សហគមន៍​ជនជាតិ​មូស្លីម​ក្នុង​ទីក្រុង​ញូវដាលី​ប្រទេស​ឥណ្ឌា​ប្រែក្លាយ​ទីតាំង​បាតុកម្ម​ទៅ​ជា​មណ្ឌល​ម្ហូប​អាហារ

  • Anjana ​Pasricha

មនុស្សជាច្រើន​បាន​មក​តំបន់ Shaheen Bagh ដែល​ពេញ​និយម​សម្រាប់​អាហារ​សម្រន់។

សហគមន៍​ជនជាតិ​មូស្លីម​មួយ​កន្លែងក្នុង​ប្រទេសឥណ្ឌា ដែលត្រូវ​បាន​គេ​ស្គាល់​តិចតួច​ក្នុង​ពេល​កន្លង​ទៅ ពេល​នេះ​បាន​ប្រែក្លាយ​កន្លែងធ្វើបាតុកម្មប្រឆាំង​តវ៉ានៅ​តាម​ដង​ផ្លូវ​ជាតិ​មួយ​កាល​ពី​ ៤ ​ឆ្នាំមុនទៅ​ជាមជ្ឈមណ្ឌល​ម្ហូបអាហារ​ ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​ និង​បាន​ទាក់ទាញមនុស្ស​ជា​ច្រើន​រយនាក់មក​ពី​ផ្នែក​ផ្សេងៗ​ទាំង​ក្នុង ​និង​ក្រៅទីក្រុង​ញូវដែលី​មក​កាន់​ទី​នេះ​ ដោយ​រួម​ទាំង​អ្នក​មិន​មែន​ជា​ជនមូស្លីម​ផង​ដែរ។

ក្នុង​សង្កាត់​មួយ​នៃទីក្រុង​ញូវដែលី​ដែល​មាន​ជនជាតិ​មូស្លីម​រស់​នៅ​ភាគ​ច្រើន​ ហើយ​ដែល​មិន​សូវ​មាន​អ្នកស្គាល់​ច្រើន​នោះបានធ្វើ​ឱ្យមាន​ការ​ចាប់អារម្មណ៍​កាល​ពីរដូវ​ត្រជាក់ឆ្នាំ ​២០១៩ ​និង ​២០២០ ដោយ​ស្ត្រី​រាប់ពាន់​នាក់​បាន​នាំ​គ្នា​ចេញ​មក​បោះជំរំប្រមូល​ផ្តុំ​នៅតាម​ដងផ្លូវ​ជាតិ​មួយ​កន្លែងអស់​រយៈពេល ​៣ ​ខែ​ ដោយ​ប្រឆាំង​តវ៉ា​ទៅ​នឹង​ច្បាប់​សញ្ជាតិ​មួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ជាតិ​និយម​ហ៊ិនឌូ​ ដែល​ក្រុម​ជនមូស្លីម​ទាំងនោះ​និយាយ​ថា​ ជាការ​រើសអើងប្រឆាំង​នឹង​ពួក​គេ។

ប៉ុន្តែ ​៤ ​ឆ្នាំ​ក្រោយ​មក តំបន់​វណ្ណៈកម្មករ​មួយនេះ​ដែល​គេ​ស្គាល់​ឈ្មោះ​ថា Shaheen Bagh បាន​ប្រែក្លាយទី​កន្លែង​ប្រឆាំង​មួយ​នេះ​ទៅ​ជា​មជ្ឈម​មណ្ឌល​ម្ហូបអាហារ​មួយ​ដែលបានទាក់ទាញ​មនុស្ស​ជា​ច្រើន​រយ​នាក់​។

ក្រុម​អ្នក​ភូមិ​នៅ​ទី​នោះ​បាន​ភ្ជាប់​អត្តសញ្ញាណ​ថ្មី​របស់​គេ​ទៅ​នឹង​ថ្ងៃ​ ដែល​ពលរដ្ឋជា​ច្រើនមក​ពី​គ្រប់ផ្នែក​ក្នុង​ទីក្រុង ចេញ​មកសម្តែង​សាមគ្គីភាព​របស់គេ​ជា​មួយ​ក្រុមអ្នក​ធ្វើ​បាតុកម្ម​ ​ហើយ​ជា​ញឹកញាប់​បាន​អង្គុយលេង​ជា​មួយ​គ្នា​ នៅ​កន្លែងតង់ម្ហូបអាហារដែល​ដាក់​តម្រៀបតគ្នា​នៅ​តាម​បណ្តាយផ្លូវ។

