បាតុករ​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះពី​តំណែង ​ព្រោះ​ចង់​ផ្លាស់ប្តូរ

  • នៅ វណ្ណារិន

បាតុករ​​កាន់​បដារ​​ទាមទារ​​ឲ្យ​​កែទម្រង់​​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត។ (រួបភាពថតថ្ងៃ​អាទិត្យទី​២៩ ខែធ្នូ)

ប្រជា​ពលរដ្ឋ​ច្រើនសែន​នាក់​ និង​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅថ្ងៃ​អាទិត្យ ​បាន​រួមគ្នា​ដង្ហែ​ក្បួន​មហា​បាតុកម្ម​ឲ្យ​លោក​ហ៊ុន សែន​ចុះ​ចេញ​ពីតំណែង​នាយក​រដ្ឋមន្ត្រី ​និង​បោះឆ្នោត​ឡើង​វិញ។

នេះ​គឺ​ជា​ថ្ងៃទី​១៥​ហើយ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​ដង្ហែ​ក្បួន​នៅតាម​ដង​ផ្លូវ​នានា​នៃ​រាជធានី​ ភ្នំពេញ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​មួយ​សម្រាប់​ប្រទេស​កម្ពុជា។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ប្រពល​រដ្ឋ​ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ពី​បណ្តា​ខេត្ត​នានា​ ដើម្បី​ចូល​រួម​ក្នុង​បាតុកម្ម​នា​ថ្ងៃ​អាទិត្យ​នេះ។​

នៅ​ក្នុង​នោះ​ក៏មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ ​កម្មករ​រោងចក្រ​ សិស្ស​ និស្សិត អ្នក​រត់រ៉ឺម៉ក​កង់បី ​និង​ម៉ូតូ​ឌុប​ផង​ដែរ។

អ្នកយក​ព័ត៌មាន​លោក​នៅ វណ្ណារិន​កំពុងឋិត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជាមួយ​ពលរដ្ឋ​ចាស់ៗ ដែល​មិនអាច​ដើរ​ធ្វើដំណើរ​តាម​បាតុកម្ម​វែងឆ្ងាយ​ដែល​មាន​បាតុករ​ច្រើន​សែននាក់​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះចេញ​ពី​តំណែង​ និង​បោះឆ្នោត​ឡើង​វិញ។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក​នៅ​ វណ្ណារិន​នៃ​វីអូអេ​ លោក​សួង សឿន​មកពី​ស្រុក​ចម្ការ​លើ ​ខេត្ត​កំពង់ចាម​បាន​មាន​ប្រសាសន៍​ថា៖​

«បាទៗ ​ខ្ញុំ​មក​ធ្វើ​បាតុកម្ម​នេះ​គឺ​ថា ​អស់​រយៈ​ពេល​៥​អាណត្តិ​មក​ហើយ​ណា។​ លោក​ហ៊ុន សែនដឹកនាំ​យូរៗ​ទៅ ​ប្រជាជន​ចេះ​តែ​វេទនា​ទៅ ​លំបាក​ទៅ​ ហើយ​ក្នុង​អាណត្តិ​នេះ​ ខ្ញុំ​មក​នេះ​គឺ​ឈឺ​ចាប់ ​ទាមទារ​បញ្ហា​ដែល​សន្លឹក​ឆ្នោត​គឺ​ថា​ ប្រជន​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ឈ្នះ​សឹង​តែ​៩០%​ ហេតុ​ដូចម្តេច​បាន​ជា​សន្លឹក​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង​ទៅ​ណា?​ បញ្ហា​ហ្នឹង​គឺ​ថា​ ឈឺ​ចិត្ត​ណាស់។ ​ដូច្នេះ​លោក​ហ៊ុន សែន​ត្រូវតែ​ចុះ​ចេញ ​បើ​មិន​ចុះចេញ​គឺ​ត្រូវ​បោះឆ្នោត​ឡើង​វិញ»។

Your browser doesn’t support HTML5

បាតុករ​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​ចុះពី​តំណែង​ព្រោះ​ចង់ផ្លាស់​ប្តូរ


ប្រជា​ពលរដ្ឋ​ ដែល​បាន​ចូលរួម​បាតុកម្ម​ត្អូញត្អែរ​ថា​ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ពួក​គាត់​បាន​រស់​នៅ​ក្នុង​ភាព​លំបាក​ដោយសារ​តែ​ការ​រំលោភ​ដីធ្លី​ អំពើ​ពុករលួយ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ តម្លៃ​សាំង​ និង​ទំនិញ​ក្នុង​ទីផ្សារ​ឡើង​ថ្លៃ​ ដូច្នេះ​ហើយ​ពួក​គាត់​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។​

