaing និង​លោក Soe Win ដែល​ជា​អគ្គ​មេបញ្ជាការ​រង​យោធា រួម​ទាំង​មេបញ្ជាការ​ពីរ​រួប​ផ្សេង​ទៀត និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង​ដែរ​មិន​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​នេះ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយជា «រដ្ឋាភិបាល​ដំបូង​បង្អស់​នៅ​ក្នុង​ការ​ចាត់​វិធានការ​ជា​សាធារណៈ​ចំពោះ​ថ្នាក់​ដឹកនាំ​យោធា​ជាន់​ខ្ពស់​បំផុត​របស់​ប្រទេស​ភូមា»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​នៅតែ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​ភូមា​មិន​បាន​ចាត់​វិធានការ​ណា​មួយ​ដើម្បី​ឲ្យ​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នោះ​ទេ ហើយ​នៅ​មាន​របាយការណ៍​ជា​បន្ត​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​យោធា​ភូមា​នៅ​ទូទាំង​ប្រទេស»។

លោក Pompeo បាន​លើក​ឡើង​ថា «ឧទាហរណ៍​ដ៏​ល្អ​មួយ​នៃ​ការ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ខ្លាំងក្លា​ជា​បន្ត​នេះ» គឺ​ការ​ផ្សព្វផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ដែល​ថា លោក Min Aung Hlaing បាន​បញ្ជា​ឲ្យ​ដោះលែង​ទាហាន​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​នៅ​ភូមិ Inn Din នៅ​ក្នុង​អំឡុង​ពេល​បោស​សម្អាត​ជាតិ​សាសន៍ Rohingya»។

ការ​សម្លាប់​រង្គាល​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​បង្ក្រាប​របស់​យោធា​កាល​ពី​ឆ្នាំ ២០១៧ ដែល​បង្ខំ​ឲ្យ​ជាតិ​សាសន៍ Rohingya ប្រហែល ៧ សែន​នាក់​រត់​គេច​ទៅ​កាន់​ប្រទេស​បង់ក្លាដេស ដែល​នៅ​ជិត​ខាង៕

XS
SM
MD
LG