អ្នក​ស្រី Aasif Mujtaba ជា​អ្នក​រៀបចំ​ម្នាក់​នៃ​ការ​ប្រឆាំង​តវ៉ានោះ​បាន​និយាយ​ថា នៅ​ពេល​ដែល​អ្នក​អង្គុយនៅ​កន្លែង​បាតុកម្ម​យូរ​ពេក អ្នកមាន​អារម្មណ៍​ថា​ហត់នឿយ​និង​អស់​កម្លាំង ដូច្នេះ​ក៏​មករក​ហូប​តែ​មួយ​កែវ​នៅ​តូប​លក់​តែ។ អ្នក​មិន​គ្រាន់​តែ​ផឹកតែ​ទេ​ តែ​ក៏​និយាយបញ្ចេញ​គំនិត​យោបល់​ផង​ដែរ។ នោះ​ជា​ពេល​វេលា​មួយ​ ដែល​សហគមន៍​មិន​សូវ​គេ​ស្គាល់នេះត្រូវ​បាន​គេស្គាល់​ច្រើនថា​ជាមនុស្ស​ដែល​មានភាព​រួសរាយ​រាក់ទាក់និង​ជាអ្នក​មាន​ថ្វីដៃ​ខាង​ធ្វើ​ម្ហូប​ឆ្ងាញ់ៗ​ផង​ដែរ»។

កន្លែង​ដាក់ម្ហូប​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ធ្វើ​បាតុកម្ម​ទេ។ អ្នក​ស្រុក​ធ្វើ​ម្ហូប​នៅ​ផ្ទះ​ហើយ​ផ្តល់​ដល់​អ្នក​ប្រឆាំង​តវ៉ាដែល​អង្គុយនៅលើ​ផ្លូវ​ជាតិ​នៅក្នុង​រដូវ​រងារ​ដ៏​ត្រជាក់​ខ្លាំង​នៅពេល​យប់។ សកម្មភាព​ធ្វើ​ម្ហូប​អាហារ​នៅ​ចង្ក្រានរបស់​សហគមន៍​ក៏​មាន​ភាព​មមាញឹកខ្លាំង​ផង​ដែរ។ ក្រុម​អ្នក​ស្ម័គ្រចិត្ត​នៅសង្កាត់​ខាង​ក្រៅ​ក៏​បាន​យក​ម្ហូប ​តែ​និង​ទឹក​មក​ចូលរួម​ដែរ។ អ្នកស្រី Tanushree Bhasin ជា​អ្នក​កាសែត​ដែល​បាន​មក​ដល់​កន្លែង​នេះ​ជា​លើក​ទី ១ ក្នុង​អំឡុង​ពេល​នៃការ​ប្រឆាំង​តវ៉ា​នោះនិយាយ​ថា ​មនុស្ស​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍ទៅ​លើ​ភាព​រួសរាយ​រាក់ទាក់ ដែល​គេ​ឃើញ​នៅ​ពេល​ដែល​អ្នក​ភូមិ​និងអ្នក​ក្រៅ​ភូមិ​ចែក​ម្ហូបអាហារ​គ្នាទៅ​វិញ​ទៅ​មក។

អ្នក​ស្រី Bhasin និយាយ​ថា​៖ «វា​បង្កើត​នូវ​ចំណង​សាមគ្គីភាព។ មនុស្ស​ជា​ច្រើនដែល​មាន​បទពិសោធន៍​ផ្សេងៗ​គ្នា​បាន​មកកាន់​កន្លែង​ប្រឆាំង​តវ៉ា​នេះ​ ហើយ​ម្ហូបអាហារពិត​ជា​បាន​ជួយ​ឱ្យ​ពួក​គេ​ជួប​គ្នា។ កាយវិការ​ចែក​រំលែក​ម្ហូបអាហារ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​បង្កើត​នូវ​ចំណង​មិត្តភាព​មួយ​ដែល​គង់វង្ស​និងមាន​ឥទ្ធិពលលើ​អ្នក។ អ្នក​តវ៉ាផ្តល់​តែ​ឱ្យ​អ្នក​ផឹក បើ​ទោះ​ជា​អ្នក​មក​ពី​ក្រៅ​សហគមន៍​ឬ​ជា​អ្នក​ស្ម័គ្រចិត្ត​ដែល​យក​ម្ហូប​មកចែក​ចាយក្តី​នេះ​ជា​ការ​តភ្ជាប់​នូវ​ទំនាក់ទំនង​ដ៍​មាន​ឥទ្ធិពល​មួយ»។

