កិច្ចប្រជុំរបស់រដ្ឋមន្ត្រីសហភាពអឺរ៉ុបក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិកនៅថ្ងៃចន្ទម្សិលមិញ បានសម្រេចរៀបចំទណ្ឌកម្មមួយចំនួន ប្រឆាំងនឹងបុគ្គលដែលមានការទទួលខុសត្រូវក្នុងការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ានម៉ា កាលពីថ្ងៃទី១ កុម្ភៈ កន្លងទៅ។
«ជាការឆ្លើយតបទៅនឹងរដ្ឋប្រហារយោធានេះ សហភាពអឺរ៉ុប ត្រៀមខ្លួនជាស្រេច ក្នុងការដាក់ចេញ នូវវិធានការណ៍តឹងរ៉ឹងមួយចំនួន ដោយកំណត់គោលដៅទៅលើអ្នកទទួលខុសត្រូវដោយផ្ទាល់នៅក្នុងរដ្ឋប្រហារនេះ។ វិធានការដទៃផ្សេងទៀត របស់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិក ត្រូវស្ថិតក្រោមការពិចារណា»។ នេះបើយោងទៅលើសេចក្តីប្រកាសនៃកិច្ចប្រជុំនេះ។
រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប ក៏ប្រហែលជាអាចដាក់ទណ្ឌកម្មថ្មីៗផងដែរ ទៅលើប្រទេសរុស្ស៊ី ដែលបានចាប់មេដឹកនាំបក្សប្រឆាំងលោក Alexey Navalnyដាក់ពន្ធនាគារនោះ។
ដោយឡែករដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ត្រូវគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំខែរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូអនឡាញនៅថ្ងៃនេះ ដើម្បីពិភាក្សាពីការបង្ក្រាបរបស់អាជ្ញាធររុស្សីទៅលើមេដឹកនាំបក្សប្រឆាំងលោកNavalny និងអ្នកគាំទ្ររបស់លោក ការធ្វើរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ា កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់និងស្ថានភាពក្នុងទីក្រុងហុងកុង៕