ការជំនុំ​ជម្រះ​ការ​ចោទ​ប្រកាន់​ដក​​តំណែង​ប្រធានា​ធិបតី​ជា​ការ​សាក​ល្បង​អំណាច​ដ៏​ខ្លាំង​បំផុត​របស់​ព្រឹទ្ធសភា

មេដឹកនាំ​ភាគ​ច្រើន​នៃ​ព្រឹទ្ធសភា​ លោក Mitch McConnell ដើរ​ចេញ​ពី​បន្ទប់​ជំនុំជម្រះ​ក្នុង​ពេល​ចាប់​ផ្ដើម​នៃ​ការ​ជំនុំ​ជម្រះ​ដក​តំណែង​លោក ដូណាល់ ត្រាំ ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​អំណាច និង​រារាង​សភា នៅ​រដ្ឋសភា កាល​ពី​ថ្ងៃទី​២១ មករា ២០២០។

លោក​ McConnell​ មាន​អំណាច​ដើម្បី​កំណត់​ដំណើរ​ការ​នៃ​ការជំនុំ​ជម្រះ​​ការចោទ​ប្រកាន់​ដកហូត​ប្រធានា​ធិបតី​ ដូណាល់ ត្រាំចេញ​ពី​តំណែង។ ហើយ​លោកត្រូវ​បាន​គេ​ស្គាល់​ចំពោះ​ការ​ត្រួតត្រា​ដ៏ម៉ឺង​ម៉ាត់​លើ​ពួក​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​របស់​លោក។

រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ​ចែង​ថា ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការជំនុំ​ជម្រះ​ការចោទ​ប្រកាន់​ដក​ហូត​ប្រធានា​ធិបតី​ចេញ​ពី​តំណែង។ ក៏ប៉ុន្តែ រដ្ឋ​ធម្មនុញ្ញនោះ ​មិន​បាន​ចែង​ថា ​តើ​ការ​ជំនុំ​ជម្រះ​នោះ ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​ទេ។​ ខណៈ​ដែល​មានបទ​បញ្ញត្តិ​ខ្លះ​ដែល​កំណត់​ពីការ​ជំនុំ​ជម្រះ​នេះ ​សេចក្តី​ណែនាំ​ភាគ​ច្រើន​នៃ​ការ​ជំនុំ​ជម្រះ​នេះ ​នឹង​ត្រូវ​កំណត់​ដោយ​លោក ​Mitch McConnell ​មេដឹកនាំ​សំឡេង​ភាគ​ច្រើន​របស់​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណ​រដ្ឋ។

នៅ​ខាង​ក្រោយ​នៃ​ការ​អំពាវនាវ​ប្រកប​ដោយ​ពាក្យ​ទន់ភ្លន់​មាន​ការពិត​ជាក់​ស្តែង​ថា៖ ​លោក​ McConnell​ មាន​អំណាច​ដើម្បី​កំណត់​ដំណើរ​ការ​នៃ​ការជំនុំ​ជម្រះការចោទ​ប្រកាន់​ដកហូត​ប្រធានា​ធិបតី​ ដូណាល់ ត្រាំចេញ​ពី​តំណែង។ ហើយ​លោកត្រូវ​បាន​គេ​ស្គាល់​ចំពោះ​ការ​ត្រួតត្រា​ដ៏ម៉ឺង​ម៉ាត់​លើ​ពួក​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​របស់​លោក។

ជ័យជម្នះ​ខាង​ពាណិជ្ជកម្ម​និង​ការ​បោះឆ្នោត​សម្រាប់​លោក​ McConnell ​ធ្វើ​ឲ្យ​លោក​ទទួល​ជោគជ័យ​ក្នុង​គោល​ដៅ​នៃ​ជីវិត​របស់​លោក​ក្លាយ​ជាមេដឹកនាំ​សំឡេង​ភាគ​ច្រើន​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

​លោក​កើត​នៅ​ក្នុង​រដ្ឋអាឡាបាម៉ា ​លោក ​McConnell ​បាន​ជម្នះ​ជំងឺ​ស្វិតដៃ​ជើង​ប៉ូលីយ៉ូ​នៅ​ពេល​ជាកុមារភាព​មុនប្តូរ​ទី​លំនៅ​ទៅ​រដ្ឋ ​Kentucky​ នៅ​ពេល​ដែលលោក​មាន​អាយុ​១៤​ឆ្នាំ។​ នៅ​អាយុ​២២ឆ្នាំ ​លោក ​បាន​ហាត់​ធ្វើ​ការងារ​នៅឯ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

