ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការចោទប្រកាន់លោកត្រាំមិនអាចកែប្រែសន្លឹកឆ្នោតពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងRichmondច្រើន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការចោទប្រកាន់ប្រធានាធិបតីត្រាំមិនអាចកែប្រែសន្លឹកឆ្នោតពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងRichmondរដ្ឋVirginiaនៅឆ្នាំនេះទេ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ Richmond​ ​រដ្ឋ​Virginia ​ក៏​ដូច​ពល​រដ្ឋ​អាមេរិកាំង​ទូទៅ​ដែរមាន​ទស្សនៈដោយ​ឡែក​ពី​គ្នា​ ខ្លះ​គាំទ្រ​គណបក្ស​ប្រជា​ធិបតេយ្យ​ ​ខ្លះ​ទៀត​គាំទ្រ​គណបក្ស​សាធារណ​រដ្ឋ។​ ​ពួក​គាត់​មូល​មតិ​គ្នា​ដោយ​មោទន​ភាព​ថា​ ​គណបក្ស​ទាំង​ពីរ​មាន​គោល​នយោយ​ដែល​ពួក​គាត់​ចាប់​អារម្មណ៍​ជា​អាទិភាពដូច​គ្នា​គឺ​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​អាមេរិកាំង​ទាំង​ ស៊ីវិលទាំង​ទាហានទោះជា​គណ​បក្ស​ណា​កាន់​រដ្ឋាភិបាល​ក៏​ដោយ។

ទោះជា​ព័ត៌មាន​អំពី​ការ​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​Donald Trump ​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​រដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ Richmond​ រដ្ឋ ​Virginia​ ក៏ដោយ​ ​តែ​វា​មិន​មែន​ជា​ចលករ​សំខាន់​នាំ​ឲ្យ​ពួក​គាត់​ប្តូរ​ចិត្ត​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​នេះ​ទេ ​ព្រោះពួក​គាត់​ភាគ​ច្រើន​បាន​ដាក់​ចិត្ត​គាំទ្រ​គោល​នយោបាយ​គណបក្ស​ណា​មួយ​រួច​ហើយ។​

លោក​សាន អឿន​មក​ស.រ.អា.​ឆ្នាំ​១៩៨២​ និង​បាន​សញ្ជាតិ​នៅ​១៩៩៨។​លោក​បាន​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​សាធារណ​រដ្ឋ​៥​អាណត្តិ​មក​ហើយ។​ លោក​ថា ​ ​ការ​ចោទ​ប្រកាន់​ប្រធានាធិបតី​ត្រាំ​នឹង​មិន​ធ្វើ​ឲ្យ​លោក​កែប្រែ​ការគាំទ្រ​គណបក្ស​សាធារណ​រដ្ឋ​ទេ។​

«បើ​លោក​ត្រាំ​មាន​សិទ្ធិ​ឈរ​ឈ្មោះ​មួយ​អាណត្តិ​ទៀត​ ​ខ្ញុំ​នៅ​តែ​សម្រេច​ចិត្ត​បោះ​ឆ្នោត​ឲ្យ​គាត់​ជា​និច្ច​អី​ចឹង​ហ្មង​ ​ព្រោះ​ដាច់​ចិត្ត​ត្រូវ​កាន់​ខ្ជាប់​នូវ​គណបក្ស​សាធារណ​រដ្ឋ»។​

លោក​សាន អឿន​បន្ត​ថា​ ​នឹង​ព្យាយាម​ឲ្យ​ភរិយា​របស់​លោក​ទៅ​បោះ​ឆ្នោត​ឲ្យ​លោក​ត្រាំ​ដែរ ​ ក្រោយ​ពី​អ្នកស្រី​បាន​ចូល​សញ្ជាតិ​ជាង​២០​ឆ្នាំ​មក​ហើយ តែ​មិន​ធ្លាប់​បោះ​ឆ្នោត​សោះ។​

