ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ស្ទែនហ្វដ បាននិយាយថា កុមារជាង ១៥ លាននាក់ ដែលរស់នៅក្នុងតំបន់ដែលមានអត្រាមរណៈខ្ពស់នៅទូទាំងប្រទេសអាហ្វ្រិកចំនួន ២៨ ។
លោកបណ្ឌិត Eran Bendavid ជាសាស្រ្តាចារ្យជំនួយការផ្នែកវេជ្ជសាស្ត្រ និងជាអ្នកនិពន្ធជើងចាស់នៃការសិក្សានេះ។ លោកមានប្រសាសន៍ថា៖ «យើងដឹងហើយថា ប្រទេសមួយចំនួនមានអត្រាមរណភាពកុមារខ្ពស់ជាងប្រទេសដទៃទៀត។ អត្រា មរណភាពរបស់កុមារ ជាផ្នែកមួយដ៏សំខាន់នៃការវាស់វែងភាពរីកចម្រើននៃសុខភាពសាកល ហើយមរណភាពកុមារនេះជាអ្វីដែលបង្ហាញយើងថា តើយើងចង់ឲ្យស្ថានភាពទៅជាយ៉ាងណាក្នុងនាមជាសហគមន៍ពិភពលោកតែមួយ។
ការសិក្សានេះមិនត្រឹមតែប្រៀបធៀបប្រទេសជាច្រើនប៉ុណ្ណោះទេ។ លោកសាស្ត្រាចារ្យនិយាយថា វាថែមទាំងបានពិនិត្យមើលលើអត្រាមរណៈភាពកុមារក្នុងប្រទេសនីមួយៗ និងថាតើអត្រាទាំងនោះខុសគ្នា ពីតំបន់មួយទៅតំបន់មួយទៀតយ៉ាងដូចម្តេច។
«នៅពេលដែលយើងបានចាប់ផ្តើមស្រាវជ្រាវ យើងឃើញថា មានលក្ខខណ្ឌជាច្រើននៅក្នុងចំណោមប្រទេសទាំងនោះ។ ដូច្នេះ អ្វីដែលយើងចង់ចាប់ផ្តើមកំណត់នោះគឺ យើងចង់ដឹងថា តើមានតំបន់ពិសេសណាដែលយើងចង់ទៅធ្វើអន្តរាគមន៍ បើសិនជាយើងពិតជាចង់ផ្ដោតលើការខិតខំរបស់យើង និងប្រើប្រាស់ធនធានដែលយើងមានឲ្យល្អបំផុត។»
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ស្ទែនហ្វដ បានពឹងផ្អែកលើការស្ទាបស្ទង់មតិជាង ៨០ ធ្វើឡើងដោយភ្នាក់ងារ USAID ដែលជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។ ទិន្នន័យ ត្រូវបានប្រមូលនៅក្នុងប្រទេសអាហ្វ្រិកពីទសវត្សរ៍ឆ្នាំ១៩៨០ មកដល់អំឡុងឆ្នាំ២០០០។ ក្រុមអ្នកស្រាវជ្រាវបានផ្តោតទៅលើការកំណត់ពេលវេលា និងទីតាំងនៃការផ្តល់កំណើតនិងការស្លាប់របស់កុមារក្រោមអាយុប្រាំឆ្នាំ។ បន្ទាប់មក ពួកគេប្រៀបធៀបទិន្នន័យទៅនឹងគោលដៅសុខភាព ដែលបានកំណត់ដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិថ្មី។
«ដោយផ្អែកលើស្ថានភាពប្រទេសទាំងនោះនាពេលបច្ចុប្បន្ននេះ និងប្រវត្តិរបស់ប្រទេសទាំងនោះក្នុងរយៈពេល៣០ឆ្នាំកន្លងមក នៃការវិវត្តន៍អត្រាមរណៈរបស់កុមារ យើងចង់រកមើល ថាតើតំបន់ណាដែលអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ តំបន់គោលដៅ គឺជាតំបន់សំខាន់ដែលអាចកំណត់ពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេ និងទិសដៅដែលមិនដើរតាមការកំណត់របស់ពួកគេ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ អត្រាមរណៈកុមារអាចកើនឡើង ឬក៏អាចមានអត្រាខ្ពស់ខ្លាំងពេកដែលគេមិនធ្លាប់រំពឹងថា វាជាកន្លែងដែលមានអត្រាមរណភាពខ្ពស់ដូច្នោះទេ។
លោកបណ្ឌិត Bendavid បានបម្រើការងារនៅប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសសំប៊ី កេនយ៉ា និងអ៊ូហ្គង់ដា។ លោកនិយាយថា តំបន់ដែលមានអត្រាមរណៈភាពកុមារខ្ពស់ក្នុងទ្វីបអាហ្រ្វិក គឺមិនមែនមកពីតែជំងឺដូចជាជំងឺគ្រុនចាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលមកពីជម្លោះ និងការឡើងកំដៅផែនដីផងដែរ៕
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង