ពលរដ្ឋ​ជាង​មួយ​លាន​នាក់​ត្រូវ​បាន​បញ្ជា​ឲ្យ​ចាកចេញ​ពី​រដ្ឋ​នៅ​ប៉ែក​ខាង​កើត​អាមេរិក ខណៈ​ព្យុះសង្ឃរា Florence មក​ដល់

រូបថតផ្តល់​ដោយអង្គការណាសា បង្ហាញពីព្យុះសង្ឃរា Florence ពី​ស្ថានីយអវកាសអន្តរជាតិ កាល​ពី​ថ្ងៃចន្ទ ទី១០ ខែ​កញ្ញា ឆ្នាំ២០១៨។

មនុស្ស​ជាង​មួយ​លាន​នាក់​ត្រូវ​បាន​បញ្ជា​ឲ្យ​ចាកចេញ​ពី​រដ្ឋ​នៅ​ភាគ​អាគ្នេយ៍​នៃ​សហរដ្ឋអាមេរិក ខណៈ​ដែល​ព្យុះ​សង្ឃរា​ដ៏​មាន​អានុភាព​មួយ​នឹង​បោកបក់​មក​ដល់​តំបន់​នេះ។

បទបញ្ជា​ឲ្យ​ចាកចេញ​ជា​ដាច់ខាត​នេះ​ត្រូវ​បាន​បញ្ជា​ដល់​រដ្ឋ South Carolina រដ្ឋ​ North Carolina និង​រដ្ឋ Virginia ខណៈ​ដែល​អ្នក​ឧតុនិយម​និង​មន្ត្រី​នានា​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ខ្លួន​ដើម្បី​ការពារ​ពី​កម្លាំង​ខ្យល់​និង​ភ្លៀង​ខ្លាំង​ដែល​កើតឡើង​ដោយ​សារ​ព្យុះសង្ឃរា Florence។

មជ្ឈមណ្ឌល​ព្យុះសង្ឃរា​ជាតិ​អាមេរិក​បាន​ឲ្យ​ដឹង​ថា នឹង​មាន​ព្យុះ​បោកបក់​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ដែល​កម្លាំង​ព្យុះ​នេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់។

ព្យុះសង្ឃរា Florence កម្រិត​ទី​៤​នេះ នឹង​បោក​បក់​ជាមួយ​នឹង​កម្លាំង​អតិបរមា​២១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ អ្នក​ឧតុនិយម​គិត​ថា ព្យុះសង្ឃរា​នេះ​នឹង​មាន​អានុភាព​កាន់​តែ​ខ្លាំង​ក្លា។ វា​គឺ​ជា​ព្យុះសង្ឃរា​ដ៏​មាន​អានុភាព​បំផុត​ដែល​គំរាមកំហែង​ដល់​តំបន់​នេះ​ក្នុង​រយៈពេល​ជិត​៣​ទសវត្សរ៍​កន្លង​មក​នេះ។

ព្យុះសង្ឃរា​កម្រិត​ទី​៤​នេះ​មាន​សមត្ថភាព​អាច​បក់​យក​ដំបូលផ្ទះ ធ្វើ​ឲ្យ​ដើមឈើ​រលើង គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋគ្មាន​កន្លែង​ស្នាក់នៅ​រហូត​ដល់​រាប់​សប្តាហ៍​ ឬ​រាប់​ខែ​ឯណោះ។ គេ​រំពឹង​ថា ព្យុះសង្ឃរា Florence នឹង​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​រហូត​ដល់​កម្ពស់ ៣៨​ទៅ​៥០​សង់ទីម៉ែត្រ៕