ក្រុមបាតុករនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានចេញមកក្នុងចំនួនដ៏ច្រើននៅថ្ងៃចន្ទនេះដើម្បីធ្វើបាតុកម្មប្រឆាំងនឹងរបបយោធា ទោះបីជាអាជ្ញាធរបានព្រមានខ្លាំងៗថានឹងឆ្លើយតបបែបប្រល័យក៏ដោយ។
ក្រុមមួយដែលគេហៅថាជាក្រុមជំនាន់ Z រួមជាមួយនឹងចលនាពលរដ្ឋប្រឆាំងបញ្ជាអាជ្ញាធរ បានចេញការអំពាវនាវមួយកាលពីថ្ងៃអាទិត្យម្សិលមិញឲ្យមានការធ្វើកូដកម្មទូទាំងប្រទេស ដោយបានជំរុញប្រជាពលរដ្ឋឲ្យមករួមគ្នាធ្វើ «បដិវត្តន៍រដូវផ្ការីក» នៅថ្ងៃដែលហៅថា «Five Twos»។
ថ្ងៃ «Five Twos» នេះចង់សំដៅដល់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលត្រូវនឹងថ្ងៃចន្ទនេះ ដែលមាន ទំនោរតាមការបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យ ៨៨៨៨ នៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៨៨។
សារមួយដែលបានផ្សព្វផ្សាយតាមទូរទស្សន៍ MRTV របស់រដ្ឋ បានព្រមានថា ក្រុមបាតុករ «ឥឡូវនេះ កំពុងញុះញង់ប្រជាពលរដ្ឋ ជាពិសេសក្មេងជំទង់និងយុវជនវ័យក្មេងដែលមានអារម្មណ៍រំជើបរំជួលឲ្យដើរលើផ្លូវប្រឈមតតាំងមួយដែលពួកគេនឹងរងគ្រោះដោយការបាត់បង់ជីវិត»។
សេចក្តីរាយការណ៍នានាចេញពីទីក្រុងរ៉ង់ហ្គូន បានបញ្ជាក់ថា កងកម្លាំងសន្តិសុខបានដាក់របាំងបិទផ្លូវនៅជិតស្ថានទូតបរទេសមួយចំនួន ដែលស្ថានទូតទាំងនោះបានក្លាយជាកន្លែងប្រមូលផ្ដុំរបស់ក្រុមបាតុករដែលអំពាវនាវឲ្យមានអន្តរាគមន៍ពីបរទេស។
លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បានសរសេរនៅលើ Twitter កាលពីយប់ថ្ងៃអាទិត្យថា លោក «មានការព្រួយបារម្ភយ៉ាងខ្លាំង» អំពីការព្រមានរបស់រដ្ឋាភិបាលយោធា។
លោកបានបន្ថែមបែបព្រមានថា៖ «មិនដូចឆ្នាំ ១៩៨៨ ទេ សកម្មភាពរបស់កងកម្លាំងសន្តិសុខ [នៅពេលនេះ] នឹងត្រូវកត់ត្រា ហើយអ្នកនឹងត្រូវទទួលខុសត្រូវ»៕