ដំណើរ​ជីវិត​របស់​លោក ​McConnell ​ក្លាយ​ជា​មេដឹកនាំ​កំពូល​របស់​ព្រឹទ្ធសភា ​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​១៩៨៤ ​នៅ​ពេលផ្តួល​សមាជិក​ព្រឹទ្ធសភា​កាន់​ដំណែង​ខាង​គណបក្ស​ប្រជាធិបេតេយ្យ​ដោយ​ឈ្នះសន្លឹក​ឆ្នោត​ប្រហែល​៥ពាន់​សំ​ឡេង ដែល​បាន​ក្លាយ​ជា​គណ​បក្ស​សាធារណរដ្ឋ​លើកដំបូង​ឈ្នះ​កាន់​ដំណែង​នៅ​រដ្ឋ​ Kentucky ​ក្នុង​រយៈ​ពេល​១៦​ឆ្នាំ។

ការ​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភាម្នាក់​របស់​សហរដ្ឋ​អាមេរិក​ជាគោល​ដៅ​នៃ​ការ​ជាប់​ឆ្នោត​តែ​មួយ​គត់​របស់​លោក។ ពេល​ស្ថិតក្នុង​ព្រឹទ្ធសភា ​លោក​ McConnell​ បាន​កំណត់​ទស្សន​វិស័យ​ស្តីពី​តួនាទី​ជា​មេដឹកនាំ។ ការ​ខំ​ប្រឹង​ប្រែង​របស់​លោក​ដើម្បី​បង្អាក់​ការប៉ុន​ប៉ង​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ដើម្បី​កំណត់​ការរួម​វិភាគ​និង​ការ​ចំណាយ​ថវិកា​ដល់​យុទ្ធនាការ​បោះឆ្នោត ​បាន​ធ្វើ​ឲ្យ​លោក​មាន​ការគាំទ្រ​ពី​សហការី​ខាង​គណបក្ស​សាធារ ណរដ្ឋ។ លោក ​Darryl West​ នៃ​វិទ្យា​ស្ថាន​ Brookings ​បាន​ថ្លែង​ថា៖ «គ្មាននរណា​ដែល​ដឹង​ពី​ព្រឹទ្ធសភា​ជាង​លោក Mitch McConnell ​ទេ។ លោក ​បាន​ស្ថិត​នៅ​ទី​នោះ​ជាយូរ យាមក​ហើយ។ លោក​ដឹង​ថា ​អ្វី​ដែល​មូលដ្ឋាន​ត្រូវការ​និង​ផលប្រយោជន៍​នានា​របស់ សមាជិក​ព្រឹទ្ធសភា​ផ្សេងៗ​ទៀត ​ជា​ពិសេស ​ខាង​គណបក្ស​សាធារណរដ្ឋ»។

ពេល​ដែល​ពួក​គណបក្ស​សាធារណរដ្ឋ ​ជា​សំឡេង​ភាគ​តិច ​លោក ​McConnell​ បាន​គ្រប់​គ្រង​ច្បាប់​ដ៏​សម្ងាត់របស់ព្រឹទ្ធសភា។ ក្នុង​ចំណោម​ច្បាប់​ទាំង​នោះ​មាន៖ កលយុទ្ធ​នៃ​ការ​ពន្យាពេល​ដែល​អនុញ្ញាតិ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​និយាយ​នៅ​សម័យប្រជុំ​ព្រឹទ្ធ​សភា​ទៅ​តាម​លទ្ធភាព​អាចធ្វើ​បាននៅ​ក្នុង​ការ​ខំប្រឹង​ប្រែងដើម្បី​កែប្រែ​សេចក្តី​ព្រាង​ច្បាប់។

សមត្ថភាព​របស់​លោក​ McConnell ​ដើម្បី​រាំងខ្ទប់​ការខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ដោយ​បាន​ការ​គាំទ្រ​ពី​ពួក​គណបក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​លោក​កាន់​ដំណែង​ជា​មេដឹក​នាំ​របស់​ពួកគេ​នៅ​ឆ្នាំ​២០០៧។

នៅ​ពេល​ដែល​លោក​ បារ៉ាក់ ​អូបាម៉ា ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​នៅ​ឆ្នាំ​២០០៨ ​លោក​ McConnell ​ជា​អ្នក​សាធារណរដ្ឋ​តែ​ម្នាក់​គត់​នៅ​ក្នុង​ខ្សែបន្ទាត់​ការពារ។​ នៅ​ឆ្នាំ​២០២០ ​លោក ​មិន​បាន​លាក់​លាម​អំពី​អ្វី​ដែល​ជា​គោល​ដៅ​របស់​គណបក្ស​សាធារណរដ្ឋ​ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដែល​ធ្វើ​ឲ្យ​លោក​ McConnell ល្បីល្បាញ​ដោយ​ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​ផ្ទាល់​មានការ​សប្បាយ​រីក​រាយ​ ហើយ​និង​ការខឹងសម្បាពី​ពួក​ប្រជា​ធិបតេយ្យ។​ លោក​ McConnell បាន​ថ្លែងថា៖ «មួយ​សប្តាហ៍​កន្លង​មក​នេះ ​អ្នកខ្លះ ​និយាយថា ​វា​ជា​ការច្រឡើស​បើស​របស់​ខ្ញុំដែល​និយាយថា ​អាទិភាព​កំពូល​ខាង​នយោបាយ​នៅ​រយៈ​ពេល​២ឆ្នាំ​បន្ទាប់​ទៀត គឺ​ទប់ស្កាត់​អាណត្តិ​ទី២​របស់​ប្រធានា​ធិបតី ​បារ៉ាក់ ​អូបា​ម៉ា នោះ»។

