លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស.រ.អា. Steven Mnuchin បាននិយាយនៅថ្ងៃសុក្រនេះថា គណៈប្រតិភូពាណិជ្ជកម្មកម្រិតខ្ពស់ដែលលោកដឹកនាំមានការសន្ទនាគ្នាល្អណាស់ជាមួយពួកមន្ត្រីចិននៅក្នុងក្រុងប៉េកាំង ក៏ប៉ុន្តែលោកមិនបានថ្លែងឱ្យបានល្អិតល្អន់តទៅទៀតទេនៅពេលលោកចាកចេញពីសណ្ឋាគារលោកទៅកាន់កិច្ចចរចាគ្នាក្នុងថ្ងៃទីពីរ។
គេរំពឹងថា ការពិភាក្សាគ្នាដឹកនាំដោយលោក Mnuchin និងលោកឧបនាយករដ្ឋមន្ត្រីចិន Liu He ដែលជាទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់លោកប្រធានាធិបតី Xi Jinping មានទាក់ទិននឹងបញ្ហាមួយចំនួនធំនៃការត្អូញត្អែររបស់ស.រ.អា.អំពីការប្រកបរបរពាណិជ្ជកម្មរបស់ចិនចាប់តាំងពីការផ្ទេរបច្ចេកវិជ្ជាជាពិសេសសម្រាប់ semiconductors រហូតដល់ការផ្តល់ប្រាក់ជំនួយបន្ថែមដោយរដ្ឋសម្រាប់ការអភិវឌ្ឍបច្ចេកវិជ្ជា។
មនុស្សខ្លះយល់ឃើញថា ការប្រជុំគ្នាពីរថ្ងៃនេះជាជំហានវិជ្ជមានមួយ ទោះណាជាពួកអ្នកវិភាគនិយាយថា វាមិនទំនងថាការខ្វែងគំនិតគ្នារវាងពួកគេនឹងត្រូវដោះស្រាយរួចនៅក្នុងការប្រជុំទាំងនេះទេ ក៏ប៉ុន្តែសេចក្តីសម្រេចដើម្បីរក្សាការចរចាគ្នាតទៅទៀតជាការជឿនលឿនដែលគួរស្វាគមន៍។
ស.រ.អា.និងប្រទេសចិនបានដាក់កំហិតតារាងពន្ធដារប្រឆាំងនឹងទំនិញនៃប្រទេសនីមួយៗនៅមុនកិច្ចចរចានេះ៕