ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អន្តរជាតិ​ថ្កោលទោស​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា បន្ទាប់ពី​បាតុករ ២ នាក់​ត្រូវ​បាន​សម្លាប់


បាតុករ​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា​ ក្នុង​អំឡុងពេល​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

អន្តរជាតិ​បាន​ថ្កោលទោស​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា បន្ទាប់ពី​បាតុករ ២ នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​ប៉ូលិស​និង​កម្លាំង​សន្តិសុខ​បាន​ប្រើ​គ្រាប់​កាំភ្លើង​ពិត​និង​គ្រាប់​កាំភ្លើង​ជ័រ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក កាណុង​ទឹក និង​ចំពាម​កៅស៊ូ ដើម្បី​បង្ក្រាប​អ្នក​ដែល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ថ្កោលទោស​អំពើ​ហិង្សា​ដ៏​ប្រល័យ​នេះ ដោយ​សរសេរ​នៅ​លើ Twitter កាលពី​យប់​ថ្ងៃ​សៅរ៍​ថា៖ «ការ​ប្រើ​កម្លាំង​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ការ​គំរាមកំហែង ការ​រំខាន​យាយី​បាតុករ​ដែល​តវ៉ា​ដោយ​សន្តិវិធី គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ»។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​លោក Tom Andrews បាន​សរសេរ​នៅ​លើ Twitter ថា៖ «ខ្ញុំ​មាន​ក្ដី​រន្ធត់​ចំពោះ​ការ​បាត់បង់​ជីវិត​មនុស្ស​បន្ថែម​ទៀត ដែល​ក្នុង​នោះ​មាន​ទាំង​ក្មេង​ប្រុស​ជំទង់​ម្នាក់​នៅ​ក្នុង​ទីក្រុង Mandalay ផងដែរ ស្រប​ពេល​ដែល​រដ្ឋាភិបាល​យោធា​បាន​បង្កើន​ភាព​ឃោរឃៅ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដោយ​ប្រើ​តាំងពី​កាណុង​ទឹក​រហូត​ដល់​គ្រាប់​កាំភ្លើង​ជ័រ​និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ហើយ​ឥឡូវ​នេះ​ទាហាន​ថែម​ទាំង​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​ដាក់​អ្នក​តវ៉ា​សន្តិវិធី​ទៀត។ ភាព​ឆ្កួត​លីលា​នេះ​ត្រូវតែ​បញ្ចប់​នៅ​ពេល​នេះ!»។

មនុស្ស ២០ នាក់​បាន​រង​របួស​នៅ​ក្នុង​អំពើ​ហិង្សា​កាលពី​ថ្ងៃ​សៅរ៍។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្រុម​សេវា​សង្គ្រោះ​បន្ទាន់​ស្ម័គ្រចិត្ត​មួយ​ក្រុម។ មនុស្ស ៥៦៩ នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​យោធា​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ (Assistance Association for Political Prisoners)។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​ការ «ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង» អំពី​សេចក្ដី​រាយការណ៍​ដែល​ថា កង​កម្លាំង​សន្តិសុខ [មីយ៉ាន់ម៉ា] បាន​បាញ់​លើ​អ្នក​តវ៉ា និង​បាន​បន្ត​ឃុំ​ខ្លួន និង​យាយី​បាតុករ​និង​អ្នក​ដទៃ​ទៀត។

លោក Price បាន​សរសេរ​នៅ​លើ Twitter ថា៖ «សហរដ្ឋ​អាមេរិក​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ភូមា [មីយ៉ាន់ម៉ា]»។

ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ពិចារណា​ចាត់​វិធានការ​បន្ថែម​ប្រឆាំង​នឹង​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​តវ៉ា។ ចំណែក​ឯ​ក្រសួង​ការបរទេស​បារាំង​វិញ​បាន​ហៅ​អំពើ​ហិង្សា​នេះ​ថា​ជា​រឿង​ដែល «មិន​អាច​ទទួល​យក​បាន»។

នៅ​ក្នុង​សារ​តាម Twitter ប្រធាន​គោល​នយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​អំពាវនាវ​ឲ្យ «យោធា​និង​កង​កម្លាំង​សន្តិសុខ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បញ្ឈប់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជន​ស៊ីវិល​ជា​បន្ទាន់»។

បណ្ដា​រដ្ឋមន្ត្រី​នៃ​សហភាព​អឺរ៉ុប​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​ស្អែក ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG