ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In និយាយថា លោកត្រៀមខ្លួនរួចរាល់ដើម្បីធ្វើជាអ្នកសម្របសម្រួលរវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រទេសទាំង២មិនបានសម្រេចកិច្ចព្រមព្រៀងណាមួយនៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅក្នុងប្រទេសវៀតណាមកាលពីសប្តាហ៍មុន។
ទោះជាយ៉ាងណាក៏ដោយ គេនៅតែមើលឃើញអ្វីដែលដែលគេដឹកនាំកូរ៉េខាងត្បូង អាចធ្វើបានដើម្បីយកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ខិតកាន់តែជិតទៅនឹងកិច្ចព្រមព្រៀងមួយដែលភាគីទាំង២ អាចសប្បាយរីករាយ។
លោកស្រី Kim Joon Hyung សាស្រ្តាចារ្យផ្នែកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Handong Global បានប្រាប់ VOA ថាកន្លងមក មានក្តីសង្ឃឹមជាទូទៅថា ការជោគជ័យ អាចសម្រេចបានរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយមិនចាំបាច់សម្របសម្រួល។
ក៏ប៉ុន្តែ លោកស្រី បានបញ្ជាក់ថា ដោយសារតែមិនសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយនៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាម «កន្លងមក លោក Moon Jae In ហាក់ដូចជាមិនសូវសកម្មណាមួយសោះ។ ឥឡូវនេះគឺជាពេលចាំបាច់ដែលត្រូវមានតួនាទីឲ្យសកម្មជាងមុន»។
ក៏ប៉ុន្តែ សម្រាប់លោក Shin Beom Chul ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាគោលនយោបាយ Asan វិញ បាននិយាយថា សកម្មភាពរបស់លោក Moon Jae In អាចមានផលប៉ះពាល់។
លោកបានថ្លែងថា «ប្រសិនបើលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In ស្នើឲ្យមានការដកទណ្ឌកម្មចេញមុនពេលលុបបំបាត់អាវុធនុយក្លែអ៊ែរ នោះវានឹងប៉ះពាល់ដល់សម្ព័ន្ធភាពរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក»៕