លោក Aasif Mujtaba ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់ Shaheen Bagh ថា មនុស្ស​ជាច្រើន​មក​ពី​តំបន់​ផ្សេង​បាន​ឈ្វេងយល់ពី​សហគមន៍មូស្លីម​ពេល​មក​តំបន់​លក់​អាហារ​សម្រន់​ដ៏ពេញនិយម​នៅទីនេះ។

ការតវ៉ា​ដោយ​សន្តិវិធី​នៅ​តាម​ដង​ផ្លូវ​ជាតិ​នោះបាន​រំសាយ​ នៅ​ពេល​ដែល​ជំងឺរាតត្បាត​កូវីដ១៩ បាន​បិទ​ទីក្រុង​ទាំង​មូល​។​ ប៉ុន្តែ​នៅ​ពេល​ការ​រឹតបន្តឹង​ត្រូវ​បាន​លុបចោល​វិញ ក្រុម​អ្នក​តវ៉ា​បាន​ត្រឡប់​មក​កន្លែង​ដើម​វិញ​ ហើយ​បន្តិចម្តងៗ ហាង​អាហារ Mughlai ដែល​ល្បី​ឈ្មោះ​ក្នុង​ក្រុង​ញូវដែលី ត្រូវ​បាន​បង្កើត​ឡើងដើម្បី​បំពេញ​តាម​សេចក្តី​ត្រូវ​ដែល​កើន​ឡើង។

ខណៈការ​ពេញ​និយម​នៃ​អាហារ​តាម​ផ្លូវនេះកើន​ឡើង​ ​ដោយ​មាន​ការ​ជួយ​ផ្សព្វផ្សាយវីដេអូ​លើបណ្តាញ​សង្គម Instagram និង YouTube ផងនោះ​ ចំនួន​អ្នក​ដែល​មក​កាន់ទី​នេះ​បាន​កើន​ឡើង​ ហើយ​ភោជនីយដ្ឋាន​កាន់​តែ​ច្រើន​ថែម​ទៀត​បានធ្វើ​ម្ហូប រាប់តាំង​ពី​ម្ហូប​ឥណ្ឌា Mughlai រហូត​ដល់​ម្ហូប​អាហ្វហ្គានីស្ថាន​និង​ម្ហូប​តួកគី។ ពេល​នេះ​ក្លិនឈ្ងុយ​នៃ​សាច់អាំង kebabs និង​សាច់​មាន់​កំពុងកើត​ឡើង​នៅ​តាម​ផ្លូវ​ដ៏កងរំពងមួយ​នេះ។

លោក Mohammad Nauman បាន​បើក​ភោជនីយដ្ឋានសាច់មាន់ Changezi ក្នុង​តំបន់​នេះ​កាល​ពី​ ៣ ​ខែ​មុន។

លោក Nauman បាន​និយាយ​ក្នុង​ពេល​ដែល​កំពុងមមាញឹក​បម្រើ​អតិថិជន​របស់​លោក កាល​ពី​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា៖ ​«ទី​នេះបាន​ក្លាយ​ជា​កន្លែង​ដែល​ពេញ​និយម​មួយ ក្រោយ​ពី​ការ​ប្រឆាំង​តវ៉ា។ ​ស្តង់​ម្ហូប​ពេញនិយម​ជា​ច្រើន​ក្នុង​តំបន់​ក្រុង​ញូវដាលី​ ត្រូវ​បានបង្កើត​ឡើង​និង​ដាក់តជាប់ៗ​គ្នានៅ​ទី​នេះ។ ដោយ​ឃើញ​ដូច​នេះ​ហើយ​យើង​ក៏​បើក​ហាង​យើងមួយ​នៅ​ទី​នេះ​ដែរ។ លោកបាន​មើល​ឃើញ​ពី​មុខរបរ​ដ៏​កាក់កប​នៅ​ទី​នេះ​ ដោយ​និយាយ​ថា​ មនុស្ស​ជា​ច្រើន​ដែល​មក​ទី​នេះ​មិន​មែន​ជា​ជន​មូស្លីមឡើយ»។

