វ៉ាក់សាំង​ពិសោធន៍​ចាក់​ការពារ​មេរោគ​កូរ៉ូណា​កាន់​តែ​ច្រើន​ឡើង​បង្ហាញ​នូវ​ក្តីសង្ឃឹម​នៅ​ក្នុង​ការ​សាកល្បង​ទៅ​លើ​មនុស្ស

នេះ​ជា​ទិដ្ឋាភាព​ទូទៅ​នៃ​ការិយាល័យ AstraZeneca នៅ​ក្នុង​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

ដោយ​មាន​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ជាង​១៤​លាន​៧​សែន​ករណីនិង​មនុស្ស​ស្លាប់​ជិត​៦សែន​១ម៉ឺន​នាក់ ពួក​អ្នក​ស្រាវជ្រាវ​កំពុង​រាយការណ៍​ពី​ការ​ជឿនលឿន​ក្នុង​ការ​ប្រកួត​ប្រជែង​បង្កើត​ថ្នាំ​វ៉ាក់សាំង​ប្រកប​ដោយ​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​នេះ។

ថ្នាំ​វ៉ាក់សាំង​ដែល​ពិសោធន៍​២​ខុស​គ្នា មួយ​ត្រូវបាន​អភិវឌ្ឍ​រួមគ្នា​រវាង​សាកល​វិទ្យាល័យ​ Oxford របស់​ចក្រភព​អង់គ្លេស ​និង​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca របស់​អង់គ្លេស និង​ស៊ុយអែត​ និង​មួយទៀត​ដោយ​ក្រុមហ៊ុន​ជីវៈសាស្រ្ត CanSino Biologics របស់​ចិន​ បាន​បង្ហាញ​ឱ្យឃើញ​ថា បាន​ឆ្លើយតប​ខ្លាំងក្លា​នូវ​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ​នៅក្នុង​ការ​សាកល្បង​លើ​មនុស្ស។ នេះ​តាម​ការ​សិក្សា​ដែល​បាន​ពិនិត្យ​មើល​២​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ទស្សនាវដ្តី​ពេទ្យ​អង់គ្លេស The Lancet។

ក្នុង​ខណៈ​នោះ​ដែរ ក្រុមហ៊ុន​ផលិត​ឱសថ Pfizer របស់​សហរដ្ឋ​អាមេរិក​ និង​ដៃគូ​គឺ​ក្រុមហ៊ុន BioNTech របស់​អាល្លឺម៉ង់​ក៏​បាន​រាយការណ៍​ពី​ការ​ជឿនលឿន​ប្រកប​ដោយវិជ្ជ​មាន​កាលពី​ថ្ងៃ​ចន្ទ​លើ​ថ្នាំ​វ៉ាក់សាំង​ពិសោធន៍​របស់​ខ្លួន​ដែរ។

ថ្នាំ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​បង្កើត​រួមគ្នា​ដោយ​សាកល​វិទ្យាល័យ Oxford និង​ក្រុមហ៊ុន​ AstraZeneca កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​ដ៏ខ្លាំង​បំផុត​ ដោយ​ក្រុមហ៊ុន​នោះ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ជាច្រើន​ដើម្បី​ផ្គត់ផ្គង់​ថ្នាំ​វ៉ាក់សាំង​របស់​ខ្លួន ប្រសិន​បើ​ថ្នាំ​វ៉ាក់សាំង​នោះ​បង្ហាញ​នូវ​ប្រសិទ្ធភាព ​និង​ទទួលបាន​ការ​អនុញ្ញាត។ ក្រុមហ៊ុន​នោះ​ក៏​បាន​តាំងចិត្ត​ផលិត​ថ្នាំ​វ៉ាក់សាំង​នោះ​ចំនួន​២ពាន់​លាន​ដូសដែរ។

កាសែត The New York Times បាន​ប្រាប់​ឱ្យដឹង​ថា ថ្នាំ​វ៉ាក់សាំង​នោះ ត្រូវ​បាន​ចាក់​លើ​ពួក​អ្នក​ស្ម័គ្រចិត្ត​ជាង​មួយ​ម៉ឺន​នាក់​នៅក្នុង​ចក្រភព​អង់គ្លេស ប្រេស៊ីល ​និង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ អ្នក​ចូលរួម​៣​ម៉ឺន​នាក់​ទៀត​នៅក្នុង​សហរដ្ឋ​អាមេរិក មាន​កំណត់​ពេល​ទទួល​បាន​ថ្នាំ​វ៉ាក់សាំង​ពិសោធន៍​នៅ​សប្តាហ៍​ក្រោយ៕