លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងសមាជិកដទៃទៀតនៃរដ្ឋបាលរបស់លោកកំពុងស្វះស្វែងរកវិធីដើម្បីទប់ស្កាត់ការភ័យខ្លាចនៅក្នុងប្រទេសក្រោយពីពលរដ្ឋបានទិញទំនិញពីហាងនានានៅទូទាំងប្រទេសអស់ពីហាងដើម្បីស្តុកទុកក្នុងពេលដែលមានជំងឺរាតត្បាតសាកលបង្កដោយមេរោគកូរ៉ូណាវីរុស។
លោកត្រាំបានជួបប្រជុំតាមទូរស័ព្ទជាមួយនឹងថៅកែក្រុមហ៊ុនហាងទំនិញឧបភោគបរិភោគចំនួន៣០កាលពីថ្ងៃអាទិត្យហើយលោកបានប្រកាសប្រាប់ពលរដ្ឋថា៖ «អ្នកទាំងអស់គ្នាមិនចាំបាច់ទិញទំនិញច្រើនពេកទេ។ ទិញតាមធម្មតា។ ធ្វើតាមសម្រួល»។
លោកប្រធានាធិបតីបានបន្ថែមថា៖
«យើងអត់មានការខ្វះខាតទេគឺគ្រាន់តែពលរដ្ឋទិញទំនិញច្រើនជាងមុនពីបីទៅប្រាំដងលើសពីធម្មតាប៉ុណ្ណោះ»។
លោកត្រាំបានចេញមុខមកប្រកាសដោយមិនបានប្រាប់ឱ្យដឹងជាមុននៅក្នុងបន្ទប់សន្និសីទសារព័ត៌មានជាមួយនឹងក្រុមការងារប្រយុទ្ធនឹងមេរោគកូរ៉ូណាវីរុសប៉ុន្តែលោកមិនបានឆ្លើយសំណួរអ្នកសារព័ត៌មានទេ។
លោកត្រាំបានបន្ថែមថាមេរោគកូរ៉ូណាវីរុសគឺជា «អ្វីដែលយើងគ្រប់គ្រងបានយ៉ាងខ្លាំង»។ បន្ទាប់មកលោកបានប្រគល់វេទិកានោះទៅលោកអនុប្រធានាធិបតីម៉ៃ ផេន ដែលជាអ្នកដឹកនាំក្រុមការងារនោះវិញ។
សមាជិកខ្លះនៃក្រុមការងារនោះបានសម្តែងការប្រយ័ត្នប្រយែងខ្លាំងពីអ្វីដែលនឹងកើតមានឡើងនៅក្នុងពេលខាងមុខ។
លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិប្រយុទ្ធនឹងជំងឺឆ្លងបានសង្កត់ធ្ងន់ថា «ស្ថានភាពអាក្រក់នៅមានចំពោះមុខយើងនៅឡើយទេ»។ ក្នុងពេលជាមួយគ្នានោះដែររដ្ឋមន្ត្រីសុខាភិបាលលោក Alex Azar បានព្រមានថាជំងឺរាតត្បាតសាកលនេះមានសក្តានុពលលើសពីកម្រិតប្រព័ន្ធសុខាភិបាលរបស់សហរដ្ឋអាមេរិក។
សន្និសីទសារព័ត៌មាននេះបានរៀបចំឡើងក្នុងពេលដែលទីក្រុង និងរដ្ឋកាន់តែច្រើនបានបញ្ជាឱ្យរឹតត្បិតការជួបប្រជុំសាធារណៈ។
លោក Gavin Newsom អភិបាលរដ្ឋបានបញ្ជាឱ្យបិទបារនិងតៀមស្រានៅក្នុងរដ្ឋកាលីហ្វញ៉ា។ នេះជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុត។ លោកក៏បានប្រកាសថាពលរដ្ឋអាយុ៦៥ឆ្នាំឡើងទៅត្រូវនៅផ្ទះដោយសារពួកគាត់គឺជាក្រុមដែលប្រឈមគ្រោះថ្នាក់ខ្ពស់បំផុតពេលឆ្លងជំងឺកូវីដ១៩។
លោក Mike DeWine អភិបាលរដ្ឋអូហៃយោ បានបញ្ជាឱ្យភោជនីយដ្ឋានមិនឱ្យភ្ញៀវចូលមកទទួលទានទេគឺឱ្យទិញយកទៅផ្ទះនិងដឹកជូនដល់ផ្ទះតែប៉ុណ្ណោះ។
ការរឹតត្បិតនេះក៏អនុវត្តនៅទីក្រុងញូវយ៉កនិងឡូសអាន់ជឺឡេសផងដែរ។ នេះគឺជាទីក្រុងដ៏ធំជាងគេបំផុតចំនួនពីររបស់សហរដ្ឋអាមេរិក។ ចៅហ្វាយក្រុងទាំងពីរបានប្រកាសបម្រាមថ្មីនៅយប់ថ្ងៃអាទិត្យដោយក្នុងនោះមានការបិទកន្លែងកម្សាន្តនិងរោងភាពយន្តផងដែរ៕