ប៉ូលិសបានបាញ់ទឹកទៅលើក្រុមបាតុករនៅក្នុងរដ្ឋធានីណៃពិដោនៃប្រទេសមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះ នៅពេលដែលពលរដ្ឋរាប់ម៉ឺននាក់បានចូលរួមនៅក្នុងបាតុកម្មនៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងយោធាដែលបានធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី Aung San Suu Kyi ដែលជាមេដឹកនាំត្រូវបានជ្រើសរើសដោយការបោះឆ្នោត ចេញពីតំណែងកាលពីមួយសប្តាហ៍មុន។
ការអំពាវនាវឲ្យចូលរួមនៅក្នុងការតវ៉ានេះបានកើនឡើងកាន់តែខ្លាំងនិងមានការរៀបចំជាងមុន តាំងពីយោធាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃច័ន្ទសប្តាហ៍មុនមក។ រដ្ឋប្រហារនេះបានធ្វើឲ្យមានការថ្កោលទោសពីអន្តរជាតិ។
អ្នកស្រី Aye Misan ដែលជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យមួយកន្លែងរបស់រដ្ឋាភិបាល បាននិយាយនៅឯការតវ៉ាក្នុងទីក្រុងរ៉ង់ហ្គូនថា៖ «យើងជាបុគ្គលិកសុខាភិបាលកំពុងដឹកនាំយុទ្ធនាការនេះដើម្បីជំរុញបុគ្គលិករដ្ឋាភិបាលទាំងអស់ឲ្យចូលរួម។ សាររបស់យើងទៅកាន់សាធារណជនគឺថា យើងមានគោលបំណងលុបចោលទាំងស្រុងនូវរបបយោធានេះ ហើយយើងត្រូវតែប្រយុទ្ធដើម្បីជោគវាសនារបស់យើង»។
មនុស្សរាប់ពាន់នាក់ក៏បានធ្វើបាតុកម្មនៅក្នុងទីក្រុង Dawei ដែលជាទីក្រុងជាប់សមុទ្រនៅភាគអាគ្នេយ៍ និងនៅក្នុងទីរួមរដ្ឋ Kachin នៅភាគខាងជើងផងដែរ។ ហ្វូងមនុស្សដ៏ច្រើនកុះករនេះឆ្លុះបញ្ចាំងឲ្យឃើញអំពីការជំទាស់របស់ក្រុមជាតិសាសន៍ផ្សេងៗនៅក្នុងប្រទេសមីយ៉ាន់ម៉ាទៅនឹងការគ្រប់គ្រងរបស់យោធា។
នៅក្នុងទីក្រុងរ៉ង់ហ្គូន ក្រុមព្រះសង្ឃបានដើរក្បួនតវ៉ាជាមួយនឹងកម្មករនិងនិស្សិត។ ពួកគេកាន់ទង់ព្រះពុទ្ធសាសនានិងបដាពណ៌ក្រហមដែលជាពណ៌តំណាងឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី Suu Kyi។
បដាមួយមានសរសេរអក្សរថា «ដោះលែងថ្នាក់ដឹកនាំរបស់យើង។ គោរពការបោះឆ្នោតរបស់យើង ច្រានចោលការធ្វើរដ្ឋប្រហារយោធា»។ បដាផ្សេងទៀតសរសេរអក្សរថា «សង្គ្រោះលទ្ធិប្រជាធិបតេយ្យ» និង «បដិសេធរបបផ្ដាច់ការ» ជាដើម៕