ប្រទេសអារ៉ាប៊ីសាអូឌីតប្រហែលជាអាចសោកស្តាយចំពោះការវាយប្រហាររបស់ខ្លួនទៅលើស្ត្រីអាមេរិកាំងកាន់សាសនាឥស្លាមខាងគណបក្សប្រជាធិបតេយ្យពីរនាក់ដែលបានឈ្នះអាសនៈនៅក្នុងសភាកាលពីពេលបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីសហរដ្ឋអាមេរិក។
ម្នាក់ក្នុងចំណោមនោះ គឺលោកស្រី Ilhan Omar តំណាងរាស្ត្រមកពីរដ្ឋ Minnesota គឺជាសមាជិកម្នាក់នៅក្នុងគណកម្មាធិការសភា ដែលមានអំណាចដាក់កំណត់លើការលក់អាវុធរបស់អាមេរិកទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីត។ លោកស្រី Ilhan Omar គឺជាជនជាតិអាមេរិកាំងដើមកំណើតសូម៉ាលី ជាអ្នកដែលបានឈ្នះគ្រប់គ្រងអាសនៈនៅក្នុងគណកម្មាធិការសភាទទួលបន្ទុកកិច្ចការបរទេសកាលពីសប្តាហ៍មុន ហើយស្ត្រីដែលជាសមាជិកសភាម្នាក់ទៀតគឺលោកស្រី Rashida Tlaib មកពីរដ្ឋ Michigan ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាញផ្សព្វផ្សាយនានាដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃរាជាណាចក្រសម្បូរទៅដោយធនធានប្រេងមួយនេះ ព្រមទាំងអ្នកវិភាគ និងអ្នកផ្សាយព័ត៌មានមួយចំនួនដែលឆ្លុះបញ្ជាំងអំពីទស្សនៈរបស់ក្រុមគ្រួសាររាជវង្សដែលកំពុងគ្រប់គ្រងរាជាណាចក្រមួយនេះផងដែរ។
លោកស្រី Omar ដែលជាសមាជិកគណកម្មាធិការកិច្ចការបរទេសរបស់សភាបាននិយាយថាលោកស្រីនឹងដាក់កំណត់លើការលក់អាវុធទៅឲ្យពួកអ្នករំលោភសិទ្ធិមនុស្សដូចជាប្រទេសអារ៉ាប៊ីសាអូឌីតមួយនេះ។
ការវាយប្រហារនានាទៅលើសមាសជិកសភាទាំងពីរនាក់ដែលបានដាក់ងារខ្លួនឯងថា ជាអ្នកសង្គមប្រជាធិបតេយ្យរូបនេះ មិនទាន់បានចុះថមថយនៅឡើយទេ ចាប់តាំងពីពួកគេឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ដែលបានធ្វើឲ្យពួកគេក្លាយជាស្ត្រីកាន់សាសនាឥស្លាមលើកដំបូងកាន់តំណែងជាសមាជិកសភាសហរដ្ឋអាមេរិក។
អ្នកការទូតអារ៉ាប៊ីសាអ៊ូឌីតម្នាក់បានចាប់ផ្តើមបញ្ចេញមតិប្រឆាំងនឹងសមាជិកសភាដោយការបង្ហោះសារវាយប្រហារផ្តោតទៅលើលោកស្រី Omar កាលពីយប់នៃការបោះឆ្នោតដោយបាននិយាយថាលោកស្រីនឹងក្លាយទៅជាអ្នកប្រឆាំងនឹងឈូងសមុទ្រ និងបានចោទប្រកាន់លោកស្រីថាជាអ្នកនយោបាយប្រកាន់ខ្ជាប់សាសនាឥស្លាមតំណាងឲ្យក្រុមជនជាតិឥស្លាមរបស់លោកស្រី៕