ប្រទេសភូមាបានដោះលែងអ្នកទោសជិត៧.០០០នាក់ក្នុងនោះមានជនជាតិចិន១៥៥នាក់ ដែលត្រូវបានកាត់ទោសកាលពីសប្តាហ៍មុនឲ្យជាប់ពន្ធនាគាររយៈពេលយូរ ដោយសារការចូលកាប់ឈើខុសច្បាប់។
ក្រុមអ្នកកាប់ឈើជនជាតិចិនទាំងនោះស្ថិតនៅក្នុងចំណោមជនបរទេស២១០នាក់ ដែលត្រូវបានដោះលែងក្រោមកម្មវិធីលើកលែងទោសមួយ។ នេះបើយោងតាមប្រភពព័ត៌មានទីភ្នាក់ងារ Xinhua ជាផ្លូវការរបស់ចិន ដែលបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់។
ទីភ្នាក់ងារ Xinhuaបានសរសេរទៀតថាអ្នកទោសទាំងនោះនឹងត្រូវបញ្ជូនចេញចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដើម្បីរក្សាទំនាក់ទំនងមិត្តភាពរវាងគ្នា និងគ្នា ហើយចំណងទាក់ទងជាមួយប្រទេសពាក់ព័ន្ធផ្អែកលើហេតុផលសង្គមកិច្ច។
រដ្ឋមន្ត្រីក្រសួងព័ត៌មានភូមានិយាយថា អ្នកទោសចំនួន៦.៩៦៦នាក់នឹងត្រូវដោះលែងចេញពីពន្ធនាគារនៅទូទាំងប្រទេស «ក្រោមហេតុផលមនុស្សធម៌ និងទស្សនៈនៃការផ្សះផ្សារជាតិ»។
ក្រុមអ្នកកាប់ឈើជនជាតិចិនត្រូវបានចាប់ខ្លួនកាលពីខែមករាក្នុងអំឡុងពេលបង្ក្រាបលើពាណិជ្ជកម្មឈើខុសច្បាប់ក្នុងរដ្ឋកាជីន ដែលនៅជាប់ព្រំដែនជាមួយនឹងប្រទេសចិន។
កាលពីសប្តាហ៍មុនតុលាការមួយក្នុងទីក្រុងម្យិតគីណាបានកាត់ទោសអ្នកលួចកាប់ឈើទាំង១៥៣នាក់ឲ្យជាប់ពន្ធនាគារមួយជីវិតនិងពីរនាក់ទៀតជាប់គុក១០ឆ្នាំ។ ប្រទេសចិនបានសម្តែងការព្រួយបារម្ភខ្លាំងលើសាលក្រមនោះ ហើយទាមទារឲ្យបញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅវិញឲ្យបានឆាប់៕