ក្រុមអ្នកប្រឆាំងតវ៉ានឹងរដ្ឋប្រហារយោធាក្នុងប្រទេសមីយ៉ាន់ម៉ា បានជួបជុំគ្នាធ្វើបាតុកម្មជាថ្មីទៀតនៅថ្ងៃអង្គារម្សិលមិញនេះ បើទោះបីជាចំនួនអ្នកចូលរួមមានការធ្លាក់ចុះខ្លាំងជាងចំនួនកាលពីថ្ងៃចន្ទ ដែលបានធ្វើឡើងនៅតាមទីក្រុងនានា និងទីប្រជុំជនជាច្រើនយ៉ាងណាក្តី។
ក្រុមអ្នកធ្វើបាតុកម្មដែលមានការខឹងសម្បារនោះ បានជួបជុំគ្នានៅខាងមុខស្ថានទូតឥណ្ឌូណេស៊ី ក្នុងទីក្រុងរ៉ង់ហ្គូន ក្រោយមានសេចក្តីរាយការណ៍ថា ឥណ្ឌូណេស៊ីកំពុងស្វែងរកការគាំទ្រពីប្រទេសសមាជិកអាស៊ាននានាសម្រាប់ផែនការរបស់ខ្លួនមួយ ដើម្បីឲ្យរបបសឹកយោធានៅមីយ៉ាន់ម៉ាគោរពនូវការសន្យារបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតជាថ្មីមួយនៅក្នុងរយៈពេលមួយឆ្នំាទៀតនោះ។ បាតុករ បានទាមទារឲ្យឥណ្ឌូណេស៊ីគោរពលទ្ធផលនៃការបោះឆ្នោតខែវិច្ឆិកាដែលគណបក្សរបស់អ្នកស្រី Aung San Suu Kyi បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។
នៅក្នុងរដ្ឋធានីហ្សាការតាឯណោះវិញ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី លោក Teuku Faizasyah (ធឹកឃូ ហ្វាសៃយ៉ាស់) បានបដិសេធនូវសេចក្តីរាយការណ៍ព័ត៌មានជុំវិញរឿងនេះ ដោយលោកថ្លែងបា្រប់ក្រុមអ្នកសារព័ត៌មានថា «នេះមិនមែនជាជំហររបស់ប្រទេសឥណ្ឌូណេស៊ីទេ ក្នុងការគាំទ្រនូវការបោះឆ្នោតជាថ្មី នៅក្នុងប្រទេសមីយ៉ាន់ម៉ានោះ។ អ្នកនាំពាក្យរូបនេះថ្លែងថា ឥណ្ឌូណេស៊ី កំពុងពិគ្រោះយោបល់ជាមួយសមាជិកអាស៊ាន ដើម្បីទទួលបាននូវការយល់ព្រមមួយ មុនពេលដែលកិច្ចប្រជុំពិសេសមួយស្តីពីស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា នឹងត្រូវធ្វើឡើងនោះ។
ការប្រឆាំងដ៏ពេញនិយម កំពុងត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារ និងចាប់ឃុំខ្លួនអ្នកស្រី Suu Kyi និងសមាជិករដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ដោយចោទប្រកាន់ថា មានការលួចបន្លំ ក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំទៅ។
រហូតមកដល់ពេលនេះ មានអ្នកប្រឆាំងតវ៉ា៣នាក់ ត្រូវបានសម្លាប់ក្នុងការធ្វើបាតុកម្មប្រចាំថ្ងៃក្នុងពេលកន្លងមក ដែលក្នុងនោះ២នាក់ បានស្លាប់ក្នុងទីក្រុង Mandalay កាលពីថ្ងៃសៅរ៍កន្លងទៅ៕