ទោះ​ជាយ៉ាងណា ​អ្នក​គាំទ្រ​គណបក្ស​ប្រជា​ធិបតេយ្យ​ហាក់​មិន​ទាន់​តាំង​ចិត្ត​ដាច់ខាត​ដូច​អ្នក​គាំទ្រ​គណបក្ស​សាធារណ​រដ្ឋ​ទេ។​

អ្នកស្រី​ប៉ោ​ សាមឿន​បាន​មក​ស.រ.អា.​នៅ​ដើម​ឆ្នាំ​១៩៨២​ និង​បាន​ចូល​សញ្ជាតិ​ឆ្នាំ​១៩៩២​ ប៉ុន្តែ​អត់​ហ៊ាន​ទៅ​បោះ​ឆ្នោត​ទេ​ ​ដោយ​សារ​មិន​សូវ​ចេះ​ភាសាមិន​សូវ​យល់​រឿង​នយោបាយ​ស.រ.អា.។​ អ្នកស្រី​បាន​បោះ​ឆ្នោត​បី​ដង​ឲ្យ​គណបក្ស​ប្រជា​ធិបតេយ្យ។​ប៉ុន្តែ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២០​នេះ​ អ្នកស្រី​និយាយ​ថា៖​

«ក្នុង​ឆ្នាំ​២០០២​នេះ​អាហ្នឹង​ស៊ីសង ​ពេល​យើង​មើល​ព័ត៌មាន​រាល់​ថ្ងៃ​ទៅ​ យើង​ដឹង​ថា​យ៉ាង​ម៉េច​ អី​យ៉ាង​ម៉េច​ ​ចាំ​យើង​គិត​មើល​តាម​ហ្នឹង។ ​ខ្ញុំ​មិន​ទាន់​ច្បាស់​ក្នុង​ចិត្ត​ទេ។ ​ខ្ញុំចាំ​មើល​សិន!»

អ្នកស្រី​បន្ថែម​ថា ​កន្លង​មក​អ្នក​ស្រី​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ធិបតេយ្យ​ដែលមាន​គោល​នយោបាយ​ល្អ​អំពី​ប្រាក់​ចូល​និវត្តន៍​ ​ព្រោះ៖

«នឹក​ឃើញ​ថា​ គណបក្ស​ប្រជា​ធិបតេយ្យ​ជួយ​យើង​ ​ពេល​យើង​ចាស់​ទៅ​...នឹក​ឃើញ​អ៊ីចឹង​ទេ»។

លោកឈាង ស៊ី​ដែល​ស្អប់​ពាក្យ​«ប្រជា​ធិបតេយ្យ»​ដោយ​សារ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ប៉ុល ពត​ក៏​មិន​ទាន់​សម្រេច​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ដែរ។

«រឿង​នេះ​និយាយ​ទៅ​ដូច​ថា ​ ឆាប់​ឲ្យ​ពិន្ទុ​ពេក។​បើខ្ញុំ​ឆ្លើយ​ថា​បោះឲ្យ​អ្នកណា ​ ​ហាក់​ដូច​ជាខ្ញុំ​ដាក់​ទោស​អ្នក​ណា​មួយ​មុន​ការ​កាត់​សេចក្តី»។​

លោកឈាង ស៊ី​បាន​បោះ​ឆ្នោត​ឲ្យ​លោក​បារ៉ាក់​អូបាម៉ា​និង​លោក​ស្រី​ហ៊ីលឡារី​គ្លីតុន​ ក្រោយ​ពី​បាន​ចូល​សញ្ជាតិ​នៅ​ឆ្នាំ​២០០០ ។​ ទោះជា​យ៉ាង​ណា​លោក​បង្ហាញ​ជំហរគាំទ្រ​គោល​នយោបាយ​របស់​គណបក្ស​សាធារណ​រដ្ឋ ​ដែល​លោក​ថា ​«គោល​នយោបាយ​សាច់​ការ»​ឧទាហរណ៍លោក​ត្រាំ​យក​ចិត្ត​ទឹក​ដាក់​រឿង​ឥទ្ធិពល​ចិន​នៅ​អាស៊ី​ ​ជាពិសេស​សកម្ម​ភាព​យោធា​ចិន​នៅ​ប្រទេស​កម្ពុជា ​ដោយ​បាន​សរសេរ​លិខិត​ទៅ​លោក​ហ៊ុន សែន។

