កេរ្តិ៍​ដំណែល​របស់​លោក Aung San វីរជន​ទាមទារ​ឯករាជ្យ​ភូមា ត្រូវ​បាន​ដាក់​តាំង​ជា​សាធារណៈ

មនុស្ស​តម្រង់​ជួរ​ដើម្បី​ចូល​អាគារ​លេខាធិការដ្ឋាន​នៃ​ទីក្រុង​រ៉ង់ហ្គូន​កាល​ពី​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០១៧។

មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​គ្នា​យ៉ាង​វែង​ព័ទ្ធ​ជុំវិញ​អាគារ​លេខាធិការដ្ឋាន​ប្រវត្តិសាស្ត្រ​នៅ​កណ្ដាល​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា កន្លង​ទៅ​នេះ។ ក្នុង​នោះ​រួម​មាន​សិស្ស​សាលា មនុស្ស​ពេញ​វ័យ និង​ក្រុម​មិត្ត​ភក្តិ​ជាច្រើន ដែល​រង់ចាំ​មើល​ទស្សនីយភាព​ដ៏​កម្រ​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​មីយ៉ាន់ម៉ា។

ដោយ​បាន​បិទ​ទ្វារ​មិន​ទទួល​សាធារណជន​ឲ្យ​ចូល​ទស្សនា​ភាគ​ច្រើន​បំផុត​នៅ​ក្នុង​ឆ្នាំ​នេះ អគារ​ឥដ្ឋ​ក្រហម​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​រដ្ឋាភិបាល​អង់គ្លេស និង​ត្រូវ​បាន​ប្រគល់​ជូន​រដ្ឋាភិបាល​ភូមា ក្នុង​អំឡុង​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ ១៩៤៨។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ១៩៤៧ អំពើ​ហិង្សា​ដ៏​អាក្រក់​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​បរិវេណ​អគារ​នេះ។

គូ​ប្រជែង​នយោបាយ​នានា​បាន​បាញ់​សម្លាប់​មនុស្ស ៩ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​លោក Aung San ដែល​ជា​ឪពុក​របស់​ម្ចាស់​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​អ្នក​ស្រី Aung San Suu Kyi។ ៧០ ឆ្នាំ​ក្រោយ​មក ការ​សម្លាប់​នេះ​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​នៅ​ទូទាំង​ប្រទេស​ដដែល។ ថ្ងៃ​ទី ១៩ ខែ​កក្កដា ត្រូវ​បាន​កំណត់​ថា​ជា​ថ្ងៃ​ទុក្ករកម្ម។

ប៉ុន្តែ​ប្រទេស​មីយ៉ាន់ម៉ា ដែល​គេ​ក៏​ស្គាល់​ផង​ដែរ​ថា​ជា​ប្រទេស​ភូមា​នោះ កើត​ចេញ​ពី​ការ​គ្រប់​គ្រង​ដោយ​របប​យោធា​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក ហើយ​កេរ្តិ៍​ដំណែល​របស់​លោក​ Aung San កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពិច័យ​សារ​ជា​ថ្មី ដោយ​អ្នក​ខ្លះ​មាន​ចម្ងល់​ថា តើ​ខ្សែ​ជីវិត​ផ្លូវការ​របស់​លោក​ពិតជា​មិន​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ជាង​នេះ ឬ​ក៏​យ៉ាង​ណា​នោះ។

លោក Khin Zaw Win នាយក​វិទ្យាស្ថាន Tampadipa ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន បាន​និយាយ​ថា៖ «អស់​ពេល​ជាង​កន្លះ​សតវត្ស​មក​ហើយ វា​ហាក់​បី​ដូច​ជា​ជីវប្រវត្តិ​ផ្លូវ​ការ​មួយ។ លោក​គឺ​ជា​ទុក្ករបុគ្គល ហើយ​រឿង​រ៉ាវ​របស់​លោក​ត្រូវ​បាន​បង្រៀន​នៅ​តាម​សាលា​បឋមសិក្សា​នានា ហើយ​មនុស្ស​គ្រប់​គ្នា​ចាំ​នៅ​ក្នុង​ចិត្ត ហើយ​ពួក​គេ​បន្ត​និយាយ​អំពី​លោក។ ប៉ុន្តែ​នៅ​ពេល​នេះ ជា​ពិសេស​ឥឡូវ​តែ​ម្ដង ជាមួយ​នឹង​ការ​បើក​ចំហ​នា​ពេល​ថ្មីៗ​នេះ យុវជន​ជំនាន់​ថ្មី និង​សារប្រយោជន៍​នៃ​អ៊ីនធឺណិត ច្បាស់​ណាស់​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ចាប់​ផ្ដើម​គិត​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​ចំពោះ​រឿង​ហ្នឹង»។

ជីវប្រវត្តិ​នោះ​បាន​បង្ហាញ​ថា លោក Aung San គឺ​ជា​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ម្នាក់​ប្រឆាំង​នឹង​ពួក​អាណានិគម ដោយ​លោក​បាន​បង្កើត​កងទ័ព និង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ «Panglong» ជា​ប្រវត្តិសាស្ត្រ ជាមួយ​នឹង​ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគតិច។ សោកនាដកម្ម​នៃ​ការ​ស្លាប់​របស់​លោក​ក្នុង​វ័យ​ជាង ៣០ ឆ្នាំ បាន​រារាំង​ឱកាស​ក្នុង​ការ​ទទួល​បាន​សន្តិភាព និង​សហភាព​សហព័ន្ធ​ឯករាជ្យ​មួយ។

ប៉ុន្តែ​ការ​រៀប​រាប់​នោះ​មាន​ចន្លោះ​ប្រហោង។

ព័ត៌មាន​លម្អិត​មួយ​ចំនួន​ត្រូវ​បាន​បិទ​បាំង ដូចជា តួនាទី​របស់​លោក Aung San នៅ​ក្នុង​ការ​បង្កើត​គណបក្ស​កុម្មុយនិស្ត​ភូមា ចំណង​ទាក់​ទង​របស់​លោក​ជាមួយ​នឹង​ជប៉ុន​នៅ​ពេល​ដែល​ជប៉ុន​គ្រប់គ្រង​ប្រទេស​ភូមា​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី ២ ការ​ដែល​លោក​ងាក​ទៅ​ជួយ​កង​កម្លាំង​សម្ព័ន្ធ​មិត្ត ទំនាក់ទំនង​មិន​សូវ​ប្រសើរ​របស់​លោក​ជាមួយ​ក្រុម​ជនជាតិ​ភាគតិច និង​ឥទ្ធិពល​នយោបាយ​របស់​លោក ជា​ដើម។

លោក Khin Zaw Win បាន​និយាយ​ថា៖ «វា​មិន​មែន​មាន​ន័យ​ថា ប្រទេស​មីយ៉ាន់ម៉ា​អាច​នឹង​ដើរ​លើ​ផ្លូវ​ដែល​ប្រសើរ​ជាង​នេះ​នោះ​ទេ ប្រសិន​បើ​លោក​ជា​អ្នក​គ្រប់​គ្រង​នោះ។ វា​ប្រហែល​ជា​គ្មាន​ការ​បះបោរ​បន្ទាប់​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​បាន​ឯករាជ្យ​នោះ​ទេ ហើយ​មនុស្ស​ដែល​ដឹកនាំបន្ទាប់​ពី​លោក​ដោះស្រាយ​បញ្ហា​នោះ​មិន​បាន​ល្អ​នោះ​ទេ។ ប៉ុន្តែ​មាន​ផ្នែក​ខ្លះ​នៃ​ដំណើរ​ជីវិត​របស់​លោក ដែល​គេ​បាន​មើល​រំលង»។

