សកម្មជន​មីយ៉ាន់ម៉ា អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​សហការ​ជាមួយ​ប្រព័ន្ធ​ដឹកនាំ​របស់​យោធា

  • ​Reuters

រូបឯកសារ៖ ក្រុមសកម្មជន កាន់ផ្ទាំង​បដា ក្នុង​ពេល​ធ្វើ​បាតុកម្ម​គាំទ្រ​ចលនា​ប្រឆាំង​រដ្ឋប្រហារ​នៅមីយ៉ានម៉ា នៅមុន​ពេល​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​ធ្វើឡើង​នៅ​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

ក្រុម​សកម្មជន​មីយ៉ាន់ម៉ា​ បាន​អំពាវនាវ​នៅ​ថ្ងៃ​ចន្ទ​នេះ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​បង់​វិក្កយបត្រ​អគ្គិសនី​និង​ប្រាក់​កម្ចី​កសិកម្ម និង​កុំ​ឲ្យ​កូនចៅ​របស់​ពួកគេ​ទៅ​សាលារៀន ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ដឹកនាំ​របស់​របប​យោធា។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​អំពី​វិបត្តិ​មីយ៉ាន់ម៉ា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃ​សៅរ៍។

ការ​តវ៉ា​មួយ​ចំនួន​បាន​ធ្វើ​ឡើង​នៅ​តាម​ទីក្រុង​ធំៗ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

លោក Khant Wai Phyo ដែល​ជា​សកម្មជន​មួយ​រូប បាន​ថ្លែង​នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ក្រុង Monywa កាលពី​ថ្ងៃ​អាទិត្យ​ថា៖ «យើង​ទាំង​អស់​គ្នា​ត្រូវតែ​រួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ការ​ធ្វើ​ពហិការ​ប្រឆាំង​នឹង​របប​យោធា​នេះ​ទទួល​បាន​ជោគជ័យ»។

លោក​បាន​បន្ថែម​ថា៖ «យើង​កុំ​ចូលរួម​នៅ​ក្នុង​ប្រព័ន្ធ​របស់​ពួកគេ។ យើង​កុំ​សហការ​ជាមួយ​ពួកគេ»។

មេដឹកនាំ​របប​យោធា​មិន​បាន​ធ្វើ​តាម​ការ​អំពាវនាវ​របស់​ក្រុម​អ្នក​តវ៉ា​ដែល​ចង់​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​នោះ​ទេ ហើយ​កិច្ច​ព្រមព្រៀង​របស់​អាស៊ាន​កាលពី​ថ្ងៃ​សៅរ៍​ ក៏​មិន​បាន​បញ្ចាក់​អំពី​ពេលវេលា​នៃ​ការ​បញ្ចប់​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នោះ​ឡើយ។

អង្គការ​តស៊ូ​មតិ​មួយ​ដែល​តាមដាន​ស្ថានការណ៍​នៅ​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​ថា កន្លង​មក មនុស្ស ៧៥១ នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កង​កម្លាំង​សន្តិសុខ នៅ​ពេល​ដែល​យោធា​បាន​ប្រើ​កម្លាំង​ប្រល័យ​ដើម្បី​បង្ក្រាប​ការ​តវ៉ា៕