សកម្មជន​បរិស្ថាន​​​វ័យ​ក្មេង​នៃ​ក្រុម​មាតា​ធម្មជាតិ​ត្រូវ​ក្រសួង​មហាផ្ទៃ​ចោទ​ប្រកាន់​ថា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល

លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)

សកម្មជន​បរិស្ថាន៣​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី២២​ឆ្នាំ​ទៅ​៣២​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចោទ​ប្រកាន់​ថា​ធ្វើ​សកម្មភាព​ដើម្បី​ឈាន​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល កាល​ពីខែ​វិច្ឆិកា ឆ្នាំ​២០១៧ ថា​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មិថុនា​សកម្មជន​បរិស្ថាន​នៃ​ចលនាមាតា​ធម្មជាតិ​៣​នាក់ ដែល​រួម​មាន​កញ្ញា ស៊ុន រដ្ឋា​ អាយុ​២៦​ឆ្នាំ លោក លី ចាន់​ដារ៉ា​វុទ្ធ​អាយុ​២២​ឆ្នាំ និង​លោក យីម លាងហ៊ី​ អាយុ​៣២​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ​រាជ​ធានី​ភ្នំពេញ ក្រោយ​ទទួល​បាន​របាយ​ការណ៍​របស់​នាយកដ្ឋាន​សន្តិសុខ​កណ្តាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ចន្ទ បាន​សម្រេច​ឃុំ​ខ្លួន​ពួកគេ ក្រោម​បទ​ចោទ«រួម​គំនិត​ក្បត់​»និង​«ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ»។ ចំណែក​សហ​ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​គឺ​លោក Alejandro Gonzalez Davidson​ ដែល​ជា​ជន​ជាតិ​អេស្ប៉ាញ ក៏​ត្រូវ​ចោទ​ប្រកាន់​ដោយ​កំបាំង​មុខ​ពី​បទ​«រួម​គំនិត​ក្បត់»​និង​«ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ»។

ការ​ចោទ​ប្រកាន់​នេះ​នាំឱ្យ​មាន​ការ​រំឭក​ដល់​ការ​ចោទ​ប្រកាន់​លើគណ​បក្ស​សង្គ្រោះ​ជាតិ។

នៅ​លើ​គេហ​ទំព័រ​របស់​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស កាលពីថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០ មាន​ការ​ផ្សព្វផ្សាយ​វីដេអូ​ដែល​មាន​រូប​ថត​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​មួយ​ចំនួន ហើយ​រដ្ឋាភិបាល​បាន​លើក​ឡើង​នៅ​គ្រា​នោះ​ថា​ជា​«ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ប្រើ​ឧបាយកល​ចាស់ យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ប៉ុន​ប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល»។ អង្គភាព​របស់​រដ្ឋាភិបាល​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​វីដេអូ​នោះ​ថា​«ការប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល» ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​របស់​បរទេស មក​ប្រើ​ប្រាស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ធ្វើ​សកម្មភាព​ជំនួស​ឲ្យ​ក្រុម​បក្ស​ប្រឆាំង។ អង្គភាព​នេះ​បន្ថែម​ថា៖ «បើ​ទោះ​បី​ជា​អង្គការ​ចាត់​តាំង​នយោបាយ​នៃ​បដិ​វត្តន៍​ពណ៌ ត្រូវ​បាន​រំលាយ... ក៏​ផែន​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល នៅ​តែ​ត្រូវ​បាន​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់​បន្ត​អនុវត្ត​ជា​បន្ត​បន្ទាប់ ក្រោម​ការ​គាំ​ទ្រ​ទាំង​នយោបាយ​និង​ហិរញ្ញវត្ថុ​ពី​បរទេស​មួយ​ចំនួន»។

ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ចុង​ក្រោយ​នេះ ត្រូវ​បាន​ផ្សា​ភ្ជាប់​នឹង​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ក្នុង​សំណុំ​រឿង​ខាង​នេះ។

ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ពុធ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ការពារ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​សកម្មជន​ដែល​ក្រសួង​ហៅ​ថា​«ខុស​ច្បាប់ ជ្រក​ក្រោមផ្លាក​នៃ​អង្គការ​មាតា​ធម្មជាតិ»។

ក្រសួង​បញ្ជាក់​ថា​អង្គការ​មាតា​ធម្មជាតិ​ត្រូវ​បាន​ចុះ​បញ្ជី កាល​ពី​ឆ្នាំ​២០១២ ហើយ​ត្រូវ​បាន​រំលាយ​ចេញ​ពី​បញ្ជី​អង្គការ​មិន​មែន​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៧ ដូច្នេះ​អង្គការ​នេះ​ពុំ​មាន​នីតិ​សម្បទា​ផ្លូវ​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​នៅ​កម្ពុជា​ទេ។