ដោយឡែក​បងស្រី ​កែវ សុផាត​ ដែល​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​ដែល​មាន​កូន​ក្នុង​បន្ទុក​ពីរ​នាក់​ បាន​ប្រាប់ ​VOA​ថា​ គាត់​មក​ចូលរួម​ជាមួយ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ ដោយ​រំពឹង​ទុក​ថា​ គណបក្ស​នេះ​នឹង​អាច​ជួយ​ពួកគាត់​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​គោល​ដល់​ទៅ​១៦០​ដុល្លារ​ ពី​ចំនួន​៨០​ដុល្លារ។​

អ្នកស្រី​កែវ សុផាត​និយាយ​ថា៖​ «ទីផ្សាររាល់​ថ្ងៃ​អ្វី​ក៏ឡើងថ្លៃ ធ្វើឲ្យ​ប្រាក់ខែខ្ញុំ​៨៥ដុល្លារ​ហ្នឹងចាយវាយ​ក្នុងគ្រួសារអត់បានទេ»។

រីឯលោក​យិល ភួងម៉ារ៉ា​អ្នករត់រ៉ឺម៉កកង់បី​និយាយ​ថា៖«បើសិន​នៅ​ដូច​រាល់​ថ្ងៃ​បច្ចុប្បន្ន​ ឥឡូវ​នេះ ​ខ្ញុំ​ចង់​ប្តូរ។ ​បើសិន​គាត់​នឹង​ធ្វើ​ការ​ល្អ កែប្រែ​វិញ​ អាហ្នឹង​ខ្ញុំ​ទទួល​ស្គាល់​ ធ្វើ​ម៉េច​ឲ្យ​ប្រជាជន ​ប្រជារាស្ត្រ​ចង់​បាន»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​មិន​ចូលរួម​ប្រជុំ​ក្នុង​រដ្ឋ​សភា​ជាតិទេ​ ​បន្ទាប់ពី​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ ​នាខែ​កក្កដា​ រួចមក​ ដោយ​ចោទ​ប្រកាន់​ថា​ គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន​ លួច​បន្លំ​សំឡេង​ឆ្នោត​របស់​ពួក​គាត់។​

កាលពី​ដើម​សប្តាហ៍​មុន ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្វើការ​ព្រមាន​ធ្ងន់ៗ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ការ​ធ្វើ​បាតុកម្ម​នេះ​អាច​នាំ​ឲ្យ​មាន​បាត​ដៃទី​បី​ឈ្លៀត​ឱកាស​បង្កភាព​វីកវរ។​

លោក​ឆេង សំអាង ​វិស្វករ​របស់​ក្រុមហ៊ុន​សាងសង់​ស្ពាន​ថ្នល់​និយាយ​ថា៖​ «សម្រាប់​ខ្ញុំ ខ្ញុំមិន​ភ័យ​ខ្លាច​ និង​តក់ស្លុត​ចំពោះ​បាតដៃ​ទីបី​របស់​លោក​ហ៊ុន សែន​ទេ។ ​ខ្ញុំ​មិន​ភ័យ​ខ្លាច​ ខ្ញុំ​មិន​ញញើត។​ ហើយ​ខ្ញុំ​ថា ​វា​គ្រាន់តែ​ជា​ការ​គំរាម​កំហែង​ គ្រាន់តែ​ជា​ការ​ភូត​កុហក់ប្រជារាស្ត្រ​ប៉ុណ្ណោះ»។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃសៅរ៍​ ថា​ គណបក្ស​របស់​លោក​បាន​ត្រៀម​រួច​ជាស្រេច​ដើម្បី​ចូលរួម​ចរចា​សាជា​ថ្មី​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

ទោះបីជា​មាន​ការ​ហែក្បួន​ និង​ស្រែក​ជ័យឃោស​នៅតាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​អស់រយៈពេល​១៥​ថ្ងៃ​មក​ហើយ​ក៏ដោយ​ ប៉ុន្តែ​ភាព​ជាប់គាំង​នយោបាយ​របស់​គណបក្ស​ធំៗ​ទាំងពីរ​នៅតែ​មិន​ទាន់​ដោះស្រាយ។​ គេ​សង្ឃឹម​ថា​ គណបក្ស​ទាំងពីរ​នឹង​វិល​មក​រក​តុចរចា​ក្នុង​ពេល​ឆាប់ៗ​នេះ៕​