លោក Modi ឈ្នះ​បន្តិច​បន្តួច​នៅក្នុង​ការ​បោះឆ្នោត តែ​ចំនួន​អ្នក​គាំទ្រ​បក្ស​របស់​លោក​ធ្លាក់​ចុះ

  • Anjana ​Pasricha

នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក Narendra Modi ពេល​ទៅដល់ទីស្នាក់ការ​បក្ស Bharatiya Janata Party (BJP) នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

សម្ព័ន្ធភាព​គណបក្ស​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ឈ្នះ សំឡេង​ភាគ​ច្រើន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្នុង​រដ្ឋសភា​បន្ទាប់ពី​ការ​បោះឆ្នោត​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី ១ ខែ​មិថុនា។ ប៉ុន្តែ ការ​ប្រជែង​ដ៏​ខ្លាំងក្លា​ពី​បក្ស​ប្រឆាំង​បាន​បន្ថយ​ចំនួន​អ្នក​គាំទ្រ​គណបក្ស​របស់​លោក Modi យ៉ាង​ច្រើន ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ធ្លាក់ចុះ​ប្រជាប្រិយភាព​របស់​លោក​ក្រោយពី​លោក​បាន​កាន់​តំណែង​បាន ១០ ឆ្នាំ​មក។

គណបក្ស​ជាតិ​និយម​ហិណ្ឌូ Bharatiya Janata Party (BJP) របស់​លោក Modi រួម​ជាមួយ​នឹង​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ជាតិ (NDA) ដែល​ជា​បក្ស​សម្ព័ន្ធ​របស់​ខ្លួន បាន​ទទួល​អាសនៈ ២៩៤ ក្នុង​ចំណោម​អាសនៈ​សរុប ៥៤៣ ក្នុង​រដ្ឋសភា​ឥណ្ឌា។

ក្នុង​សារ​មួយ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ X លោក Modiថា៖ «ប្រជាជន​បាន​ដាក់​ការ​ទុកចិត្ត​របស់​ពួកគេ​លើ​សម្ព័ន្ធភាព NDA សម្រាប់​អាណត្តិ​ទី ៣ ទៀត! នេះ​ជា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​ឥណ្ឌា»។

លោក​បាន​ធានា​ចំពោះ​ប្រជាជន​ថា៖ «យើង​នឹង​បន្ត​ការងារ​ដ៏ល្អ​ដែល​យើង​បាន​ធ្វើ​ក្នុង​ពេល​មួយ​ទសវត្សរ៍​មក​នេះ​ដើម្បី​បន្ត​បំពេញ​តាម​ក្តី​ប្រាថ្នា​របស់​ប្រជាជន»។ លោក Modi បាន​លើក​សញ្ញា​ជ័យជម្នះ​នៅ​ទីស្នាក់ការ​គណបក្ស BJP កាលពី​ល្ងាច​ថ្ងៃ​ទី ៤ ខែ​មិថុនា។

ប៉ុន្តែ ជា​លទ្ធផល​ធ្លាក់ចុះ​សម្រាប់​មេដឹកនាំ​ឥណ្ឌា​ដែល​បាន​គ្រប់គ្រង​ប្រទេស​នេះ​ដោយ​អាណត្តិ​ឈ្នះ​ដាច់​ក្នុង​ពេល ១០ ឆ្នាំ​ចុងក្រោយ​នេះ គណបក្ស BJP ទំនងជា​មិន​អាច​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​តែ​ឯកឯង​ទេ។

បន្ទាប់ពី​ការ​រាប់​សន្លឹក​ឆ្នោត​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី ៤ ខែ​មិថុនា គណបក្ស​នេះ​ឈ្នះ​បាន​អាសនៈ ២៤០ ដែល​ចំនួន​នេះ​តិច​ជាង​ចំនួន ២៧២ អាសនៈ ដែល​ត្រូវការ​សម្រាប់​សំឡេង​ភាគច្រើន​ដាច់ខាត។ នេះ​ជា​លទ្ធផល​ធ្លាក់ចុះ​ខ្លាំង​ពី​ចំនួន​អាសនៈ ៣០៣ ដែល​គណបក្ស​នេះ​បាន​ឈ្នះ​នៅ​ឆ្នាំ ២០១៩។

អ្នក​វិភាគ​ថា លទ្ធផល​ខ្សោយ​ជាង​ការ​រំពឹងទុក​របស់​គណបក្ស BJP នេះ​បង្ហាញ​ថា ប្រជាប្រិយភាព​របស់​លោក Modi ស្រុតចុះ។ មេដឹកនាំ​ឥណ្ឌា​រូប​នេះ ដែល​ក្រុម​អ្នក​រិះគន់​ចាត់ទុក​ថា​បាន​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​នៅក្នុង​ប្រទេស បាន​ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​តាម​របៀប​ប្រធានាធិបតី​និយម ដោយ​ឱ្យ​គណបក្ស​ពឹងផ្អែក​ទាំងស្រុង​លើ​រូប​លោក​ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត។ តែ​ឥឡូវ លោក​នឹង​ត្រូវ​ពឹង​លើ​សម្ព័ន្ធភាព​របស់​លោក​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។

អ្នកវិភាគ​នយោបាយ​លោក Nilanjan Mukhopadhyay ថា៖ «លោក Modi មិន​ដែល​ធ្វើការ​ជាមួយ​ដៃគូ​ក្នុង​សម្ព័ន្ធភាព​គណបក្ស​របស់​លោក​ទេ​កាលពី​អតីតកាល។ លោក​តែងតែ​ធ្វើ​ជា​មេដឹកនាំ​សម្រេច​អ្វី​ដោយ​ខ្លួនឯង។ តែ​ដោយ​បក្ស​របស់​លោក​គ្មាន​សំឡេង​ភាគច្រើន​ដាច់ខាត​នោះ លោក​នឹង​ត្រូវ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដាក់​ខ្លួន​ជាង​មុន​ឆ្ងាយ​ដើម្បី​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​លោក»។

ទោះបីជា​លោក Modi មិន​បាន​ឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​ដូច​ដែល​បក្ស​របស់​លោក​បាន​រំពឹងទុក​និង​ការ​ស្ទង់មតិ​បាន​ព្យាករ​ក៏ដោយ ក៏​លោក​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​ពីរ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ឈ្នះ​ឆ្នោត​កាន់តំណែង​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត។ នាយករដ្ឋមន្ត្រី​ឥណ្ឌា​ទី​មួយ​ដែល​បាន​កាន់​តំណែង ៣ អាណត្តិ​គឺ​លោក Jawaharlal Nehru។

លោក Modi ដែល​គេ​មើលឃើញ​ថា​ជា​មេដឹកនាំ​ខ្លាំង បាន​កសាង​ប្រជាប្រិយភាព​របស់​លោក​ដោយ​ប្រើ​កម្មវិធី​គាំពារ​សង្គម​ជាច្រើន និង​សម្ញែង​មុខ​ជា​អ្នក​ជាតិ​និយម​ហិណ្ឌូ​ក្នុង​ប្រទេស​ដែល​មាន​អ្នក​កាន់សាសនា​ហិណ្ឌូ​ភាគច្រើន​នេះ។ ប៉ុន្តែ អ្នក​វិភាគ​ថា អត្រា​អត់​ការងារ​ធ្វើ​កើនឡើង ជាពិសេស​ក្នុង​ចំណោម​យុវជន​ក្មេងៗ និង​អតិផរណា​ខ្ពស់​នៅ​ក្នុង​ប្រទេស​បាន​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​របស់​លោក​ធ្លាក់ចុះ។

អ្នកវិភាគ​នយោបាយ​អ្នកស្រី Neerja Chowdhury ថា៖ «ខ្ញុំ​មិន​ឃើញ​មាន​ការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​លើ​រូប Modi នោះទេ។ បក្ស​ប្រឆាំង​ក៏​តស៊ូ​ស្វិតស្វាញ​ដែរ។ លើក​នេះ ពួកគេ​មិន​បោះបង់​ការ​តស៊ូ​ទេ។ មាន​ស្មារតី​តស៊ូ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​ពួកគេ»។

សម្ព័ន្ធ​បក្ស​ប្រឆាំង​ដែល​មាន​គណបក្ស​ជាង ២០ រួម​គ្នា ដឹកនាំ​ដោយ​គណបក្ស Congress Party ដើម្បី​ប្រជែង​ជាមួយ​បក្ស BJPទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​មុន​ឆ្ងាយ។ សម្ព័ន្ធ​គណបក្ស​ប្រឆាំង​នេះ ដែល​ឃោសនា​ដោយ​ប្រើ​កម្មវិធី​នយោបាយ​កាត់បន្ថយ​វិសមភាព​ទ្រព្យ​សម្បត្តិ​និង​លើក​តម្កើង​ស្ថាប័ន​ប្រជាធិបតេយ្យ ទទួល​បាន​អាសនៈ​រដ្ឋសភា​ចំនួន ២៣២ គឺ​កើន​ឡើង​ជិត​ទ្វេដង​ពី​ចំនួន ១១៩។

បក្ស​ប្រឆាំង​សង្កត់ធ្ងន់​លើ​ភាព​អត់​ការងារ​ធ្វើ ហើយ​ចោទ​លោក Modi ថា​ធ្វើ​ឱ្យ​ធ្លាក់ចុះ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ដែល​មិន​ពាក់ព័ន្ធ​នឹង​សាសនា ដោយ​ដៅ​លើ​គូ​ប្រជែង​នយោបាយ​របស់​លោក​និង​មិន​អត់ឱន​ឱ្យ​អ្នក​ប្រឆាំង។

អ្នក​វិភាគ​នយោបាយ​លោក Mukhopadhyay ថា៖ «លទ្ធផល​នេះ​បង្ហាញ​ថា​ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ជាង​មុន​ឆ្ងាយ។ វា​ក៏​បង្ហាញ​ថា​ប្រជាជន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​រអិល​ចូល​ទៅ​ក្នុង​របប​អាជ្ញាធិបតេយ្យ​ផងដែរ»៕

ប្រែសម្រួល​ដោយ​លោក សាយ មុន្នី