ក្រសួង​បញ្ជាក់​ថា​លោក Alejandro Gonzalez Davidson ស្ថាបនិក​នៃ​ចលនា​មាតាធម្មជាតិ ដែល​ជា​ជន​ជាតិ​អេស្ប៉ាញ និង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ នៅបន្ត​ធ្វើ«​សកម្មភាព​ខុស​ច្បាប់» ដូច​ជា​ការ​ដឹកនាំ​កិច្ច​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​ក្រសួង​ថា​បាន​ប្រើ​ប្រាស់​«ពាក្យ​ពេចន៍​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​អង្គ​ព្រះ​មហាក្សត្រ និង​ប្រមុខ​រាជ​រដ្ឋាភិបាល»។

រូប​ឯកសារ៖ លោក Alejandro Gonzalez Davidson ស្ថាបនិកនៃមាតាធម្មជាតិ នៅទីស្នាក់ការវិទ្យុសំឡេងសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

ក្រសួង​មហា​ផ្ទៃ​បញ្ជាក់​ថា៖ «ទង្វើ​ទាំង​នេះ​គឺ​ជា​ផែន​ការ​ញុះញង់​បញ្ឆេះ​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ និង​រំលោភ​បំពាន​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា ក្នុង​ចេតនា​បង្ក​អសន្តិសុខ​សង្គម​និង​ប៉ះ​ពាល់​ដល់​ស្ថិរភាព​ជាតិ​ដែល​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​តាម​ច្បាប់​ជា​ធរមាន»។

ក្រសួង​មហាផ្ទៃ​បាន​ផ្អែក​លើ​វីដេអូ​ឃ្លីប​មួយ​ដែល​សមត្ថកិច្ច​ចាប់​បាន​តាម​ប្រព័ន្ធ​Zoom ហើយ​ថា​សកម្មជន​ទាំង​នោះ​ធ្វើ​ការ​ងារ «មិន​មែន​ក្នុង​បុព្វ​ហេតុ​ស្មោះ​ត្រង់​ចំពោះ​ការ​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នោះ​ទេ»។

ក្រសួង​បន្ថែម​ថា៖ «ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​សកម្មភាព​ទាំង​នោះ គឺ​បង្កប់​ទៅ​ដោយ​ឧបាយកល​ទុច្ចរិត​ក្នុង​បំណង​ញុះញង់​អុជ​អាល​ កៀរគរ​កម្លាំង ឲ្យ​ងើប​បះបោរ បង្កើត​ឲ្យ​មាន​ភាព​ចលាចល​វឹកវរ​ក្នុង​ប្រទេស។ ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​ទាំង​៣​រូប​ក៏​បាន​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ក្រោម​ផ្លាក​អង្គការ​មាតា​ធម្មជាតិ ប៉ុន្តែ​ការ​ពិត គឺ​ចង់​ឲ្យ​មាន​ការ​ងើប​បះ​បោរ​ប្រឆាំង ហើយ​ឈាន​ទៅ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​តាម​វិធានការណ៍​ផ្ទុយ​នឹង​គោល​ការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា»។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា សកម្មជន​បរិស្ថាន​ទាំង​នោះ​ បាន​ធ្វើ​សកម្មភាព​យូរ​មក​ហើយ​ក្នុង​ន័យ​អប់រំ​ប្រជាពលរដ្ឋ ដូច​ជា​ទាក់ទង​នឹង​បញ្ហា​ថង់​ប្លាស្ទិក លូ​ទឹក​ស្អុយ ការ​លុប​បឹង និង​ការ​បូម​ខ្សាច់​ជាដើម ដែល​លោក​ថា​ការងារ​បរិ​ស្ថាន​នេះ មិន​ចាំបាច់​មាន​ការ​ចុះ​បញ្ជីនៅ​ក្រោម​អង្គការ​ណា​មួយ​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​អាច​ចូល​រួម​បាន។

លោក​បន្ថែម​ថា​ការ​ចោទ​ប្រកាន់​លើ​សកម្ម​ជន​ទាំង​នេះ​មាន​ភាព​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ​មាន​ការ​រិះ​គន់​ពីសាធារណជន និង​ចោទ​ជា​សំណួរ​ថា​តើ​ពួក​គេ​អាច​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ឬ​យ៉ាងណា។

លោក​ថ្លែង​ថា៖ «អញ្ចឹង​បើ​យើង​មើល​ទៅ​លើ​រូប​ភាពនៃ​ការ​ចោទ​ប្រកាន់​នេះ​វិញ វា​ជា​រឿង​បទឧក្រិដ្ឋ វា​ជា​រឿង​ធ្ងន់​ធ្ងរ ហើយ​ថា​តើ​យុវជន​ប៉ុន្មាន​នាក់ គាត់​អាច​ក្លាយទៅ​ជា​អ្នក​រួម​គំនិត​ក្បត់​ឬ​ក៏​អី​ទេ? អាហ្នឹង​ដែល​ធ្វើ​ឲ្យ​សាធារណជនមិន​អស់​ចិត្ត​នឹង​បញ្ហា​ហ្នឹង។ ហើយ​គេ​យល់​ថា​បញ្ហា​ហ្នឹង​ជា​ការ​គំរាម​កំហែង​បំភិតបំភ័យ​ទៅ​លើ​សកម្មជន និងអ្នក​ការពារ​បរិ​ស្ថាន​ទៅ​វិញ»។

