មន្រ្តីរុស្ស៊ីកាលពីថ្ងៃសុក្រ បានបន្តបដិសេធថា របាយការណ៍ដែលថារដ្ឋាភិបាលក្រុងម៉ូស្គូបានព្យាយាមធ្វើឲ្យមានឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៦ និងបានច្រានចោលភស្តុតាងរាប់រយទំព័រនៅក្នុងរបាយការណ៍របស់លោក Mueller ដែលបានចេញផ្សាយក្នុងរបាយការណ៍របស់ស្មាក្តីពិសេស Mueller ដោយនិយាយថារបាយការណ៍នោះ មិនមានភស្តុតាង។
លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទ តាមទូរស័ព្ទ កាលពីថ្ងៃសុក្រថា៖ «យើងមិនទទួលយកការចោទប្រកាន់ប្រភេទនោះទេ»។
លោកបាននិយាយទៀតថា រុស្ស៊ីបានទទូចកាលពីការចាប់ផ្តើមស៊ើបអង្កេតដែលមានរយៈពេល ២ ឆ្នាំថា៖ «អ្វីៗដែលពួកអ្នកស៊ើបអង្កេតបានធ្វើ ពួកគេនឹងរកឃើញការជ្រៀតជ្រែករបស់រុស្ស៊ីទេ ពីព្រោះតែ មិនមានការជ្រៀតជ្រែក»។
ក្នុងសហរដ្ឋអាមេរិកមានការមូលមតិគ្នាក្នុងចំណោមសហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ហើយសេចក្តីលម្អិតដែលបានចេញផ្សាយក្នុងរបាយការណ៍របស់លោក Mueller អំពីថា តើរដ្ឋាភិបាលក្រុងម៉ូស្គូ ប្រើល្បិចកលផ្សេងៗ និងមនុស្សដើម្បីព្យាយាមធ្វើឲ្យមានឥទ្ធិពលដល់មតិរបស់ពលរដ្ឋអាមេរិកាំង ធ្វើឲ្យប៉ះពាល់គូប្រជែងខាងនយោបាយ និងជួយយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំ។
ពួករដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានប្រកាសពីការចោទប្រកាន់ប្រឆាំងនឹងជនជាតិរុស្ស៊ី ២៥ នាក់ ភាគច្រើននៃអ្នកទាំងនោះជាមន្រ្តីយោធា និងអង្គភាពរុស្ស៊ី៣ទៀតចំពោះតួនាទីរបស់ពួកនៅក្នុងការជ្រៀតជ្រែកនេះ។
ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ការសន្និដ្ឋានរបស់របាយការណ៍ Mueller គ្មានភស្តុតាងថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកទេ៕