«សួរ​ចំៗ! នេះ​បាន​ន័យ​ថា ​ ដៃដល់​ហើយ​ណា៎។​មិន​មែន​ប្រើ​ស្នេហ៍​លួង​លោម​បបោស​អង្អែល​អី​ទេ»។​

លោក​ប៉ោ ស៊ា​ជា​ស្វាមី​អ្នកស្រី​ប៉ោ សាមឿន​និង​ជា​អតីត​ទាហាន​សាធារណ​រដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ដោយ​ស.រ.អា.​ក្នុង​ទស​វត្សរ៍​១៩៧០​ក៏​យល់​ស្រប​ដែរ។​

«នយោបាយ​សាធារណ​រដ្ឋ ​ ខ្ញុំយល់​ឃើញ​ថា​ កងទ័ព​កម្លាំង​ខ្លាំង។​គណបក្ស​សាធារណ​រដ្ឋ​គាំទ្រ​ខាង​យោធា»។​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​នៅ​ទីក្រុង​ Richmond​ ​រដ្ឋ ​Virginia ​ទោះជា​គាំទ្រ​គណបក្ស​ផ្សេង​គ្នា​ក៏​ដោយ ​ក៏ពួក​គាត់​មាន​មោទន​ភាព​រួមគ្នា​ថា​ ​រដ្ឋាភិបាល​ស.រ.អា.​ទោះជា​គណបក្ស​ណា​កាន់​រដ្ឋាភិបាល​ក៏​ដោយ​ ​មាន​គោល​នយោយជា​អាទិភាពដូច​គ្នា​គឺ​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​អាមេរិកាំង​ទាំង​ ស៊ីវិល​ ​ទាំង​ទាហាន។​

ក្រោយ​ពី​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​វត្តខ្មែរ​សាមគ្គី​នៅ​ទីក្រុង​ Richmond​ ​រដ្ឋ Virginia កាល​ពី​ថ្ងៃ​អាទិត្យ​ ​លោក​អ៊ុង ឃួត​ប្រាប់​វីអូអេ​ថា៖

«ព្រោះ​គេ​ស្រឡាញ់​ប្រជា​ពលរដ្ឋ​គេ​ណាស់ !មិនដូច​ប្រទេស​នានា​ទេ! ប្រទេស​ខ្លះ​ គេអត់​ស្រឡាញ់​ប្រជា​ពល​រដ្ឋ​ទេ ។​ គេ​គិត​តែ​រឿង​អំណាច​របស់​គេ​ការពារ​តែ​រដ្ឋាភិបាលរបស់​គេ។​ គេ​អត់​មាន​ការពារ​ប្រជា​ពលរដ្ឋ​ទេ។ ​ប៉ុន្តែ​ស.រ.អា.​ខុសពី​ប្រទេស​ដទៃ»។

លោក​ថ្លែង​ដូច្នេះ​គឺ​យោង​ដល់​ការ​បាញ់​មីស៊ីល​របស់​អ៊ីរ៉ង់​ លើ​មូលដ្ឋាន​អាមេរិក​នៅ​អ៊ីរ៉ាក់និង​ការ​បាញ់​យន្តហោះ​ស៊ីវិល​អ៊ុយក្រែន​នៅ​ប្រទេស​អ៊ីរ៉ង់។​ លោក​ថា ​បើ​មាន​ពលរដ្ឋ​អាមេរិកាំង​ស្លាប់​ក្នុង​ព្រឹត្តិ​ការណ៍​ពីរ​នេះនោះ​រដ្ឋាភិបាល​អ៊ីរ៉ង់​មិន​អាច​នៅ​សុខ​ឡើយ។​ លោក​គាំទ្រ​គណបក្ស​សាធារណ​រដ្ឋ​ ព្រោះ​គណបក្ស​នេះ​មាន​ជំហរ​ច្បាស់​លាស់​ជាង​គណបក្ស​ប្រជា​ធិបតេយ្យ​ក្នុង​ការ​ការពារ​អាយុ​ជីវិត​ពល​រដ្ឋ។​

