សង្គម​ស៊ីវិល​ទទូច​ឱ្យ​យុវជន​គិត​គូរ​ពី​បញ្ហា​ដីធ្លី

យុវជន​ពេញវ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ​ជា​៣៣​ភាគរយ​ឬស្មើ​នឹង​ប្រមាណ​ជាង​​៤​លាន​នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​កម្ពុជា​សរុប​​ជាង​១៤​លាននាក់។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ទទូច​នៅ​ថ្ងៃសុក្រ​នេះ​ឲ្យ​ក្រុម​យុវជន​ចូលរួម​ចំណែក​ក្នុង​ចលនា​ដោះស្រាយ​បញ្ហា​ដីធ្លី​ក្នុង​ប្រទេស​ឲ្យ​បានច្រើន។

យុវជន​ពេញវ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រមាណ​ជា​៣៣​ភាគរយ​ឬស្មើ​នឹង​ប្រមាណ​ជាង៤​លាន​នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​កម្ពុជា​សរុបជាង​១៤​លាននាក់។

លោក​ប៉ែន សុមុនី ​នាយក​ប្រតិបត្តិ​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម​ថ្លែង​នៅ​ក្នុង​វេទិកា​យុវជន​ថ្នាក់​ជាតិ​ស្តីពី​ដីធ្លី​និង​លំនៅដ្ឋានក្នុង​ទីក្រុង​ភ្នំពេញ​ថា ​ក្រុមយុវជនក៏​ជា​អ្នក​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី​នៅ​ក្នុងប្រទេស​ដែរ​ប៉ុន្តែ​យុវជនមិន​ទាន់​បាន​សកម្ម​នៅ​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​នៅ​ឡើយ។

«បច្ចុប្បន្ន​ក៏​ដូច​ជា​អនាគត​ យុវជន​ត្រូវ​ការ​សុវត្ថិភាព​ដីធ្លី​ ដូច្នេះ​ដើម្បី​បាន​សុវត្ថិភាព​ដីធ្លី​យុវជន​ខ្លួន​ឯង​ត្រូវតែ​ចូលរួម​ដំណើរការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ទាំងនោះ»។

យោងតាម​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកទំនាស់​ដីធ្លី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៧០​ម៉ឺននាក់​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក។ ​ដោយឡែក​បើ​យោង​តាម​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា ​«Access to Land Title in Cambodia» ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ​១៤៦.៨០០​នាក់​បាន​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ចន្លោះពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០១១។

លោក​ឈិត សំអាត ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​និង​លោក​ចាន់ សុវ៉េត ​អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​អាដហុក​បាន​ថ្លែង​ក្នុង​វេទិកា​យុវជន​ថ្នាក់​ជាតិ​ស្តី​ពី​ដីធ្លី​និង​លំនៅដ្ឋាន​ថា ​មូលហេតុ​ចម្បង​នៃ​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​បណ្តាល​មក​ពី​ការ​ផ្តល់ដី​សម្បទាន​សេដ្ឋកិច្ចដែល​មាន​ទំហំ​ជាង​២លាន​ហិកតា​រហូត​មក​ទល់​ពេល​នេះ​ឬ​ស្មើ​នឹង​ជាង​៥៣​ភាគ​រយ​នៃ​ផ្ទៃ​ដី​ដែល​មាន​ជីវជាតិ​ក្នុង​ប្រទេស ​ដោយសារ​ការវាត​យក​ដី​របស់​មន្ត្រី​រាជការ​មាន​បុណ្យ​សក្តិ​ធំ​ ដោយសារ​កំណើន​ប្រជាជន ​ដោយសារ​គ្មាន​គោលនយោបាយ​បម្រុង​ទុកដី​របស់​រដ្ឋ​និង​ដោយសារ​ការ​ធ្វើ​ជំនួញ​ដីធ្លី។

លោក​ ឈិត សំអាត​ មាន​ប្រសាសន៍​ថា​ បញ្ហា​ដីធ្លី​នៅ​តែ​ជា​បញ្ហា​ស្មុគ្រស្មាញ​និង​ក្តៅ​គគុក​ក្នុង​ប្រទេស​កម្ពុជា​ដែល​បន្ត​កើតមាន​រហូត​ដល់​ឆ្នាំ​២០១៣​នេះ​ស្របពេល​ដែល​មាន​របាយការណ៍​ដែល​បង្ហាញ​ថា​ប្រជាជន​ជិត​៥០​ភាគរយ​នៃ​ប្រជាជន​សរុប​មាន​ដី​ត្រឹម​តែ​កន្លះ​ហិកតា។

ថ្លែង​ទៅកាន់​វេទិការ​យុវជន​ដែល​មាន​អ្នកចូលរួម​ប្រមាណ​២០០​នាក់ ​ភាគ​ច្រើន​គឺ​ជា​យុវជន​និង​ប្រជា​ពលរដ្ឋ​អ្នករងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​មក​ខេត្ត​និង​រាជធានី​ចំនួន​ប្រាំពីរ ​លោកឈិត សំអាត ​បាន​សង្កត់​ធ្ងន់​លើ​ការ​ចូលរួម​របស់​ក្រុម​យុវជន​ក្នុង​ការ​ជួយ​ដោះស្រាយ​ទំនាស់​នេះ។

«ការ​ចូលរួម​របស់​យុវជន​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធានា​នូវ​ការ​រៀបចំ​ច្បាប់​បាន​ល្អ ​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​បាន​ល្អ ​ធានា​នូវ​ការ​គោរព​សិទ្ធិ​និង​ការ​ការពារ​សិទ្ធិ​ដីធ្លី​របស់​ប្រជាជន​ជា​ពិសេស​កសិករ​និង​ប្រជាជន​ក្រីក្រ»។

ក្រុម​យុវជន​មួយ​ចំនួន​បាន​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ក្នុង​វេទិកា​យុវជន​ថ្នាក់​ជាតិ​ស្តីពី​ដីធ្លី​និង​លំនៅដ្ឋាន​នេះ​ជាមួយគ្នា​នោះ​យុវជន​ដែល​ចូលរួម​បានចោទ​ជា​សំណួរ​ជាច្រើន​ទាក់ទងដំណោះស្រាយ ​ការប្រើប្រាស់​សិទ្ធិ​របស់​យុវជន​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សង្គម​នេះ ​ដោយឡែក​ជនរងគ្រោះ​ខ្លះ​បាន​លើក​ពី​បញ្ហា​របស់​ពួក​គេ​ដែរ។

លោកស្រី​វ៉ាន់ ហ៊ា លី ​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លើកឡើង​ថា​បញ្ហា​ដីធ្លី​គឺជា​បញ្ហា​ប្រឈម​មួយ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោកស្រី​បាន​គូស​បញ្ជាក់​ថា​ ការ​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​បាន​មួយ​ភាគធំ​ហើយ​លោកស្រី​ក៏​បាន​ផ្តល់​តម្លៃ​លើ​ការ​ចូលរួម​ចំណែក​របស់​ក្រុម​យុវជន​ផង​ដែរ៕