អ្នក​កាន់​សាសនា​ឥស្លាម​នៅជុំ​​វិញ​ពិភពលោក​ប្រារព្ធ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ Eid al-Fitr

ពិធី​បុណ្យ​ Eid al-Fitr ត្រូវ​បាន​ប្រារព្ធ​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន។

អ្នកកាន់​សាសនា​ឥស្លាម​នៅ​ជុំ​វិញ​ពិភពលោក​កំពុង​ប្រារព្ធ​ពិធី​បុណ្យ Eid al-Fitr ​ជា​ថ្ងៃ​ឈប់​សម្រាក​ដែល​កត់សម្គាល់​នៃការ​បញ្ចប់រដូវ​ពិសិដ្ឋ​រ៉ាម៉ា​ដាន។ ថ្ងៃឈប់​សម្រាក​នេះជាការ​បញ្ចប់រដូវ​បុណ្យ​រ៉ាម៉ាដាន​នៅពេល​ដែលការតម​ចំណីអាហាររបស់​អ្នកកាន់​សាសនា​ឥស្លាមពី​ថ្ងៃ​រះ​រហូត​ដល់​ថ្ងៃ​លិច​ដែល​មាន​រយៈ​ពេល​១ខែ។

​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​ប្រធានា​ធិបតី Ashraf Ghani ​កាល​ពី​ថ្ងៃ​សុក្រ​បាន​សរសើរ​ការឈប់​បាញ់​គ្នា​រយៈ​ពេល​៣​ថ្ងៃ​ជាមួយ​ពួកតាលីបង់​នៅ​ក្នុង​សុន្ទរ​កថា​ទៅ​កាន់​ប្រទេស​ជាតិ​ដើម្បី​ប្រារព្ធ​ការឈប់​សម្រាក​បុណ្យEid នេះ។ការ​ឈប់​បាញ់​គ្នា​នេះ​មាន​រហូត​ដល់​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ​ទោះ​ជា​យ៉ាង​ណាក៏ដោយ ​ប្រធា​នាធិបតី Ghani ​បាន​អំពាវនាវ​ឲ្យមានការ​ឈប់​បាញ់​គ្នា​រយៈ​ពេល​យូរជាងនេះ​ហើយ​បាន​អំពាវនាវ​ម្តង​ទៀត​ឲ្យ​ពួកតាលីបង់​មក​ចូលរួមតុចរចា។

ប្រធានា​ធិបតី​ស៊ីរី ​បាសា អាសាធ​បាន​ចូលរួមការ​សូត្រធម៌​ពិធីបុណ្យEid កាល​ពី​ថ្ងៃ​សុក្រ​នៅឯ​វិហារ​ឥស្លាម​ក្នុង​ទីក្រុង Tartousដែល​ជា​ទីក្រុង​មួយ​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​ដែល​នៅ​តែរក្សា​ភាព​ស្មោះ​ត្រង់​ជាមួយ​មេដឹកនាំ​នេះទូទាំង​សង្គ្រាម​ស៊ីវិលរយៈ​ពេល​៧ឆ្នាំ។

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ​មនុស្ស​រាប់​សែននាក់​បាន​ទៅ​កំពង់ចម្លង​និង​ស្ថានីយ​រថភ្លើង​នៅទីក្រុង ដាកា ​ក្នុង​ក្តី​សង្ឃឹម​វិលត្រឡប់​ទៅ​កាន់​ផ្ទះ​វិញ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យEid។​ បង់ក្លាដែស​មាន​គម្រោង​ធ្វើ​ពិធី​បុណ្យ Eid ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ដែល​ពឹង​ផ្អែក​លើ​ការ​មើល​ព្រះ​ចន្ទ៕