លោក​សាន អឿន​គាំទ្រ​គោល​នយោបាយ​សន្តិសុខ​របស់លោក​ត្រាំ​ដែល​បាន​កម្ចាត់​មេ​ភេរវកម្ម​យ៉ាង​តិច​៣​នាក់​ក្នុង​អាណត្តិ​ជិត​៤​ឆ្នាំ​ដែល​លោក​សាន អឿន​ហៅថា​គោល​នយោបាយ​«ការពារ​ខ្លួន»។

«ហើយ​ពេល​ថ្មី​នេះ​ទៀត ឃើញ​ស្រាប់​ហើយ​ ​បាន​បាញ់​ខ្មាំង​មួយ​ដ៏​មហា​អស្ចារ្យ​ដែល​ល្បីខាង​បាត​ដៃ​ប្រឡាក់​ឈាម ​ដែល​ពូកែ​សម្លាប់»។​

លោក ​ផាក់ វាសនា​ចូល​សញ្ជាតិ​នៅ​ឆ្នាំ​១៩៩៣ ​តែ​មិន​ដែល​បាន​បោះឆ្នោត​ទេ​ ទោះជា​ មិត្តភក្តិ​បាន​បបួល​លោក​ទៅ​បោះឆ្នោត​ជាច្រើន​ដង​ហើយ​ក៏​ដោយ។​ ​លោក​តាំង​ចិត្ត​ថា​ នឹង​ទៅ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២០​នេះ។​

«ខ្ញុំ​គិត​ទាំង​ពីរ ​បញ្ហា​សេដ្ឋកិច្ច​ក៏​គិត ​បញ្ហា​នយោបាយ​ការ​បរទេស​ក៏​គិត​ដែរ​បាទ។​ទីមួយ​បាទ ខាង​សេដ្ឋ​កិច្ច​ក្នុង​ស.រ.អា.​គួរ​សម​ដែរ​បាទ។ ​ពាណិជ្ជ​កម្ម​រវាង​អាមេរិក​និង​ចិន​បាន​ត្រូវ​គ្នា​ហើយ​បាទ»។​

ទស្សនៈ​ខុសគ្នា​រវាង​គណបក្ស​ប្រជា​ធិបតេយ្យ​និង​គណបក្ស​សាធារណ​រដ្ឋ​មិន​មែន​មាន​ត្រឹម​នៅ​រដ្ឋសភា​និង​ព្រឹទ្ធ​សភា​ទេ ​គឺ​មាន​រហូត​ដល់គ្រួសារពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​Richmondរដ្ឋ​Virginia​ផង​ដែរ។​

លោក​ប៉ោ ស៊ា​ជា​ស្វាមី​អ្នកស្រី​ប៉ោ សាមឿន​និង​ជា​អតីត​ទាហាន​របប​សាធារណ​រដ្ឋ​ខ្មែរ​គាំទ្រ​ដោយ​ស.រ.អា.​នៅទសវត្សរ៍​១៩៧០​ឲ្យដឹង​ថា ​ កូន​របស់​លោក​ក៏​គាំទ្រ​គណបក្ស​ផ្សេង​គ្នា​ដូច​លោក​និង​ភរិយា​ដែរ​គឺ​ពីរ​នាក់​ដែល​ធ្វើ​ទាហាន​គាំទ្រ​គណបក្ស​សាធារណ​រដ្ឋ​ ​រី​ឯ​ពីរ​នាក់​ទៀត​គាំទ្រ​គណបក្ស​ប្រជា​ធិប​តេយ្យ៕​

XS
SM
MD
LG