មាន​ការស្លាប់​បន្ថែម​ទៀត​ក្នុង​ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​នៅ​នីហ្សេរីយ៉ា

ទាហាន​កាមេរូន (Cameroon) យាម​ត្បាត​នៅ​កន្លែង​ស៊ើបការ​នៅ​លើ​ទួល​មួយ​លើ​ភ្នំ Mandara ក្នុង​តំបន់ Mabass កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥។

ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ Boko Haram​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​២១នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ជិត​ភូមិ​ Chibok នា​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ នីហ្សេរីយ៉ា (Nigeria) នេះ​បើ​តាម​ព័ត៌មាន​ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​នេះ​ដែល​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​នានា​កាល​ពី​ថ្ងៃសុក្រ។​

គេ​បាន​រាយការណ៍​ថា​ក្រុម​ឧទ្ទាម​បាន​រត់គេច​ខ្លួន​ចេញ​ពី​ការ​វាយ​លុក​ដោយ​រដ្ឋាភិបាល​នៅ​ពេល​ពួកគេ​បាន​ធ្វើ​ការ​ឆ្មក់​វាយ​ប្រហារ​លើ​ភូមិ​យ៉ាង​តិចណាស់ ពីរ។

កាល​ពី​ខែ​មេសា​មុន ​ភូមិ Chibok ត្រូវ​បាន​គេ​ស្គាល់​ជា​សាធារណៈ ​នៅ​ពេល ក្រុម​យុទ្ធជន Boko Haram បាន​ចាប់​ពង្រត់​នារី​សិស្ស​សាលា​ជាង​២០០​នាក់នៅ​ទីនោះ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​យោធា​រដ្ឋាភិបាល​នីហ្សេរីយ៉ា​បាន​និយាយ​ថា​ពួក​គេ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​មូលដ្ឋាន​ក្រុម​ Boko Haram នៅ​ក្នុង​ប៉ែក​ឦសាន​ប្រទេស​ហើយ​បាន​សម្លាប់​ក្រុម​ជន​សកម្មប្រយុទ្ធ «មួយ​ចំនួន​ធំ»។

សេចក្តី​ថ្លែងការណ៍​មួយ​បាន​និយាយ​ថា​កងទ័ព​អាកាស​នីហ្សេរីយ៉ា​បាន​យក​ជំរុំ​ហ្វឹកហ្វឺន​និង​ឃ្លាំង​អាវុធ​របស់​ក្រុម​ Boko Haram នៅ​ក្នុង​ព្រៃ​ Sambisa និង​ក្នុង​ក្រុង​ Gwoza ដែល​ជា​សំបុក​ពីរ​របស់​ក្រុម​ Boko Haram ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​នេះ។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ទាំង​នេះ​ ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ច្រើន​នាក់​បាន​រត់​គេច​ខ្លួន​ចេញ​ពី​មូលដ្ឋាន​របស់​ពួកគេ។​ គេ​មិន​អាច​បញ្ជាក់​បាន​ថា​តើ​ការ​អះអាង​ដោយក្រុម​យោធា​នេះ​ជា​ការ​ពិត​នៅ​ទ្បើយ​ទេ៕