កងទ័ព​​អាមេរិក​កាន់​តែ​ច្រើន​​ពង្រាយ​នៅ​​ព្រំ​ដែន​​អាមេរិក​ភាគ​ខាង​ត្បូង​ខណៈ​មាន​ការ​បង្ក្រាប​លើ​ពួក​អ្នក​សុំ​សិទ្ធិ​ជ្រកកោន

កង​កម្លាំង​ការពារ​ព្រំ​ដែន​សហរដ្ឋ​អាមេរិក​​កំពុង​ល្បាត​នៅ​តាម​ជញ្ជាំង​ព្រំ​ដែន​ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ខែ​តុលា ២០១៨។

​ចំនួន​កងទ័ព​សហរដ្ឋ​អាមេរិក​ដែល​ដាក់​ពង្រាយ​នៅ​ព្រំ​ដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​​បាន​កើន​ឡើង​ជាង​៨ពាន់​នាក់​ហើយ ​នេះ​តាម​មន្រ្តី​ការ​ពារ​ប្រទេស​សហ​រដ្ឋ​អាមេរិក​ដែល​បាន​ប្រាប់ ​VOA ​កាល​ពី​ថ្ងៃ​សុក្រ។

​ចំនួន​កងទ័ព​សហរដ្ឋ​អាមេរិក​ដែល​ដាក់​ពង្រាយ​នៅ​ព្រំ​ដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិកបាន​កើន​ឡើង​ជាង​៨ពាន់​នាក់​ហើយ ​នេះ​តាម​មន្រ្តី​ការ​ពារ​ប្រទេស​សហ​រដ្ឋ​អាមេរិក​ដែល​បាន​ប្រាប់ ​VOA ​កាល​ពី​ថ្ងៃ​សុក្រ។

ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ត្រាំ​ បាន​បញ្ជា​ឲ្យ​កង​ទ័ព​ទប់​ក្បួន​ជន​ចំណាកដែល​ស្វះ​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​មក​ពី​តំបន់​អាមេរិក​កណ្តាល​កុំ​ឲ្យ​ចូលក្នុង​សហ​រដ្ឋ​អាមេរិក។

មន្រ្តី​យោធា​អាមេរិកបាន​ពណ៌នា​កងទ័ព​ទាំង​នេះ​ថា ​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយ​សន្តិសុខ​ព្រំ​ដែន​នៅ​ក្នុង​ការ​ឆ្លើយ​តប​ដល់​សំណើ​សុំ​ការ​ជួយ​ឧបត្ថម្ភមក​ពី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក។

លោកស្រី​ Kirstjen Nielsen ​រដ្ឋ​មន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក ​បានពន្យល់​ពី​តម្រូវ​ការ​កងទ័ព ដោយ​លោក​ស្រី​រដ្ឋ​មន្រ្តី​បាន​និយាយ​ថា៖​ «យើង​មាន​បញ្ហា​សមត្ថភាព។ នេះ​ជា​អ្វី​ដែល​យើង​បាន​សុំ​ក្រសួង​ការ​ពារ​ប្រទេស​ឲ្យ​ធ្វើ​គឺ​គាំទ្រ​យើង»។

ឆ្មាំ​ការពារ​ជាតិ​២១០០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​ពង្រាយ​រួច​ហើយ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ភាគ​ខាង​ត្បូង។

ឥឡូវ​នេះ ​មាន​ទាហាន​សហរដ្ឋ​អាមេរិកដែល​កំពុង​ជួយពួកភ្នាក់​ងារ​យាម​ល្បាត​ព្រំ​ដែន​ច្រើន​ជាង​ទាហាន​ដែល​កំពុង​ប្រយុទ្ធ​ក្រុម​ភេរជន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។

​ក្នុង​ខណៈ​នោះ​ដែរ ​ក្រុម​ជន​ចំណាក​ស្រុក​អាមេរិក​កណ្តាល​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន​បាន​ដាក់​ពាក្យ​ប្តឹង​ប្រធា​នា​ធិបតី​ដូណាល់ ត្រាំ៕