លោក Khin Zaw Win បាន​បន្ត​ថា៖ «លោក​មាន​ទំនោរ​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋ​ផ្ដាច់​ការ​បែប​មជ្ឈិម​បក្ស។ វា​ច្បាស់​ណាស់​ថា លោក​បាន​ដកស្រង់​យក​គំរូ​ដឹកនាំ​តាម​បែប​លេនីន​ស្តាលីន នា​ពេល​នោះ។ ហើយ​មាន​ការសង្ស័យ​បន្តិចបន្តួច​ថា​តើ​លោក​ពិត​ជា​អាច​ប្រកាន់​យក​របប​ដឹកនាំ​បែប​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​បាន​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ»។

កូន​ស្រី​របស់​លោក គឺ​អ្នក​ស្រី Aung San Suu Kyi ដែល​បាន​ឡើង​កាន់​អំណាច​ក្រោយពី​ការ​បោះឆ្នោត​ឆ្នាំ ២០១៥ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ផ្លាស់ប្ដូរ​ទៅ​រក​របប​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា បាន​ជួយ​ពង្រឹង​ដល់​ការ​រៀបរាប់​ជា​ផ្លូវ​ការ​នេះ ដោយ​ការ​ដាក់​ឈ្មោះ​ដល់​ការ​ចរចា​សន្តិភាព​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន​ថា សន្និសីទ «Panglong សតវត្ស​ទី ២១»។ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (National League for Democracy) របស់​អ្នកស្រី​ក៏​បាន​ប្រឈម​នឹង​ទស្សនៈ​ផ្ទុយ​គ្នា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​រំលឹកដល់​លោក​ Aung San។

កាល​ពី​ខែ​មិនា​កន្លង​ទៅ​នេះ ការ​តវ៉ា​ជា​ច្រើន​បាន​ផ្ទុះ​ឡើង ពាក់ព័ន្ធ​ទៅ​នឹង​សំណើ​របស់​គណបក្ស​នេះ ក្នុង​ការ​យក​ឈ្មោះ​លោក Aung San មក​ដាក់​ឈ្មោះ​ស្ពាន​មួយ​ខ្សែ នៅ​ក្នុង​រដ្ឋ Mon ខណៈ​ពេល​ដែល​ការ​រំលឹក​ផ្សេងៗ​ទៀត​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​លោក​ត្រូវ​បាន​ជំទាស់។ យោង​តាម​ការ​រាយការណ៍​នានា រដ្ឋមន្ត្រី​នៃ​រដ្ឋ Mon បាន​និយាយ​ថា គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ បាន​សម្រេច​ថា ស្ពាន «ដ៏​វែង​និង​ធំ​បំផុត» នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា គួរ​តែ​ដាក់​ឈ្មោះ​តាម​លោក Aung San ខណៈ​ដែល​សមាជិក​សភា​ដែល​ដាក់​សំណើ​នេះ បាន​ច្រាន​ចោល​ថា អ្នក​តវ៉ា​មាន​គំនិត​ចង្អៀត​ចង្អល់ និង​បាន​និយាយ​ថា គម្រោង​នេះ​នឹង​ផ្ដល់​កិត្តិយស​ដល់​ការ​លះបង់​របស់​អ្នក​ដឹកនាំ។ ឈ្មោះ​នេះ​ត្រូវ​បាន​ប្រើ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

ប៉ុន្តែ​ការ​ពិត​នៅតែ​ដដែល គឺ​ថា​លោក Aung San នៅ​តែ​ជា​តួ​អង្គ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ភូមា ហើយ​ការ​ប្រកាន់​គោល​ជំហរ​ជា​និមិត្តរូប​ណា​មួយ​ចំពោះ​កេរ្តិ៍​ដំណែល​របស់​លោក ក៏​ប្រហែល​ជា​មិន​ត្រឹមត្រូវ​ផង​ដែរ។

លោក Matthew Walton អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​អំពី​លោកស្រី Aung San Suu Kyi នៃ​ការសិក្សា​អំពី​ប្រទេស​ភូមា​សម័យ​ទំនើប នៅ​សាកល​វិទ្យាល័យ Oxford ចក្រភព​អង់គ្លេស បាន​ឆ្លើយ​តាម​រយៈ​អ៊ីមែល​ថា លោក​យល់​ឃើញ​ថា លោក Aung San គឺ​ជា​មនុស្ស​ផ្ដោត​លើ​ភាព​ជាក់​ស្ដែង​មួយ​រូប។