លោក អំ សំអាត បន្ថែម​ថា​ការ​តាម​ដាន​តាម​ប្រព័ន្ធ​អនឡាញ ក៏ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​ខ្លាំង​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ដែល​លោក​ថា​នេះ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ឯកជន​ភាព​ដែល​ធានា​ដោយ​ច្បាប់។

កាល​ពី​ថ្ងៃ​អង្គារ សារព័ត៌មាន​ Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​បង្ហោះ​វីដេអូ​ មួយ​ប្រមាណ​៨​នាទី ដែល​លើក​ឡើង​អំពី​ការ​សន្ទនាគ្នា​តាម​ប្រព័ន្ធ​Zoom ដែល​អះអាង​ថា​ជា​ការ​សន្ទនា​រវាង​លោក Alejandro Gonzalez Davidson និង​សកម្ម​ជន​បរិស្ថាន​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។ ក្នុង​វីដេអូ​នោះ ក៏​មាន​ការ​និយាយ​អំពី​ព្រះ​មហាក្សត្រ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។

អ្នកស្រី ដួង​ រី អាយុ​៥៩​ឆ្នាំ ជា​ម្តាយ​បង្កើត​របស់​កញ្ញា ស៊ុន រដ្ឋា រស់​នៅ​ក្នុង​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង មាន​ប្រសាសន៍​ថា​ការ​ចោទ​ប្រកាន់​កូន​ស្រី​របស់​អ្នកស្រី ជា​ការ​ចោទ​ប្រកាន់​«ហួស​ហេតុ» ហើយ​ថា​កូនស្រី​មិនដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ក្រៅ​តែ​ពី​រឿង​ការពារ​បរិស្ថាន។

អ្នកស្រី​ដែល​មាន​ការងារ​ជា​ជាង​ធ្វើ​ទទឹក​ជាមួយ​ស្វាមី​ក្នុង​ខេត្ត​បាត់​ដំបង ឲ្យ​ដឹង​ទៀត​ថា​កូន​ស្រី​ទី​៤​របស់​អ្នក​ស្រី​ក្នុង​ចំណោម​កូន​៥​នាក់ គឺ​កញ្ញា ស៊ុន រដ្ឋា មិន​ដែល​ធ្វើ​សកម្មភាព​អ្វី​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។

អ្នកស្រី​ប្រាប់​VOA​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «ខ្ញុំ​ដឹង​ថា​ធ្វើ​ការ​ខាង​បរិស្ថាន​ហ្នឹង​ឯង។ អា​រឿង​ខាង​នយោបាយ​អី ខ្ញុំ​អត់​មាន​ដែលដឹង​ផង។ ដឹង​តែ​ថា​វា​ធ្វើ​ខាង​បរិស្ថាន ឃើញ​វា​ថត​ផុស​រឿង​វា​ទៅ​[កន្លែង]​សំរាម​អី​ហ្នឹង​ឯង។ អា​ត្រង់​រឿង​នយោ​បាយ មីង​មិន​ដែល​ដឹង មិន​ដែល​ឃើញ​ផង»។

ការ​ចាប់​ខ្លួន​សកម្ម​ជន​ទាំង​នេះ ក៏​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ស្ថាន​ទូត​បរទេស​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ​មាន​អាមេរិក ស៊ុយ​អែត និង​អូស្រ្តាលី។

លោក Alejandro Gonzalez Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ប្រាប់​VOA​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ប្រើ​វោ​ហារ​សាស្រ្ត​ចោទ​ប្រកាន់​លើ​អ្នក​ដែលហ៊ាន​និយាយ​ការ​ពិត និង​អ្នក​ដែល​ចូល​រួម​កិច្ចការ​សង្គម ដោយ​ចង់​ឃើញ​សង្គម​មាន​ភាព​យុត្តិធម៌ ជា​«ក្រុម​បដិវត្តន៍» «ក្បត់​ជាតិ»​និង«​ភេរវករ»។ លោក​ប្រៀប​ធៀប​ករណី​នេះ​ដូច​ទៅ​នឹង​ខ្មែរ​ក្រហម ដែល​ប្រើប្រាស់​វិធី​នេះ ដើម្បី​កម្ចាត់​សត្រូវ​របស់​គេ។

លោក​បញ្ជាក់​ថា៖ «វោហារ​សាស្រ្ត និ​ង​ការ​ឃោស​នាដែល​ក្រសួង​មហាផ្ទៃ​កំពុង​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់​ក្នុង​ការចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​ស្លូត​ត្រង់ នឹង​មិន​ធ្វើ​ឲ្យ​នរណា​ម្នាក់​ជឿ​នោះ​ទេ ទាំង​សហគមន៍​អន្តរ​ជាតិ និង​ប្រជា​ជន​កម្ពុជា​ទាំង​អស់»៕