ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហ​ប្រជាជាតិ​ថា​ទង្វើ​របស់​ទាហាន​មីយ៉ាន់ម៉ា​ ជា​ការ​ពាក់​ស្លាក​​ប្រល័យ​ពូជសាសន៍


លោកស្រី Yanghee Lee (រូបស្តាំ) ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​រាយការណ៍​ពី​របាយការណ៍​របស់​លោកស្រី​នៅ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​អ.ស.ប.​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី១២​ខែមីនា ឆ្នាំ២០១៨។

មន្ត្រី​សិទ្ធិ​មនុស្ស​កំពូល​របស់​អង្គការ​សហប្រជាជាតិ​បាន​ហៅ​ការ​បង្ក្រាប​ទៅ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ថា​ជា «ការ​ពាក់​ស្លាក​ប្រល័យ​ពូជសាសន៍» បន្ទាប់​ពី​របាយការណ៍​ថ្មី​មួយ​បាន​ចោទ​ប្រកាន់​ពី​ការសាងសង់​មូលដ្ឋាន​យោធា​មីយ៉ាន់ម៉ា​នៅក្នុង​ភូមិ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ធ្លាប់​តាំង​ទៅ​លំនៅ។

លោកស្រី Yanghee Lee ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ប្រើប្រាស់​ភាសា​ខ្លាំង​បំផុត​របស់​លោកស្រី ​ពណ៌នា​អំពី​ស្ថានភាព​នៅក្នុង​រដ្ឋRakhine ភាគ​ខាងជើង​ប្រទេស​មីយ៉ាន់ម៉ា ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃចន្ទ​នៅក្នុង​ទីក្រុង​ហ្សឺណែវ។

លោកស្រី​បាន​ថ្លែង​ថា «ខ្ញុំ​កាន់​តែ​ជឿ​ថា​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្រោយ​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ និង​ក្រោយ​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧​បាន​ធ្វើ​ឲ្យ​មីយ៉ាន់ម៉ា​ពាក់​ស្លាក​ប្រល័យ​ពូជសាសន៍​ ហើយ​លោកស្រី​បាន​អំពាវនាវ​ដោយ​លក្ខខ័ណ្ឌខ្លាំងក្លា​បំផុតសុំ​ឲ្យ​មាន​ការទទួល​ខុស​ត្រូវ​ទៅ​លើ​ទង្វើ​ទាំង​នេះ»។

អង្គការ​សហប្រជាជាតិ​បាន​ប្រើប្រាស់​ពាក្យ​ថា «បោស​សម្អាត​ពូជសាសន៍» ពណ៌នា​អំពី​ការបង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ចំនួន៧សែន​នាក់​ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ភៀស​ខ្លួន​ទៅក្នុង​ប្រទេស​បង់ក្លាដែស។

ទាហាន​មីយ៉ាន់ម៉ា​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រហារ​ជីវិត​មនុស្ស​ ចាប់​រំលោភ​ និង​ដុត​បំផ្លាញ​ភូមិ​របស់​ជនជាតិ​រូហ៊ីងយ៉ា​ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សកម្មភាព​របស់​ពួក​បះបោរ​រ៉ូហ៊ីងយ៉ា៕

XS
SM
MD
LG