សម្រាប់​អ្នករស់​នៅ​ក្នុង​តំបន់​នេះ​ អាហារ​តាម​ផ្លូវទាំង​នេះ​មាន​អត្ថន័យ​ច្រើន​លើស​ពី​គ្រាន់​តែ​ជា​មុខ​ជំនួញ​និង​ការងារ។ ពួក​គេនិយាយ​ថា​ វា​បាន​ជួយ​ដើម្បី​កុំ​ឱ្យ​មាន​ការ​យល់​ខុស​ពី​ជនជាតិ​មូស្លីម​នៅ​ក្នុង​ប្រទេស​មួយ​ ដែល​ក្រុម​អ្នក​រិះគន់និយាយ​ថា មាន​ការស្អប់ខ្ពើម​និង​ការ​រើសអើងជាតិសាសន៍​ ដែល​សំដៅ​ទៅ​លើ​សហគមន៍​ជនជាតិ​ភាគ​តិច​ដ៍​ធំ​បង្អស់​របស់​ឥណ្ឌា​ បាន​កើន​ឡើងនៅ​ក្នុង​ការ​គ្រប់គ្រង​អំណាច​នៃ​គណបក្ស​ជាតិ​និយម​ហិនឌូ Janata ។ គណបក្ស​ដែល​ដឹកនាំ​រដ្ឋាភិបាល​មួយ​ នេះ​បាន​បដិសេធ​ដាច់​អហង្ការ​នូវ​ការចោទ​ប្រកាន់​ទាំង​នេះ។

លោក Mohammad Nauman បាន​បើក​ហាង​លក់​អាហារ​កាលពី​បីខែ​មុន នៅតំបន់លក់​អាហារ​សម្រន់ដ៏ពេញនិយម​នេះ។

មនុស្សជាច្រើន​បាន​មក​តំបន់ Shaheen Bagh ដែល​ពេញ​និយម​សម្រាប់​អាហារ​សម្រន់។

ការនិយាយ​ប៉ះពាល់ដែល​ថាជនជាតិ​មូស្លីម​អាក្រក់​ ជនជាតិ​មូស្លីម​ជា​ភេរវករ​ឬ​ក៏​ថា​តំបន់​នេះ​ជា​កន្លែង​មិន​ស្វាគមន៍នោះ​ ត្រូវ​បាន​លុប​ចោល​ដោយ​ការជួបជុំ​ចែក​រំលែក​ម្ហូបអាហារ​ទាំង​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី Mujtaba។

អ្នកស្រី​បន្ថែម​ទៀត​ថា​៖ «ដូច​ជា​នៅថ្ងៃ​នេះ​ជា​ដើម ដោយសារ​ការរៀបចំ​ឱ្យ​មាន​ស្តង់​ម្ហូប​ទាំង​នេះ មាន​មនុស្ស​ជា​ច្រើនមក​ពី​ក្រៅ​តំបន់​ក្រុង​ដេលី ជា​ពិសេសអ្នក​មិន​មែនជា​ជន​មូស្លីម​ បាន​មក​កាន់តំបន់ Shaheen Bagh ហើយ​ដោយ​សារ​មាន​មនុស្ស​ជា​ច្រើន​មក​កាន់​ទី​នេះ វា​ជា​បទ​ពិសោធន៍​ទី ១ ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជា​មួយ​ក្រុម​ជនជាតិ​មូស្លីម​នៅ​ទី​នេះ»។

ច្បាប់​សញ្ជាតិ​ដ៏​ចម្រូង​ចម្រាស់នេះ​ដែលធ្វើឱ្យ​មាន​បាតុកម្ម​តវ៉ា​កើត​ឡើង​ ​នឹង​ពិនិត្យ​មើលយ៉ាង​ឆាប់​រហ័ស​ដល់​ក្រុម​ជនជាតិ​ភាគតិច​ដែល​មាន​សញ្ជាតិ​ឥណ្ឌា​កាន់​សាសនា​ផ្សេងៗ​ ដូច​ជា​ហិនឌូ​ Sikh និងសាសនា​គ្រីស្ទ​ ដែល​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បង់ក្លាដែស​និង​ប្រទេសប៉ាគីស្ថាន ​ប៉ុន្តែ​មិន​រាប់បញ្ចូល​នឹង​ជនជាតិ​មូស្លីមឡើយ។ រដ្ឋាភិបាល​បាន​ច្រាន​ចោល​នូវ​ការ​រិះគន់ ដែល​ថា​ច្បាប់​នេះ​មានការរើសអើង​នោះ។

ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា ​គោលនយោបាយនេះ​បាន​ជ្រាបចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ប្រទេស​ ដែល​មាន​អ្នក​កាន់​សាសនា​ហិនឌូភាគ​ច្រើន​បំផុត ដែល​ក្នុងនោះមានជនជាតិ​មូស្លីម​ប្រមាណ​ ២០០ ​លាន​នាក់ ដែលជា​ជនជាតិ​ភាគតិច​ដ៏​ធំ​បំផុតក្នុង​ប្រទេស​នេះ។ ​ពួកគេ​បានលើក​ឡើង​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅក្នុង​ប្រទេស​ឥណ្ឌា​ ដែល​គណបក្ស​ប្រឆាំង​នានា បាន​ចោទប្រកាន់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​ដែល​មាន​លក្ខណៈ​បំបែកបំបាក់​ ក្រោយពី​លោក​បាន​និយាយ​នៅក្នុង​ការ​ជួប​ជុំ​អ្នកគាំទ្រលោក​កាល​ពី​ខែ​មេសា​ថា​គណបក្ស​សមាជ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំបំផុត​មួយនោះ​ ចង់​ផ្តល់​ផលប្រយោជន៍​បន្ថែម​ខ្លាំង​ទៀតដល់​អ្នក​ដែល​មាន​កូនច្រើន និង​អ្នកដែល​ជ្រៀត​ចូល​មក​ក្នុង​ប្រទេស​ឥណ្ឌា។

ការថ្លែង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថាលោក​ចង់​សំដៅ​ទៅ​លើ​ជនជាតិមូស្លីម។ លោកModi បាន​និយាយនៅ​ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ​ទូរទស្សន៍ Times Now ថា​ លោក​មិន​ប្រឆាំង​នឹង​សាសនា​អ៊ិស្លាម​ឬ​ជនជាតិ​មូស្លីម​ឡើយ។

ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ស្ថិតក្នុង​ស្ថានភាព​បែក​បាក់​គ្នា​នេះ​ អាហារ​តាម​ផ្លូវ​ក្នុង​សហគមន៍ Shaheen Bagh បាន​បង្ហាញ​នូវ​ជ្រុងរូបភាព​មួយ​ផ្សេង។ អ្នក​ស្រី Bhasin ដែល​ពេល​នេះ​មានមិត្តភ័ក្ត​ជា​ច្រើន​នៅ​ក្នុង​តំបន់​នេះ​ បាន​ហៅ​វា​ថាជា​ «និមិត្តរូបនៃ​ការ​រួម​បញ្ចូល​គ្នា»។

អ្នក​ស្រី​បន្ត​ទៀត​ថា​៖ «នេះ​ជា​កិច្ចសហការ​ដ៏​ល្អ​អស្ចារ្យមួយ។ វា​មាន​ការ​សាមគ្គីគ្នារវាង​សហគមន៍​ខុសៗគ្នា និង​ការគោរពនិង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច​នេះវា​ពិត​ជា​គំរូដ៏​ប្រពៃមួយ​សម្រាប់​ផ្នែក​ផ្សេងៗ​ដទៃទៀត​ក្នុង​ប្រទេស​ឥណ្ឌាដើម្បី​អនុវត្ត​តាម»។

ប៉ុន្តែ​អ្នក​ស្រី​ថា ​សហគមន៍ Shaheen Bagh នៅ​ជា​កន្លែងដែល​មាន​លក្ខណៈ​នយោបាយ​មួយ។ នៅ​ពេល​នេះ​ ពេល​ដែលអ្នក​មក​កាន់ទី​នេះ​ អ្នក​មិន​ភ្លេច​នឹក​ដល់រឿង​ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា​ឡើយ​ នៅ​ពេល​កំពុង​ហូប​អាហារ​នៅ​ទី​នេះ។ វាមាន​ការ​ពាក់ព័ន្ធ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​អាច​ជៀស​ផុត​ឡើយ៕

ប្រែសម្រួល​ដោយ​លោក​ ជ្រា វណ្ណារិទ្ធ