ស្រកាពង្រូលដែលជាសត្វកម្រជិតផុតពូជជាងមួយតោនត្រូវបានរឹបអូសនៅប្រទេសថៃ។ អាជ្ញាធរសង្ស័យថា ស្រកាពង្រូលទាំងនេះនឹងត្រូវនាំចេញទៅប្រទេសចិន ដើម្បីធ្វើថ្នាំបុរាណ។
អាជ្ញាធរថៃបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ពួកគេបានរឹបអូសស្រកាពង្រូលជាង១តោនដែលមានតម្លៃជាង៥០លានបាតឬប្រមាណ១លាន៤សែនដុល្លារ ដែលគេជឿថាកំពុងព្យាយាមនាំចេញពីប្រទេសនេះតាមផ្លូវគោក។
ស្រកាពង្រូលដែលជាប្រភេទសត្វស៊ីស្រម៉ោចនិងកណ្ដៀរជាអាហារត្រូវបានគេរកឃើញកាលពីយប់ថ្ងៃពុធ នៅខេត្ត Kalasin ស្ថិតនៅភាគឦសាន ហើយទំនងជាកំពុងត្រៀមដឹកចេញតាមខេត្ត Mukdahan ដែលមានព្រំដែនជាប់នឹងប្រទេសឡាវ។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសថៃ ក្នុងសន្និសីទព័ត៌មាន នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
លោក Ariyapol Sinsorn នាយរងផ្នែកបទល្មើសធនធានធម្មជាតិនិងបរិស្ថានបានឲ្យដឹងថាបុរសសង្ស័យពីរនាក់ ដែលកំពុងស្ថិតនៅក្នុងរថយន្តធុនធ្ងន់ដឹកស្រកាពង្រូល ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទរក្សាទុកគ្រោងសត្វដែលស្ថិតក្រោមការអភិ រក្ស។ លោកឲ្យដឹងទៀតថា បុរសទាំងពីរ បានសារភាពដូចអ្វីដែលត្រូវបានចោទប្រកាន់។
លោក Kamnuan Chan-anan នាយរងប្រចាំតំបន់ផ្នែកបទល្មើសបរិស្ថានបានថ្លែងថា ស្រកាពង្រូលត្រូវគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល៤០ម៉ឺនបាតឬ១១២៩ដុល្លារក្នុងមួយគីឡូក្រាម។ ស្រកាទាំងនេះត្រូវគេសង្ស័យថាបាននាំចេញពីប្រទេសម៉ាឡេស៊ី ចូលមកប្រទេសថៃដើម្បីដឹកជញ្ជូនបន្តទៅប្រទេសឡាវ។ បន្ទាប់ពីបានដល់ប្រទេសឡាវ ពួកវានឹងនាំចេញទៅលក់ឲ្យអតិថិជននៅប្រទេសចិន។ លោកបន្តថាសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្តដើម្បីបញ្ជាក់ពីតម្រាយផ្លូវដឹកជញ្ជូន។
ស្រកាពង្រូលក្រៀមទាំងនេះ ត្រូវបានដាក់បង្ហាញនៅក្នុងសន្និសីទព័ត៌មាននៅទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយដាក់ក្នុងបាវជីដែលមានអក្សរចិននិងមានតួលេខផ្សេងគ្នា។ អាជ្ញាធរនិយាយថាពួកគេសង្ស័យថាតួលេខនៅលើបាវជីទាំងនោះ ប្រើសម្រាប់កំណត់ពីគុណភាពស្រកាពង្រូលទាំងនោះ។
លោក Prasert Sonsatahpornkul មន្ត្រីការពារសត្វព្រៃបានថ្លែងថាស្រកាពង្រូលទាំងនេះ ត្រូវគេប៉ាន់ប្រមាណថាយកពីសត្វពង្រូលងាប់ចន្លោះពី៣ពាន់ទៅ៤ពាន់ក្បាល។ លោកបន្តថាស្រកា ទាំងនេះនឹងត្រូវធ្វើតេស្តដើម្បីបញ្ជាក់ពីប្រភេទសត្វពង្រូលជាក់លាក់។
សត្វពង្រូលគឺជាប្រភេទសត្វជិតផុតពូជហើយការធ្វើជំនួញសត្វទាំងនេះ គឺជាអំពើល្មើសច្បាប់។ ស្រការបស់វាត្រូវបានគេប្រើសម្រាប់ផ្សំធ្វើថ្នាំបុរាណចិននិងមានសារធាតុកេរ៉ាទីនដែលជាប្រភេទប្រូតេអ៊ីនមាននៅក្នុងស្នែងរមាស ប៉ុន្តែ គ្មានភស្តុតាងបែបវិទ្យាសាស្ត្រណាមួយបញ្ជាក់ថាប្រូតេអ៊ីននេះមានតម្លៃផ្នែកវេជ្ជសាស្ត្រនោះទេ។ នៅប្រទេសវៀតណាមនិងផ្នែកខ្លះនៃប្រទេសចិន សាច់ពង្រូល ត្រូវបានគេជឿថាមានរសជាតិឆ្ងាញ់។
តម្រូវការស្រកានិងសាច់ពង្រូលបានជំរុញឲ្យមានការបរបាញ់សត្វខុសច្បាប់យ៉ាងសកម្មដែលធ្វើឲ្យចំនួនសត្វនេះនៅអាស៊ី កំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួលដោយ នៀម ឆេង
ក្រុងបាងកក —