រដ្ឋាភិបាល​មីយ៉ាន់ម៉ា​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ធ្លាក់​ចូល​ក្នុង​ស្ថានការណ៍​អាក្រក់

សកម្ម​ជន​តវ៉ា​ប្រឆាំង​នឹង​វិសោធនកម្ម​ច្បាប់​ដោយ​រដ្ឋាភិបាល​ទាក់ទិន​និង​ច្បាប់​បាតុកម្ម​របស់​មីយ៉ាន់ម៉ាក្នុង​ទីក្រុង​រ៉ង់ហ្គូន​កាលពី​ថ្ងៃទី​០៥ មីនា ២០១៨។

សំណើ​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ដើម្បី​ដាក់​កំហិត​បន្ថែម​ទៀត​ទៅ​លើ​ច្បាប់​ជួបជុំ​គ្នា​ដែល​កំពុងតែ​មាន​ភាព​ប្រទាំង​ប្រទើស​រួច​ស្រេច​ទៅ​ហើយ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​កើន​ឡើង​បន្ថែម​ទៀត ដោយ​អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ថា​បាន​ធ្វើ​ឲ្យ​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​របស់​លទ្ធិ​ប្រជាធិបតេយ្យ «ធ្លាក់​ក្នុង​ស្ថានភាព​អាក្រក់»។

កាល​ពី​ថ្ងៃ​ទី ៧ ខែ​មិនា​កន្លង​ទៅ​នេះ ព្រឹទ្ធសភា​មីយ៉ាន់ម៉ា​បាន​អនុម័ត​វិសោធនកម្ម​លើ​ច្បាប់​ជួបជុំ និង​ការ​ដើរ​ក្បួន​តវ៉ា​ដោយ​សន្តិវិធី ដែល​ក្នុង​នោះ​អាច​នឹង​មាន​ការ​ដាក់​ទោស​ជាប់​ពន្ធនាគារ​ចំនួន ៣ ឆ្នាំ សម្រាប់​អ្នកណា​ដែល​បាន​ផ្គត់ផ្គង់​ថវិកា​ដល់​ការ​តវ៉ា ឬ​ក៏​ការ​តវ៉ា​ណា​ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ «ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ នីតិរដ្ឋ សណ្ដាប់ធ្នាប់​សាធារណៈ ឬ​ក៏​សីលធម៌​សាធារណៈ​ជា​ដើម»។

សំណើ​វិសោធនកម្ម​ទាំង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​តវ៉ា​ជា​ច្រើន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ក្នុង​នោះ​មាន​ទាំង​ការ​តវ៉ា​មួយ​ប្រឆាំង​នឹង​ការ​បង្ក្រាប​ដ៏​ប្រល័យ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង Mrauk U រដ្ឋ Rakhine នៅ​ភាគ​ខាង​លិច​ប្រទេស ហើយ​និង​ការ​សម្លាប់​ទាហាន​ឧទ្ទាម​មកពី​រដ្ឋ Kayah នៅ​ភាគ​ខាង​កើត​ប្រទេស​ផង​ដែរ។

ក្រុម​អ្នក​ជាតិ​និយម​នានា ក៏​បាន​ចាប់ផ្ដើម​បញ្ចេញ​មតិ​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ជាពិសេស​បន្ទាប់ពី​វិបត្តិ​បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋ Rakhine មក។

កាល​ពី​ថ្ងៃ​ទី ៥ ខែ​មិនា​កន្លង​ទៅ​នេះ មនុស្ស​រាប់​រយ​នាក់​បាន​ដើរ​ក្បួន​តវ៉ា​កាត់​តាម​កណ្ដាល​ទីក្រុង​រ៉ង់ហ្គូន ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សំណើ​វិសោធនកម្ម​ច្បាប់​នេះ ដោយ​មាន​កាន់​បដា និង​ស្រែក​បន្ទរ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​បាន​វាយ​ប្រហារ​លើ​សេរីភាព​បញ្ចេញ​មតិ។

លោក Thet Swe Win អ្នក​រៀបចំ​ការ​ដើរ​ក្បួន​តវ៉ា​នេះ​មួយ​រូប បាន​និយាយ​ក្នុង​សម្ដី​ដើម​ថា៖ «យើង​មិន​ទទួល​ស្គាល់​សំណើ​វិសោធនកម្ម​ច្បាប់​ជួបជុំ​គ្នា​នេះ​ទេ ដោយសារតែ​សំណើ​ច្បាប់​នេះ​មិន​ស្រប​តាម​បទដ្ឋាន​ប្រជាធិបតេយ្យ»៕