«លោក​ផ្ដោត​លើ​តែ​ឯករាជ្យ​មួយ​មុខ​គត់ ដូច្នេះ​លោក​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​ដែល​គិត​ឃើញ​ដើម្បី​បាន​ឯករាជ្យ​នោះ​ឲ្យ​បាន​ឆាប់​បំផុត។ លោក​ព្រម​ចូលរួម​ចរចា​ជាមួយ​នឹង​ក្រុម​ដែល​មិន​មែន​ជា​ជនជាតិ​ភូមា ប៉ុន្តែ​វា​មិន​មែន​ដោយ​សារ​លោក​យល់​ឃើញ​បុព្វហេតុ​ស្វយ័ត​របស់​ក្រុម​នេះ​នៅ​ក្នុង​ទឹក​ដី​ភូមា​ជា​ហេតុផល​សមរម្យ​ឡើយ។ ប៉ុន្តែ​មក​ពី​លោក​ដឹង​ថា លោក​ត្រូវ​ការ​ពួកគេ (គឺ​ពួក​គេ​ទាំង​អស់ ទាំង​អ្នក​ដឹក​នាំ​ចាស់​ៗ និង​អ្នក​ដឹក​នាំ​វ័យក្មេង) ដើម្បី​ទទួល​បាន​ឯករាជ្យ»។

លោក Matthew Walton បាន​និយាយ​ថា មាន​អ្នក​ដឹកនាំ​តិច​តួច​ណាស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ ដែល​មាន​ការ​អាណិត​អាសូរ ឬ​ព្រម​ចូលរួម​នឹង​ក្រុម​ដែល​មិន​មែន​ជា​ជនជាតិ​ភូមា​ ហើយ «លោក​គឺ​ពូកែ​នូវ​អ្វី​ដែល​លោក​កំពុង​ធ្វើ»។

លោក​នៅតែ​ជា​មនុស្ស​ថ្លៃថ្នូរ​និង​ល្បី​ដដែល ដួច​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​មនុស្ស​ជា​ច្រើន​ដែល​តម្រង់​ជួរ​គ្នា​ចូល​ទស្សនា​អាគារ​លេខាធិការដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ។ ក្រុមហ៊ុន​ជួល​អគារ​នេះ ដែល​មាន​គម្រោង​ជួសជុល​ឡើង​វិញ បាន​បើក​អាគារ​នេះ​ឲ្យ​សាធារណជន​ចូល​ទស្សនា កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា កន្លង​ទៅ​នេះ សម្រាប់​រយៈពេល ៤ ឆ្នាំ។

អ្នកស្រី Ma Thandar Win អ្នក​នាំ​ពាក្យ​ឲ្យ​អង្គការ Secretariat Conservation Group បាន​និយាយ​ថា ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​អាច​ទស្សនា​វត្ថុ​នានា​ដែល​រក្សា​ទុក​ក្រោយ​ពី​ការ​ធ្វើ​ឃាត​លោក Aung Sanនិង​វត្ថុ​នានា​ដែល​រក្សា​ទុក​ដោយ​សុវត្ថិភាព​នៅ​ឯ​សារមន្ទីរជាតិ ដែល​មាន​ដូចជា ចិញ្ចៀន​របស់​អ្នក​ស្លាប់​ម្នាក់ និង​បារី​ដែល​មិន​ទាន់​បាន​ជក់​ជា​ដើម។

អ្នកស្រី​បាន​និយាយ​ថា៖ «វត្ថុ​ទាំង​នេះ​ មិន​ដែល​ត្រូវ​បាន​ដាក់​តាំង​ជូន​សាធារណជន​ទស្សនា​អស់​រយៈពេល​៧០​ឆ្នាំ​មក​ហើយ»៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា