យោធាស៊ីមបាវ៉េបានបញ្ជូនរថក្រោះទៅក្នុងរដ្ឋធានី Harare និងបានឃុំឃាំងលោកប្រធានាធិបតី Robert Mugabe អស់រយៈពេលជិតមួយសប្តាហ៍មកហើយ។ វាច្បាស់ណាស់ថា ពួកគេចង់បានសេចក្តីសម្រេចដ៏លឿនមួយចំពោះការកើនឡើងការមិនពេញចិត្តជាមួយនឹងប្រធានាធិបតីដ៏យូរអង្វែងមួយរូបនេះ។
ប៉ុន្តែឥឡូវនេះ ដោយសារតែលោក Mugabe បានបដិសេធមិនព្រមចុះចេញពីតំណែង បើទោះជាមានការបញ្ចុះបញ្ចូលជាច្រើនលើកច្រើនសារហើយ និងមានការគំរាមកំហែងពីសភាឲ្យចាប់ផ្តើមដំណើរការប្តឹងទម្លាក់លោកពីតំណែងនៅថ្ងៃអង្គារនេះក៏ដោយ យោធាអាចត្រូវប្រឈមនឹងដំណើរការមួយដែលទាមទាររយៈពេលយូរ និងស្មុគស្មាញជាមួយនឹងលោក Mugabe។
លោក Lovemore Madhuku សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ ស៊ីមបាវ៉េ និយាយថា ការប្តឹងទម្លាក់ពីតំណែងអាចត្រូវការរយៈពេលយូរ ស្មុគស្មាញ និងប្រុងប្រយ័ត្ន ដោយសារតែមិនមែនត្រឹមតែមានសមាជិកសភាបោះឆ្នោតទៅលើមេដឹកនាំដែលមិនមានប្រជាប្រិយម្នាក់ជាមួយនឹងសំឡេងឆ្នោតគាំទ្រ២ភាគ៣ប៉ុណ្ណោះទេ។
លោកបានថ្លែងប្រាប់ VOA ថា «នៅពេលដែលយើងនិយាយអំពីការទម្លាក់ពីតំណែងនៅក្នុងបរិបទនៃប្រទេសស៊ីមបាវ៉េ គឺសំដៅទៅដល់តុលាការ»។ លោកគូសបញ្ជាក់ថា ប្រធានាធិបតីត្រូវបានអនុញ្ញាតឲ្យបង្ហាញពីជំហរការពារខ្លួននៅក្នុងសវនាការទម្លាក់ពីតំណែង។
លោកបានបន្ថែមទៀតថា «អ្នកចោទប្រកាន់លោកប្រធានាធិបតីអំពីរឿងអ្វីមួយ ហើយអ្នកចង់ឲ្យតុលាការកាត់ក្តីទៅលើរឿងនោះ។ ប្រសិនបើអ្នករកឃើញថាលោកមានកំហុសទៅលើរឿងដែលអ្នកចោទប្រកាន់លោកមែននោះ អ្នកអាចទម្លាក់លោកពីតំណែងបាន។ ប៉ុន្តែអ្នកមិនអាចធ្វើរឿងនេះក្នុងរយៈពេលមួយថ្ងៃ ឬត្រឹមតែប៉ុន្មាននាទីនោះទេ។ វាត្រូវការពេលវេលារាប់ខែដើម្បីធ្វើការទម្លាក់នរណាម្នាក់ពីតំណែង»។
រដ្ឋធម្មនុញ្ញស៊ីមបាវ៉េផ្អែកលើហេតុផល៤ដើម្បីអាចទម្លាក់ប្រធានាធិបតីឬអនុប្រធានាធិបតីម្នាក់ចេញពីតំណែងបាន ដែលមានដូចជា៖ ការធ្វើខុសធ្ងន់ធ្ងរ មិនគោរព ប្រកាន់យក ឬការពាររដ្ឋធម្មនុញ្ញ បំពានរដ្ឋធម្មនុញ្ញដោយចេតនា ឬអសមត្ថភាពក្នុងការបំពេញការងារដោយសារតែបញ្ហាសុខភាពផ្លូវកាយឬផ្លូវចិត្ត៕