ការជជែក​ដេញដោល​រវាង​លោកស្រី​គ្លីនតុន និងលោកត្រាំ​​ជា​ការ​កំណត់​ដ៏​សំខាន់​មួយ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី

ការជជែក​ដេញដោល​រវាង​លោកស្រី​គ្លីនតុន និងលោកត្រាំ​​ជា​ការ​កំណត់​ដ៏​សំខាន់​មួយ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី។

ការជជែក​ដេញ​ដោលគ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​ស.រ.អា​នៃ​គណបក្ស​ធំៗ ទាំង​ពីរ​ជាពេលវេលា​សំខាន់មួយ​ដែលកំណត់លទ្ធផល​នៃ​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង​ក្នុង​ឆ្នាំ២០១៦នេះ។​

ការជជែក​ដេញ​ដោលគ្នា​លើកទី​មួយនៅ​ថ្ងៃចន្ទ​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ទាំង​ពីរ​នាក់គឺ​លោកស្រី​ Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​និងលោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​អាច តាម​ការស្ទង់ប្រមាណ​ខ្លះ មាន​អ្នកទស្សនា​តាមទូរទស្សន៍​១០០លាន​នាក់​ដែល​នឹង​អាច​វាស់វែងអំពី​សមត្ថភាព​ និង​គុណសម្បត្តិ​របស់បេក្ខជន​ទាំង​ពីរ​នាក់នេះ​ដែល​នឹង​ឋិត​នៅលើឆាកជាមួយ​គ្នា។​

លទ្ធផល​នៃការ​ជជែក​ដេញ​ដោល​គ្នា​នេះ​នឹង​មានផលវិបាកធំធេង​ដល់គូ​ប្រជែង​ទាំង​ពីរ​នាក់។​ ពួក​អ្នកមើលការ​ជជែក​ដេញដោលគ្នានេះមិនមែនគ្រាន់តែ​យក​ចិត្តទុកដាក់​ទៅ​លើ​អ្វី​ដែលនឹង​ត្រូវ​និយាយ​ទេ ក៏ប៉ុន្តែ​ថែម​ទាំង​ទៅ​លើ​អ្វី​ដែលនឹង​ត្រូវនិយាយ​នោះ​មានភាព​បែបណា និង​អំពី​ថា​តើ​បេក្ខជន​ទាំង​ពីរ​នាក់នេះមាន​ប្រតិកម្មទៅកាន់គ្នា​បែប​ណា​ផងដែរ។​

ការ​ជជែក​ដេញ​ដោលគ្នានេះ​ជា​ពេលវេលា​សំខាន់មួយ​សម្រាប់លោក Trump ដែល​បានបង្រួមភាពឃ្លាតពី​គ្នា​នៅ​ក្នុង​ការ​ស្ទង់មតិ​កាលពី​ពេល​ថ្មីៗនេះ​ឲ្យនៅ​តិច​ជាងមុ​ន​ទល់នឹង​លោកស្រី​ Hillary Clinton ជាផ្នែក​ ដោយសារ​លោក​បានបង្ហាញ​ខ្លួនលោកថា ​លោកមានវិន័យជាង​កាលពី​ពេលមុនៗ។លោកបានផ្តោតការ​យក​ចិត្តទុកដាក់លើប្រធានបទ​សំខាន់បំផុត​របស់លោក។

លោក​ Trump បាន​និយាយ​ប្រាប់ពួក​អ្នកគាំទ្រ​លោកនៅ​ក្នុង​ការ​ប្រជុំមហា​ជន​មួយ​នៅ​ Fort Myers ក្នុងរដ្ឋ​ Florida ដែល​ជា​រដ្ឋមួយ​ក្នុង​បណ្តា​រដ្ឋសំខាន់ៗ​ដែល​មាន​ការ​ប្រទាញ​ប្រទង់គ្នា​ខ្លាំង​ដែល​នៅ​ទីនោះ​លោក​មានការ​គាំទ្រ​ស្មើគ្នា​នឹង​លោកស្រី​ Clinton នៅ​ក្នុងការស្ទង់មតិ​កាល​ពី​ពេលថ្មីៗនេះ​ថា «យើង​នឹង​ធ្វើប្រទេសអាមេរិក​ឱ្យ​ខ្លាំងទៀត។​ យើង​នឹង​ធ្វើប្រទេស​អាមេរិកឱ្យ​មានសុវត្ថិភាព​ទៀត ហើយ​យើង​នឹង​ធ្វើប្រទេស​អាមេរិកឱ្យ​មាន​ភាព​ឆ្នើមអស្ចារ្យទៀត!»

ចំណែក​ឯលោកស្រី​ Clinton វិញ​ លោកស្រី​នឹង​យក​ការជជែក​ដេញ​ដោលគ្នានោះ​ដើម្បីធ្វើ​ការធានា​ជា​ថ្មី​ដល់ក្រុមអ្នកគាំទ្រ​លោកស្រី​និង​ជំរុញ​សារ​របស់លោកស្រី​ក្នុង​ការ​កសាង​សេដ្ឋកិច្ចមួយ​ ដែល​មានការ​រួមបញ្ចូលច្រើន​ជាងមុនដូចដែលលោកស្រីបាន​មានប្រសាសន៍​នៅ​ក្នុង​ការ​ប្រជុំមហាជន​មួយ​កាលពី​ពេលថ្មីៗនេះ​នៅ​ក្នុង​ក្រុង Orlando រដ្ឋFlorida ថា «យើង​មានសេចក្តី​ថ្លៃ​ថ្នូរ​ទាំង​អស់។​នៅ​ក្នុង​ស.រ.អា​ដែល​ជា​ប្រទេស​ឆ្នើមអស្ចារ្យ​ជាងគេ​ក្នុង​ពិភពលោក យើង​មាន​ជំនឿថា​មនុស្សគ្រប់គ្នា​បានត្រូវ​បង្កើត​ឡើង​ដោយ​ភាពស្មើគ្នា!»៕