​លោក ​អូបាម៉ា ​បាន​ជាប់​ឆ្នោត​ប្រធានា​ធិបតី​ម្តង​ទៀត ​ក៏ប៉ុន្តែ ​លោក ​McConnell ​នៅ​ទី​បញ្ចប់ ​ជា​អ្នក​សម្រេច​នៅ​ឆ្នាំ​២០១៦ ដោយ​បាន​បដិសេធ​ការរៀប​ចំ​សវនា​ការឬ​ការ​បោះឆ្នោត​ស្តីពី​ការតែងតាំង​លោក ​Merrick Garland ​ដែល​ត្រូវ​តែងតាំង​ដោយ​លោក​អូបាម៉ា​ជា​ចៅក្រម​តុលាការ​កំពូល។ តំណែង​នៅ​ទំនេរ​នេះ​និង​តំណែង​ជាច្រើន​ទៀតក្នុង​តុលាការ​សហព័ន្ធ ​បាន​ត្រូវ​បំពេញ​ដោយ​លោក​ដូណាល់ ​ត្រាំ​ខាង​គណបក្ស​សាធា រណរដ្ឋ​នៅ​ពេល​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី។

លោក ​McConnell ​បាន​ថ្លែង​ក្នុង​សវនាការ​ចោទ​ប្រកាន់​ដកហូត​ប្រធានា​ធិបតី​ត្រាំ​ចេញ​ពី​តំណែង​ថា៖ «ខ្ញុំ មិនមែន​ជា​គណៈវិនិច្ឆ័យ​ទេ។ការជំនុំជម្រះ​នេះ​ជា​ដំណើរ​ការ​នយោ បាយ»។

ឥឡូវ​នេះ លោក​ត្រាំ ​ប្រឈម​ការជំនុំ​ជម្រះ​ការចោទ​ប្រកាន់​ដក​ហូត​ចេញ​ពី​តំណែង​នៅ​ក្នុង​ព្រឹទ្ធសភា។​ ក្នុង​ឋានៈ​ជា​មេដឹកនាំ​សំឡេង​ភាគ​ច្រើនក្នុង​ព្រឹទ្ធសភា ​លោក​ McConnell​ បាន​បោះឆ្នោត​ធ្វើ​ឲ្យ​មាន​ដំណើរ​ការជំនុំជម្រះ​នេះ។ លោក​បានសារភាព​ពី​យុទ្ធសាស្រ្ត​សម្រប​សម្រួល​ជាមួយ​ពួក​មេធាវី​របស់​ប្រធានា​ធិប​តី​ត្រាំ ​ដោយ​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា ​លោក ​មិនមែន​ជា​គណៈ​វិនិច្ឆ័យ​ទេ។ នេះ​ជាដំណើរ​ការ​នយោ បាយ។ លោក Darryl West ​នៃ​វិទ្យា​ស្ថាន​ Brookings ​ថ្លែង​ថា៖ «គោល​បំណង​ដ៏​សំខាន់​របស់​លោក​ McConnell​ គឺរក្សា​ការត្រួតត្រា​ព្រឹទ្ធស​ភា​សម្រាប់​គណបក្ស​សាធារណ​រដ្ឋ។​គ្រប់​រាល់​សម្រេច​ដែល​លោក​ធ្វើជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​រឿង​នេះ»។

​ដោយ​ពួក​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​បាន​ប្រឈមយុទ្ធនា ការ​បោះឆ្នោត​ដ៏​លំបាក​នៅ​ក្នុង​រដ្ឋមួយ​ចំនួន​ដូចជា៖ ​រដ្ឋ Maine, Coloradoនិង​រដ្ឋ​អារី ហ្សូណា នយោបាយ​នៃ​ការ​ជំនុំជម្រះការចោទប្រកាន់ដកហូត​ប្រធានា​ធិបតី​ចេញ​ពី​តំណែងរបស់​លោក McConnell ​អាច​កំណត់​ថាតើ​លោក ​អាច​កាន់​កាប់​ការងារ​ដែល​សុបន្តិ​របស់​លោកគឺៈ​មេដឹកនាំ​សំឡេង​ភាគ​ច្រើន​ព្រឹទ្ធសភាបាន​ដែរទេ៕

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន