លោក​ស្រី​ អង់​សាន​ ស៊ូ​ជី​ បញ្ជាក់​ជា​ថ្មី​អំពី​ការ​កែប្រែ​រដ្ឋធ្មនុញ្ញ​ភូមា

លោក​ស្រី​ អង់​សាន ស៊ូជី នៅក្នុង​ការិយាល័យ​​ក្នុង​អំឡុង​ពេល​ថ្ងៃសម្រាក​បុណ្យ​អ៊ុំទូក​របស់​ប្រទេស​ភូមា (១៤ មេសា​២០១៦)។

លោកស្រី ​អង់​សាន​ ស៊ូ​ជី ​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ភូមា​ត្រូវ​ការ​កែ​ប្រែ​ដើម្បី​ធ្វើឱ្យ​អតីត​ប្រទេស​ជាតិ​នេះ​ដែល​ធ្លាប់​គ្រប់​គ្រង​ដោយ​ពួក​យោធា​ក្លាយ​ទៅជា​«សហភាពសហព័ន្ធ​ប្រជាធិបតេយ្យ»មួយ​ដោយ​ពិត​ប្រាកដ។​

ជ័យ​លាភី​រង្វាន់​ណូបែល​រូប​នេះ​និង​ជា​ប្រមុខ​រដ្ឋ​តាម​ព្រឹត្តន័យ​បាន​ថ្លែង​ជា​ថ្មី​ទៀត​អំពី​ការ​ប្តេជ្ញា​របស់​លោក​ស្រី​ថា​ នឹងសើរើ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ជាតិ​នៅ​ក្នុង​សុន្ទរកថា​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រទេស​ជាតិ​កាលពី​ថ្ងៃ​ចន្ទ​ ជា​ផ្នែក​មួយ​នៃ​គោលដៅ​របស់​លោក​ស្រី​ក្នុង​ការ​ធ្វើឱ្យ​ប្រាកដ​ប្រជា​អំពី​«ការ​ផ្សះ​ផ្សាជាតិ» ​ដោយ​មាន​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​ស្មើៗ​គ្នា​ទៅ​លើ​ពួក​ជន​មាន​អំបូរ​ពូជសាសន៍​ផ្សេងៗ​គ្នា​របស់​ប្រទេស​ភូមា។

ប្រទេសភូមា​មាន​បញ្ហា​ច្រើន​បណ្តាល​មក​ពី​ការ​បះបោរ​ដោយ​ពួកជន​មានអំបូរ​ផ្សេងៗ​គ្នា​ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ​១៩៤៨​មក។

រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​បាន​ត្រូ​វតាក់​តែង​ដោយ​ក្រុមប្រឹក្សា​យោធា​ដែល​បាន​គ្រប់​គ្រង​ប្រទេស​ភូមា​យូរយា​មក​ហើយ​ នៅ​មុន​ពេលពួក​នេះ​ប្រគល់​អំណាច​កាលពី​ឆ្នាំ​២០១១​ ទៅ​ឱ្យ​រដ្ឋាភិបាល​ពាក់​កណ្តាល​ស៊ីវិល​មួយ។​ ក៏​ប៉ុន្តែ​ ក្រុមយោធា​បាន​ផ្តល់​ឱ្យ​ខ្លួនឯង​នូវ​២៥ភាគ​រយ​នៃ​អាសនៈ​ទាំង​អស់​ក្នុង​សភា​រួម​ទាំង​តំណែង​រដ្ឋមន្ត្រី​សំខាន់ៗ​ គឺ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​ការពារ​ប្រទេស​ ដែល​ជា​ការ​គ្រប់​គ្រាន់​ដើម្បី​ផ្តល់​ឱ្យ​ពួក​គេ​នូវ​អំណាច​វ៉េតូ​ដល់​សំណើ​ណា​មួយ​ស្តី​ពីការ​កែប្រែ​រដ្ឋធម្មនុញ្ញ៕